ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំកម្ពុជា បង្ហោះសារប្តេជ្ញាធ្វើឲ្យទំនាក់ទំនងអាមេរិក-កម្ពុជា កាន់តែរឹងមាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2019 ក+ ក-

ភ្នំពេញ ៖ លោក W. Patrick Murphy ដែលជាឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំកម្ពុជា និងភរិយារបស់ លោក គឺអ្នកស្រី Kathleen បានបង្ហោះវីដេអូខ្លីមួយ នៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក នៅថ្ងៃទី១៣ ខែកញ្ញា នេះ ដើម្បីណែនាំខ្លួនជាមុន មកកាន់ប្រជាពលរដ្ឋកម្ពុជា។ នៅក្នុងវីដេអូ ឃ្លីប នេះ លោកឯកអគ្គរដ្ឋទូតរូបនេះ បានប្តេជ្ញាធ្វើឲ្យទំ នាក់ទំនងកម្ពុជា-អាមេរិក កាន់តែល្អប្រសើរ និង រឹងមាំ។

នៅក្នុងឃ្លីប វីដេអូដែលត្រូវបានបង្ហោះនៅថ្ងៃនេះ លោក Patrick Murphy ឯកអគ្គរដ្ឋទូត អាមេរិកថ្មី ប្រចាំកម្ពុជា បានប្តេជ្ញាចិត្តថា នឹងខិតខំពង្រឹងទំនាក់ទំនងរវាងអាមេរិក-កម្ពុជា លើវិស័យ នានា និងគាំទ្រកម្ពុជា ដើម្បីឲ្យមានភាពរឹងមាំ រុងរឿង និង មានលទ្ធិប្រជាធិបតេយ្យ។ អគ្គរដ្ឋទូតថ្មី អាមេរិកប្រចាំកម្ពុជា នាពេលនេះ គឺក្រោយពេលដែលអាមេរិក គ្មានអគ្គរដ្ឋទូតប្រចាំ កម្ពុជា ជិតមួយ ឆ្នាំហើយ ដែលមានតែភារធារី លោក Michael Newbill ជាអ្នកចាត់តាំង គ្រប់គ្រង ជាឯកអគ្គរដ្ឋទូត ស្តីទីប៉ុណ្ណោះ។ លោក Patrick Murphy នឹងមកជំនួសអគ្គរដ្ឋទូតចាស់ លោក វីលៀម ហេដស៍ មានភរិយាជាជនជាតិខ្មែរ ដែលបានចប់អាណត្តិកាលពីឆ្នាំមុន។

លោកបានបញ្ជាក់នៅក្នុងវីដេអូនោះថា លោកបានមកកាន់កម្ពុជា ច្រើនលើកមកហើយ ក្នុងនាមជា អ្នកការទូត និងជាមួយក្រុមគ្រួសារ ដែលបានទៅទស្សនាតំបន់បេតិកភណ័្ឌជាតិ ជាច្រើនរបស់កម្ពុ ជា។ទោះយ៉ាងនេះក្តី គេនៅមិនទាន់ដឹងថា លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំ កម្ពុជា នឹងមកដល់កម្ពុជានៅពេលណានោះទេដោយលោកគ្រាន់តែបញ្ជាក់ថា ក្នុងពេលឆាប់ៗ ខាង មុខនេះ។

គួររំលឹកដែរថា កាលពីសីហា ឆ្នាំ២០១៩ ព្រឹទ្ធសភាអាមេរិក បានអនុម័តយល់ព្រមលើសំណើឲ្យ លោក Patrick Murphy ធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា។ ទំនាក់ទំនងកម្ពុជាអាមេរិក ក្នុងរយៈ ពេលចុងក្រោយ ហាក់ជួបនូវភាពរកាំរកូសច្រើន ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ថា កម្ពុជាមិនដែលចាត់ទុកអាមេរិកជាសត្រូវនោះទេ ប៉ុន្តែអាមេរិក ក៏ត្រូវគោរពចំពោះអធិបតេយ្យភាព ជាតិ និងច្បាប់របស់កម្ពុជាដែរ៕