មន្ត្រី​នាំពាក្យ​រដ្ឋសភា​បកស្រាយ​រឿង​ពុករលួយ​នៅក្នុង​សភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 November, 2014 ក+ ក-

​ភ្នំពេញ​៖​មន្ត្រី​នាំពាក្យ​នៃ​រដ្ឋសភា​បាន​បដិសេធ ថា ស្ថាប័ន​នីតិប្បញ្ញត្តិ​មិនបាន​ប្រព្រឹត្ត​អំពើពុក រលួយ និង​បក្សពួកនិយម​ដូចដែល​អនុប្រធាន​គណៈ​កម្ម​ការ​ទី​២​នៃ​រដ្ឋសភា​ចោទ ប្រកាន់​ថា ស្ថាប័ន​បង្កើត​ច្បាប់​មួយ​នេះ បាន​ប្រើប្រាស់​ថវិកា​មិន​ច្បាស់លាស់​អាចជា​ប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ដោយ​ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​ដើម្បី​ស៊ើបអង្កេត​លើ​ករណីនេះ​។​

​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិ​ការ​អន្តរជាតិ ឃោសនាការ​និង​ព័ត៌មាន​លោក ឈាង វុន បកស្រាយ​ថា ស្ថាប័ន​សភា​បាន​ប្រើប្រាស់​ថវិកា​ស្វយ័ត​ដែល​មិនអាច​ឲ្យ​ធ្វើការ​ស៊ើប អង្កេត​លើ​ការប្រើប្រាស់​ថវិកា​របស់​ខ្លួន​នោះឡើយ​។​
​លោក ឈាង វុន បាន​ថ្លែង​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៃ​វេទិកា​ប្រចាំខែ​ក្នុង ទំនាក់ទំនង​រវាងរ​ដ្ឋ​សភា និង​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១១ វិច្ឆិកា ថា លោក សុន ឆ័យ ជា​អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​នៃ​សវនកម្ម​នៃ​រដ្ឋសភា បានធ្វើ​ការខុស​នីតិវិធី​របស់​រដ្ឋសភា​ដែល​ចង់​បង្កើត​គណៈកម្មការ ស៊ើបអង្កេត​លើ​ការប្រើប្រាស់​ថវិកា​របស់​សភា​នោះ​។​

លោក ឈាង វុន បញ្ជាក់ថា លោក សុន ឆ័យ បាន​ចោទប្រកាន់ថា ការទិញ​ម៉ាស៊ីនថតចម្លង​១​មានតម្លៃ ៣៥.០០០​ដុល្លារ (​បី​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​) នោះ គឺជា​ការចោទប្រកាន់​ខុស​។ លោក​អះអាងថា គម្រោង​ថវិកា​ចំណាយ​ក្នុង​ឆ្នាំ​២០១៥​នេះ គឺ​ទិញ​ម៉ាស៊ីនថតចម្លង​ចំនួន ៤​គ្រឿង ដែល​គេ​នឹង​ចំណាយ​ចំនួន ៣​ម៉ឺន ៥​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​នេះ​៖ «​ថវិកា រដ្ឋសភា​ជា​ថវិកា​ស្វយ័ត​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ពិភាក្សា​រួចហើយ កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​ត្រូវ​បញ្ចូល​ទៅក្នុង​ថវិកាជាតិ ដើម្បី​ឲ្យ​រដ្ឋសភា​អនុម័ត​នៅ​ថ្ងៃមុខ ឯកសារ​នេះ​ជា​ឯកសារ​ដែល​កំពុងតែ​ពិភាក្សាគ្នា ហើយ​ឯកសារ​ហ្នឹង​ឯកឧត្តម សុន ឆ័យ គាត់​បាន​ឯកសារ​នេះ តែ​មិនមែនជា​ការចំណាយ​ទេ គ្រាន់តែ​ជា​គម្រោង​នៃ​ការចំណាយ​»​។​

ទោះជា​យ៉ាងនេះ​ក្ដី លោក ឈាង វុន មិនបាន​ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​ដែល​សួរថា តើ​ម៉ាស៊ីនថតចម្លង​ដែល​សភា​គ្រោង​ទិញ​នេះ​ប្រភេទ​អ្វី មាន​លេខ​កូដ​ប៉ុន្មាន​នោះទេ​?

អនុប្រធាន​គណៈកម្មកា​រ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​និង​សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ មានប្រសាសន៍ថា អ្វីដែល​បានធ្វើ​គឺ​បំពេញ​តួនាទី​ជា​តំណាងរាស្ត្រ​។ លោក​បញ្ជាក់ថា គម្រោង​ថវិកា​ឆ្នាំ​២០១៥ សម្រាប់​ប្រើប្រាស់​ក្នុង​រដ្ឋសភា​នេះ ឃើញថា ចំណុច​ខ្លះ​មាន​ភាពមិនប្រក្រតី​ដូចជា​ការទិញ​សម្ភារៈ​ផ្សេងៗ និង​ម៉ាស៊ីនថតចម្លង​នេះ​ជាដើម​៖ «​យើង​ជា​ស្ថាប័ន​ស្វយ័ត មិនមែន​យើង​ធ្វើ​អី​តាមតែ​អំពើ​ចិត្ត​ទេ ។គោលការណ៍ និង​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ក៏មាន​ចែង​អំពី​រដ្ឋសភា​អាច​នឹង​បង្កើត​គណៈកម្មការ​ពិសេស ដើម្បី​ធ្វើការ​អង្កេត​ភាពមិនប្រក្រតី​នៅក្នុង​ស្ថាប័ន​ខ្លួន​ដែរ ហើយនឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ បើ​រកឃើញថា មាន​អំពើពុករលួយ​»​។​

ការបង្ហាញ​របាយការណ៍​មិន​ប្រក្រតី​ក្នុងការ​ប្រើប្រាស់​ថវិការ​បស់ ស្ថាប័ន​នីតិប្បញ្ញត្តិ​នេះ នៅមុន​ពេល​សភា​នឹង​អនុម័ត​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៥​។ ច្បាប់​ថវិកាជាតិ​ដែល​សភា​គ្រោង​នឹង​អនុម័ត​នោះ​មាន​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ច្បាប់​ថវិកាជាតិ​នេះ គណៈកម្មការ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​សវនកម្ម បាន​ឯកភាពគ្នា​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១០ វិច្ឆិកា​។​

លោក សុន ឆ័យ បញ្ជាក់ថា ទោះបីជា​ការពិភាក្សាគ្នា​អំពី​ច្បាប់​ថវិកាជាតិ​គណៈកម្មកា​រ​រលោក​បាន ឯកភាពគ្នា​ទាំងស្រុង​ក្ដី តែ​លោក​នៅតែ​ស្នើសុំ​ឯកសារ​ស្ដីពី​របាយការណ៍​ចំណូល​ចំណាយ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដដែល ព្រោះ​ច្បាប់​ថវិកាជាតិ​នេះ នៅមាន​ភាពខ្វះ​ចន្លោះ​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការប្រមូល​ពន្ធ​ពី ប្រេងសាំង និង​ពន្ធ​ពី​វិស័យ​កាស៊ីណូ​។​

ទាក់ទង​នឹង​បុគ្គលិក​ធ្វើការ​នៅ​រដ្ឋសភា​វិញ លោក ឈាង វុន បាន​ពន្យល់ថា លោក សុន ឆ័យ បាន​បញ្ចេញ​របាយការណ៍​ខុស​ដែលថា បុគ្គលិក​សភា​ទាំងអស់​មាន​ជាង ២​ពាន់​នាក់​នោះ​។ លោក​បញ្ជាក់ថា បុគ្គលិក​សភា​ជាក់ស្ដែង​មាន ១.៣៣៩​នាក់​។ តែ​លោក ឈាង វុន ក៏​ទទួលស្គាល់ថា បុគ្គលិក​សភា​មាន​ចំនួន​ច្រើន​បន្តិច​មែន ហើយ​លោក​បានស្នើ​ឲ្យ​កាត់បន្ថយ​បុគ្គលិក​ចាស់ៗ​ខ្លះ និង​មួយចំនួនទៀត​ត្រូវ​ឲ្យ​ចូលនិវត្តន៍ នឹងត្រូវ​ជ្រើសរើស​ជំនួស​មកវិញ​ក្រុម​បញ្ញវន្ត​។​

លោក ឈាន វុន លើក​ពី​មូលហេតុ​ធ្វើ​ឲ្យ​សភា​មាន​បុគ្គលិក​ច្រើន​នេះ​ថា មកពី​ឆ្នាំ​១៩៩៣​នោះ ដោយ​រដ្ឋាភិបាល​ចង់​ឲ្យ​មានការ​បង្រួបបង្រួម​ជាតិ គឺ​បាន​យក​បុគ្គលិក​ពី​គណបក្សនយោបាយ​ចំនួន​៤ ឲ្យ​ចូលរួម​ធ្វើការ​ក្នុង​រដ្ឋសភា​។​

បន្ថែម​ពីលើ​នេះ​ទៀត លោក ឈាង វុន បញ្ជាក់ថា លោក មិត្ត ការ៉េ​ន អតីត​ជា​អគ្គនាយក​ហិរញ្ញវត្ថុ​និង​រដ្ឋបាល​នោះ មានកូន​ក្មួយ​ធ្វើការ​នៅក្នុង​រដ្ឋសភា​មែន លោក​អះអាងថា កូនចៅ​លោក មិត្ត ការ៉េ​ន នេះ​បាន​ចូលធ្វើការ​ជាច្រើន​ដំណាក់កាល​តាំងពី​អាណត្តិ​ទី​១ មកម្ល៉េះ តែ​មិនមែនជា​បក្សនិយម​ទេ ហើយក៏​មិន​ខុសច្បាប់​អ្វី​ដែរ​។​

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក សុន ឆ័យ បញ្ជាក់ថា ស្ថាប័ន​សភា​គិតពី​អាណត្តិ​ទី​១ ដល់ទី​អាណត្តិ​ទី​៣ មាន​បុគ្គលិក​ប្រមាណ ៥០០​នាក់​ទេ ដោយឡែក​នៅក្នុង​អាណត្តិ​ទី​៤ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​សភា​ទាំងមូល ហើយក៏​មិនមាន​ការបង្រួបបង្រួម​ដូច​អាណត្តិ​ទី​១​នោះទេ​។​

លោក សុន ឆ័យ បញ្ជាក់ថា ទោះបីជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​អាចមក​ធ្វើការ​ស៊ើបអង្កេត ស្ថាប័ន​នីតិប្បញ្ញត្តិ​នេះ​ក្ដី ក៏ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​សភា​ត្រូវមាន​ឆន្ទៈ​ក្នុងការ អនុញ្ញាត​ឲ្យ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ឬ​បង្កើត​គណៈកម្មការ​រប​ស់​ខ្លួន ដើម្បី​ស៊ើបអង្កេត​ស្ថាប័ន​សភា​ដែលជា​ស្ថាប័ន​កំពូល​បង្កើត​ច្បាប់ សម្រាប់​ឲ្យ​ស្ថាប័ន​ប្រតិបត្តិ​អនុវត្ត​នោះ​៕Untitled-4

 

 

 

 

លោក ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​