ផលប៉ះពាល់​ដែល​បង្កដោយ​តេន​ញ៉ា និង​ការការពារ​កុំឱ្យ​កើតមាន​តេន​ញ៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2016 ក+ ក-

​សុខភាព​៖​តេន​ញ៉ា​គឺជា​ប្រភេទ​ដង្កូវ​តូចៗ​ម្យ៉ាង​ដែលមាន​រាង​សំប៉ែត និង​ពណ៌​ស ហើយ​មាន​ប្រវែង​ពី​៥​ម៉ែត្រ​ទៅ​១០​ម៉ែត្រ​(​លូតលាស់ ដល់​កម្រិត​)​។ ជាទូទៅ​ពពួក​តេន​ញ៉ា​វា​ស្ថិតនៅក្នុង​ពោះវៀន រួច​វា​ចែកចេញជា​២​ប្រភេទ​គឺ តេន​ញ៉ា សា​ស៊ីណា​តា គឺជា​ប្រភេទ​តេន​ញ៉ា​ដែលមាន​ប្រភពពី​សត្វ​គោ និង​តេន​ញ៉ា សូ​យ៉ូ​ម គឺជា​ប្រភេទ​តេន​ញ៉ា​ដែលមាន​ប្រភពពី​សត្វ​ជ្រូក​។​
​រោគសញ្ញា​ភាគច្រើន​មិន​ស្ដែង​ឱ្យ​លោក​អ្នកដឹង​ទេ ប៉ុន្ដែ​ប្រសិន​ជាមាន​ក៏មាន​រោគសញ្ញា​ស្រាលៗ​ខ្លះ ដូចជា​ឈឺពោះ (​ឈឺ​ពេញ​ពោះ​តែម្ដង​) ជួនកាល​អ្នក​ជម្ងឺ​មាន​រាក ឬ​មាន​ជា​ទល់លាមក​។ ធម្មតា នៅពេលដែល​វា​ផ្ដាច់ចេញ​ជា​កង់ៗ រួច​វា​ធ្លា​ក់មក​ទំ​ជាប់​នឹង​ខោ​ទ្រនាប់​រហូត​ធ្វើឱ្យ​អ្នក​ជម្ងឺ​រមាស់​គូទ​។ ប្រសិន​ជាមាន​អាន់​ណូ ឬ​កូន តេន​ញ៉ា​ធ្វើ​ចលនា​ចូល​ទៅដល់​ខួរក្បាល វា​មាន​រោគសញ្ញា​ដូចជា​ធ្វើឱ្យ​អ្នក​ជម្ងឺ​ប្រកាច់ ឬ​មាន​លក្ខណៈ​ស្រដៀង​នឹង​មនុស្ស​ឆ្កួតជ្រូក​ដែរ​។​
​អាការរោគ​ដូច​បាន​រៀបរាប់​ខាងលើនេះ គឺ​វា​ធ្វើឱ្យមាន​ការប៉ះពាល់​ក្នុង​ខួរក្បាល​។ ជាធម្មតា​ប្រសិន​ជាមាន​ពពួក​ដង្កូវ​មាន នៅក្នុង​ពោះវៀន សារធាតុ​ទាំង​ប៉ុន្មាន​ដែលមាន​សារសំខាន់​ជួយ​ទ្រទ្រង់​សរីរាង្គ​របស់​មនុស្ស តេន​ញ៉ា​នឹង​ស្រូបយក​សារធាតុ​ទាំងអស់ ដែល​ធ្វើឱ្យ​សុខភាព​របស់​មនុស្ស ឬ​រាងកាយ​មានការ​ចុះខ្សោយ និង​ស្គមរីងរៃ​។​
​ដើម្បី​ការពារ​កុំឱ្យ​កើតមាន​តេន​ញ៉ា ពេល​ទទួលទាន​បន្លែ​ត្រូវតែ​លាង​សម្អាត​ឱ្យបាន​ស្អាត យក​ល្អ​ប្រសិនជា​អាច​ចម្អិន​បាន​រឹតតែ​ប្រសើរ ព្រោះ​ការ​ចម្អិន​បន្លែ​ឱ្យ​ឆ្អិន វា​ជួយ​សម្លាប់​នូវ​ពពួក​មេរោគ ឬ​ពពួក​ប៉ារ៉ាស៊ីត​ទាំងឡាយ​ដែល​មក​តោង​ជាប់​នឹង​បន្លែ​ដែល​លោកអ្នក​ទទួលទាន​។ រាល់ពេល​ដែល​ចេញ ពី​បង្គន់​ត្រូវ​លាងដៃ​ឱ្យបាន​ស្អាត​ជាមួយ​សាប៊ូ​។ សម្រាប់​ការទទួល​ទាន​អាហារ​សាច់​វិញ​ក៏ត្រូវ​ចម្អិន​ឱ្យបាន​ឆ្អិន​ល្អ​ផងដែរ​៕

images16