សុខភាព៖ការស្រាវជ្រាវដែលដឹកនាំដោយលោក Joe Vinson សាស្ដ្រាចារ្យមកពីសាកលវិទ្យាល័យ Scranton នៅ Pennsylvania សហរដ្ឋអាមេរិកនេះ បានបង្ហាញថា ការញ៉ាំដំឡូងជារៀងរាល់ថ្ងៃ អាចបញ្ចុះសម្ពាធឈាមដែលឡើង បានយ៉ាងសក្ដិសិទ្ធិ ព្រមទាំងគ្មានការឡើងទម្ងន់ទៀតផង។
ទោះបីជា ក្រុមអ្នកស្រាវជ្រាវទាំងនេះបានប្រើប្រាស់ដំឡូងពណ៌ស្វាយ ដើម្បីធ្វើការសិក្សាក៏ដោយ ក៏ពួកគាត់បានអះអាងថា ដំឡូងប្រភេទផ្សេងទៀត ក៏មានប្រសិទ្ធភាពដូចគ្នាដែរ។
នៅក្នុងការសិក្សានេះ គេបានយកដំឡូងទៅចម្អិនដោយគ្មានប្រើប្រេង ឬគ្រឿងអ្វីផ្សេងលាយជាមួយនោះទេ ដែលធ្វើឲ្យគេរកឃើញថា តាមពិតទៅដំឡូងមិនមែនជាអាហារដែលមានកាឡូរីខ្ពស់នោះទេ គឺប្រសិនបើយើងមិនយកទៅបំពងក្នុងខ្លាញ់នោះទេ ដំឡូងមួយមានតែ ១១០កាឡូរីប៉ុណ្ណោះ ព្រមទាំងមានសារធាតុសំខាន់ៗចំពោះសុខភាពជាច្រើន រួមទាំងវីតាមីនផងដែរ។
លទ្ធផលនៃការស្រាវជ្រាវបានធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរ ដោយសារតែអ្នកដែលចូលរួមក្នុងការស្រាវជ្រាវទាំងអស់ មិនមានអ្នកណាម្នាក់ឡើងទម្ងន់ដោយសារញ៉ាំដំឡូងនោះទេ។ ដូច្នេះក្រោយពីមានការស្រាវជ្រាវនេះ ដំឡូងអាចនឹងកើនប្រជាប្រិយភាពរបស់ខ្លួនជាក់ជាមិនខាននោះទេ៕