សត្វស្លាបចម្រុះនៅតំបន់សហគមន៍ស្រុកកំពង់ត្រឡាចកំពុងរងការគំរាមកំហែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 May, 2025 ក+ ក-

សត្វស្លាបចម្រុះជាច្រើនលានក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចុះប្រមូលផ្តុំគ្នា នៅតាមតំបន់សហគមន៍មេទឹកនៅចំណុចបឹងជ្បុច បឹងថ្មី និងបឹងប្រា ស្ថិតនៅក្នុងភូមិស្តីបាលិច ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ជាប់ព្រំប្រទល់ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។


ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិនៅតំបន់នោះអោយដឹងថា ទីតាំងនេះជាកន្លែងសំបូរទៅដោយសត្វស្លាបប្រភេទកម្រ ចម្រុះរស់នៅជាប្រចាំមានដូចជា សត្វកុក សត្វក្លុំ សត្វដុំដោ មាន់ទឹក ក្អែកទឹក ក្រសារ ក្រៀល ត្រយ៉ង។ល។ ប៉ុន្តែត្រូវគេមើលឃើញថាហាក់ពុំទទួលការចាប់អារម្មណ៍យកចិត្តទុកដាក់ពីអាជ្ញាធរជំនាញពាក់ព័ន្ធ ក្នុងការចុះពិនិត្យឬអភិរក្សនោះឡើយ។ ម៉្យាងវិញទៀតនៅតំបន់នេះមានបឹងអភិរក្សតិចតួចបំផុត កំពុងរងការគំរាមកំហែងដោយភាពរាំងស្ងួត គោករាក់។ជាពិសេសមានប្រជាពលរដ្ឋមួយចំនួនកំពុងបូមទឹកចាប់ត្រី និងខ្លះប្រើឧបករណ៍ឆក់យកត្រី ជាហេតុធ្វើអោយបាត់បង់ចំណីរបស់សត្វស្លាប និងពូជមេត្រីផងដែរ ។

ពួកគាត់សំណូមពរអាជ្ញាធរ ជំនាញពាក់ព័ន្ធ មេត្តាចុះ
ពិនិត្យទប់ស្កាត់ ការបូមទឹកចាប់ត្រីនៅចំណុចមេទឹកនេះផង។ បើពុំនោះទេប្រាកដជាបាត់បង់ប្រយោជន៍ជាតិ និងផលប្រយោជន៍រួមក្នុងសហគមន៍ជាក់ជាមិនខាន។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បញ្ជាក់ថា លោកនឹងចាត់អោយមន្ត្រីចុះពិនិត្យមើលសិន។ ដោយឡែកលោក
ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង អោយដឹងនៅថ្ងៃទី០១ ខែឩសភា នេះថា បើពិនិត្យទៅលើរឿងនេះគឺស្ថិតក្នុងដែនសមត្ថកិច្ចជំនាញជលផល រដ្ឋ
បាលព្រៃឈើ សហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការអប់រំណែនាំប្រជាពលរដ្ឋអោយបានយល់ដឹងពីផលប៉ះពាល់ទាំងនេះ។


លោក ម៉ន ផល្លា បន្ថែមថា បើនិយាយអំពីធនធានធម្មជាតិ រាប់បញ្ចូលទាំងពពួកសត្វស្លាបនេះផងដែរ គឺមានសារៈសំខាន់និងអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះប្រទេសជាតិ។បើសិនយើងថែរក្សាអភិរក្សបាន អាចនាំភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកទស្សនាកំសាន្ត។បានផលចំណូលដល់សហគមន៍និងប្រជាពលរដ្ឋយើង នៅនឹងមូលដ្ឋានផ្ទាល់តែម្ដង។ប្រភេទធនធានធម្មជាតិនេះដែរគឺជាផ្នែកមួយ ជួយសម្រួលដល់ជីវភាពកូនចៅប្រជាពលរដ្ឋយើង ។
លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ធ្វើយ៉ាងណាថែរក្សាអភិរក្សធនធានធម្មជាតិយើងឱ្យបានគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយ និងជាប្រយោជន៍សម្រាប់ជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋាន តាមរយៈសេវាទេសចរណ៍ធម្មជាតិជាដើម៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/J6fHp_66eQM