​ផឹកទឹក​ប៉េងប៉ោះ​ពីរ​កែវ​ក្នុង​មួយថ្ងៃ​ជួយ​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 May, 2016 ក+ ក-

​សុខភាព​៖​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅក្នុង​ប្រទេស​កាណាដា​កាលពីពេល​ថ្មីៗ​នេះ​បានប្រកាស​ពី​ការរកឃើញ​នៃ​ការស្រាវជ្រាវ​របស់​ពួកគេ​ថា ការ​ផឹកទឹក​ប៉េងប៉ោះ​ពីរ​កែវជា​រៀងរាល់ថ្ងៃ​នឹង​អាចធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ ហើយ​អាច​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​ដែលជា​ជំងឺ​មួយ​កើតឡើង​ច្រើន​ចំពោះ​ស្ត្រី​។​
​សារធាតុ​សំខាន់​នៅក្នុង​ទឹក​ប៉េងប៉ោះ​ដែល​ផ្តល់​អត្ថប្រយោជន៍​ខាងលើ​គឺ​ត្រូវបាន​គេ​យល់ឃើញថា​ជា លី​កូ​ពី​ន​(Lycopene) ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ម្យ៉ាង ត្រូវបានគេទទួលស្គាល់​រួចហើយ​ថា អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការកើត​មហារីក​ប្រូ​ស្តា​ត​ចំពោះ​បុរស និង​មាន​ប្រយោជន៍​ការពារ​ប្រឆាំង​ចំពោះ​ជំងឺ​បេះដូង​ទៀតផង​។​
​រោគ​ពុក​ឆ្អឹង​ត្រូវបាន​គេ​រាយការណ៍​ថា បាន​កើតឡើង​ចំពោះ​មនុស្ស​រហូតដល់​ទៅ​៣​លាន​នាក់​នៅក្នុង​ចក្រភព​អង់គ្លេស​។ ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ តូ​រ៉ុ​ន​តូ ក្នុងប្រទេស​កាណាដា​បានស្នើ​សុំ​ឲ្យ​ស្ត្រី​វ័យ​អស់​រដូវ​ចំនួន​៦០​នាក់​ដែលមាន​អាយុ​ពី​៥០​ទៅ​៦០​ឆ្នាំ ឈប់​ទទួលទាន​អាហារ​ទាំងឡាយ​ដែល​ធ្វើ​ពី​ប៉េងប៉ោះ​រយៈពេល​មួយខែ​។​
​ការធ្វើ​បែបនេះ​បង្ក​ឲ្យ​មានការ​កើនឡើង​យ៉ាងខ្លាំង​នូវ​កម្រិត អិន តូ​ឡូ​ប៉ិ​ប​ទី​ដ​(N-tolopeptide) ដែលជា​សារធាតុ​មួយ​ត្រូវបាន​បញ្ចេញ​ទៅ​សរសៃឈាម​នៅពេលដែល​ឆ្អឹង​បម្រុង​នឹង​បាក់​។ ក្រោយមកទៀត​ក្នុង​រយៈពេល​៤​ខែ ស្ត្រី​ចូលរួម​ទាំងនោះ​ត្រូវបាន​គេ​ឲ្យ​ផឹកទឹក​ប៉េងប៉ោះ​ជា​រៀងរាល់ថ្ងៃ​ដោយមាន​សារធាតុ លី​កូ​ពី​ន ១៥​មិ​ល្លី​ក្រាម ឬ​លេបថ្នាំ​ដែលមាន​សារធាតុ​លី​កូ​ពី​ន​ក្នុង​បរិមាណ​១៥​មិ​ល្លី​ក្រាម​ដូចគ្នា​។​
​លទ្ធផល​បាន​បង្ហាញថា បន្ទាប់ពី​អ្នកចូលរួម​ផឹកទឹក​ប៉េងប៉ោះ ឬ​លេបថ្នាំ​ដែលមាន​សារធាតុ លី​កូ​ពី​ន ក្នុង​បរិមាណ ១៥​មិ​ល្លី​ក្រាម ជា​រៀងរាល់ថ្ងៃ​មក​គេ​សង្កេតឃើញ​មានការ​ធ្លាក់ចុះ​នៃ​កម្រិត អិន តូ​ឡូ​ប៉ិ​ប​ទី​ដ ជាច្រើន​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា ទឹក​ប៉េងប៉ោះ​ដែល​គេ​អា​ចរក​ទិញ​បាន​នៅតាម​ផ្សារ​ទំនើប​ក៏មាន​សារធាតុ លី​កូ​ពី​ន ល្អ​ដូចគ្នា​ជាមួយ​ថ្នាំ​ដែលមាន​ជាតិ លី​កូ​ពី​ន ដែរ​។​
​ព្រឹ​ត្ត​ប​ត្រ​ព័ត៌មាន Journal Osteoporosis International បាន​រាយការណ៍​ថា ការ​ផឹកទឹក​ប៉េងប៉ោះ​ពីរ​កែវ​ក្នុង​មួយថ្ងៃ​ដែល​រួមមាន​សារធាតុ​លី​កូ​ពី​ន ស្មើនឹង​១៥​មិ​ល្លី​ក្រាម​អាច​នឹង​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ​បានល្អ​៕

f92a50b890858912c3b1eecbcede30f2ff0493a7