ចូល​គេង​យឺត​អាច​បង្ក​ការឡើង​ទម្ងន់ និង​ជំងឺ​ផ្សេងៗ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2016 ក+ ក-

​សុខភាព​៖​មាន​មិត្ត​យុវវ័យ​មួយចំនួន តែងតែ​ចូល​គេង​យឺត ដោយសារតែ​ហេតុផល​ការងារ និង​កិច្ចការ​ផ្ទាល់​ផ្ទាល់ខ្លួន​ផ្សេងៗ​។ ការចូល​គេង​យឺត​បែបនេះ បើតាម​ក្រុម​អ្នកស្រាវជ្រាវ​មួយចំនួន បង្ហាញថា អាច​នឹង​បង្កបញ្ហា​ឡើង​ទម្ងន់ និង​ជំងឺ​ផ្សេងៗ​បាន​។ ការសិក្សា​មួយ បានចេញ​ផ្សាយ​នៅក្នុង ទិនានុប្បវត្តិ​ឈ្មោះថា Obesity ដែល​បាន​ស្រាវជ្រាវ​ទៅលើ​ការចូល​គេង​យឺត​រាល់​យប់ បង្ហាញថា អាច​នឹង​បណ្ដាល​ឲ្យ​ញ៉ាំ​ច្រើន និង​ឡើង​ទម្ងន់​ឆាប់រហ័ស​។​
​ការសិក្សា​នេះ​បាន​ពិនិត្យ​ទៅលើ​ក្មេង​ជំទង់​៥១​នាក់ ដែល​ក្នុងនោះ​២៣​នាក់ ចូល​គេង​យឺត និង​២៨​នា​ក់ទៀតចូល​គេង​តាម​ពេល​ធម្មតា​។ នៅពេលនោះ ការសិក្សា បាន​បង្ហាញថា អ្នក​ដែល​ចូល​គេង​យឺត​ញ៉ាំ​ច្រើនជាង​មុន​។ បើ​គិត​ទៅលើ​ទំហំ នៃ​អាហារ ដែល​បាន​បរិភោគ អ្នក​ចូល​គេង​យឺត​ញ៉ាំ​អាហារ​ដែលមាន​ថាមពល​ប្រមាណ​២៤៨​កាឡូរី​ក្នុង មួយថ្ងៃ ច្រើនជាង​អ្នក​ដែល​ចូល​គេង​ទៀត​ទាត់​ពីរដង​។​
​ការសិក្សា​ដដែល ក៏បាន​បង្ហាញ​ផងដែរ​ថា អ្នក​ដែល​ចូល​គេង​យឺត អាច​នឹងធ្វើ​ឲ្យ ស​ន្ទ​ស្សន៍​ម៉ាស​សារពាង្គកាយ (BMI) ឡើង​កាន់តែ​ខ្ពស់ គឺ​ខ្ពស់ជាង​អ្នក​ដែល​ចូល​គេង​ធម្មតា ដែល​កត្តា​នេះ​នឹង​បណ្ដាល​ឲ្យ​សុខភាព​ប្រឈមមុខ​នឹង​ជំងឺ​ជាច្រើន​ទៀត ដូចជា ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​ជាដើម​៕

sleeping-beaut