អង្គការស្បៀងអាហារពិភពលោក ហៅកាត់ថា FAO ដែលមានទីតាំង នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បានចេញរបាយការណ៍ មួយនៅថ្ងៃព្រហស្បតិ៍ទី១៦តុលា ស្តីអំពីសន្តិសុខស្បៀងអាហារពិភពលោក និងការប្រយុទ្ធប្រឆាំងនឹងការអត់ឃ្លាន។ របាយការណ៍នេះ បានផ្តោតធ្ងន់ទៅលើ ការជួយទំនុកបំរុងដល់កសិករក្រីក្រ ដែលមានដីស្រែចំការបន្តិចបន្តួច ឲ្យពួកគេអាចទទួលបានភោគផល គ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិត និងរួចផុតពីភាពអត់ឃ្លាន។
យោងតាមរបាយការណ៍របស់អង្គការស្បៀងអាហារ ពិភពលោក ដែលបានចេញនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ មានគ្រួសារកសិករក្រីក្រចំនួនប្រមាណជា ៥០០លាន គ្រួសារ នៅក្នុងពិភពលោក ដែលធ្វើស្រែចំការ ជាមួយនឹងផ្ទៃដី ដែលមានទំហំតិចតួចបំផុត ចន្លោះពី ១ទៅ ៥ហិកតា។ ប្រជាជនទាំងនោះ ដែលសុទ្ធសឹងតែជាកសិករក្រីក្រ កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន ដោយការខ្វះស្បៀងអាហារ ព្រោះថាផលដែលពួកគេទទួលបាន វាមិនគ្រប់គ្រាន់ទៅតាម តំរូវការក្នុងការចិញ្ចឹមជីវិត។
លោកនាយកអង្គការស្បៀងអាហារពិភពលោក បានមានប្រសាសន៍ថា កសិករក្រីក្រទាំងនោះ មិនមែនជាបញ្ហានោះទេ តែពួកគាត់គឺជាដំណោះស្រាយ។ មានន័យថា ចង់លប់បំបាត់ភាពក្រីក្រ និងការអត់ឃា្លន គឺពួកគាត់នេះឯង ដែលជាតួអង្គសំខាន់ក្នុងការដោះស្រាយ។ លោកបន្តថា យន្តការពីរធំៗ ដែលអាចជួយជំរុញ ប្រជាកសិករក្រីក្រ ឲ្យទទួលបានផលល្អប្រសើរ ដើម្បីចិញ្ចឹមជីវិត លុះណាតែ ពួកគាត់មានដើមទុនគ្រាប់គ្រាន់ និងមានចំណេះដឹងច្បាស់លាស់ក្នុងការដាំដុះ។
ទាក់ទិនទៅនឹងបញ្ហាកង្វះដើមទុនរបស់កសិករ កម្ចីឥណទានខ្នាតតូច ពីស្ថាប័នរដ្ឋ និងឯកជន គឺជាមធ្យោបាយតែមួយគត់ ដែលអាចអនុញ្ញាតឲ្យកសិករក្រីក្រ មានលទ្ធភាព ពង្រីកមុខរបរ រឺចំណាយទៅក្នុងការដាំដុះរបស់ខ្លួន។ មួយវិញទៀត អាជ្ញាធររដ្ឋ មានតួនាទី ផ្តល់ប្រឹក្សា ដល់កសិករ ពីរបៀបដាំដុះ មិនមែនបណ្តោយឲ្យពួកគាត់ ធ្វើតាមតែយថាកម្មនោះទេ។ រដ្ឋក៏ត្រូវជំរុញ ឲ្យមានការស្រាវជ្រាវថ្មីៗបន្ថែម លើវិស័យកសិកម្ម ព្រមទាំងជំរុញលើកកម្ពស់ ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ។ ទិសដៅរបស់អង្គការស្បៀងអាហារពិភពលោក គឺ ជំរុញការដាំដុះរបស់កសិករទាំងនោះ ឲ្យមានលក្ខណៈទំនើប ចាកផុតពីការដាំដុះដើម្បីបង្គ្រប់តែហូប ឈានទៅដល់ការប្រមូលផលដើម្បីលក់បន្ត។
សូមបញ្ជាក់ថា មានប្រជាជនប្រហែលជា៨០០លាននាក់ ដែលរស់នៅក្នុងភាពក្រីក្រ ហើយដែលភាគច្រើនលើសលប់ គឺជាកសិករដែលមានដីស្រែចំការបន្តិចបន្តួច កុំថាឡើយដាំដុះយកទៅលក់ សូម្បីតែហូបមាត់ឯងមិនគ្រប់ផង។ មិនត្រឹមតែប៉ុណ្ណោះ កសិករក្រីក្រទាំងនោះ ជានិច្ចជាកាល រស់នៅក្នុងប្រទេសដែលពុំមានការការពារផ្លូវច្បាប់ ឲ្យបានត្រឹមត្រូវ ហើយដែលធ្វើឲ្យពួគគេ ក្លាយជាជនរងគ្រោះ ដោយការរំលោភបំពានយកដីធ្លី ពីសំណាក់ក្រុមហ៊ុនវិនិយោគបរទេស និងអាជ្ញាធរ ដែលឃប់ឃិតដោយអំពើពុករលួយ៕ ប្រភព ៖ rfi
ស្បៀងអាហារប្រមាណ ៨០% នៅទូទាំងពិភពលោក គឺផលិតចេញពីកសិកម្មជាលក្ខណៈគ្រួសារ (FAO)