ភ្នំពេញ៖ក្រុមអង្គការសង្គមស៊ីវិល និងគណ បក្សប្រឆាំង បានរិះគន់រាជ រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថាមានឆន្ទៈតិចតួចលើការប្រមូលពន្ធពីវិស័យកាស៊ីណូ ដែលកំពុងប្រតិបត្តិការរកស៊ីនៅប្រទេសកម្ពុជា។ ចំណែកខាងរាជរដ្ឋាភិបាលវិញអះអាងថា កម្ពុជា មិនមានច្បាប់ប្រមូលពន្ធលើវិស័យកាស៊ីណូនៅឡើយ។
ការរិះគន់ជាច្រើនពីមជ្ឈដ្ឋានអង្គការក្រៅរដ្ឋាភិបាល និងសមាជិកសភាមកពីគណបក្សប្រឆាំង បានចោទប្រកាន់ទៅលើក្រសួងសេដ្ឋកិច្ច និងសមាជិកសភា ដែលមានតំណែងនៅសភា ថាពុំបានយកចិត្តទុកដាក់លើការរៀបចំច្បាប់ និងការរឹតបន្តឹងលើការប្រមូលពន្ធលើវិស័យល្បែងស៊ីសងនៅប្រទេស កម្ពុជា បានគ្រប់ជ្រុងជ្រោយឡើយ។
ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការវិនិយោគកាស៊ីណូនៅប្រទេសកម្ពុជា គឺមានភាពមិនប្រក្រតីជាច្រើន តាមរយៈការផ្ដល់អាជ្ញាប័ណ្ណ ឬការផ្ដល់កិច្ចសន្យាធ្វើអាជីវកម្ម និងភាពអន់ខ្សោយនៃការអនុវត្តច្បាប់គ្រប់គ្រងកាស៊ីណូរបស់រាជ រដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែង តំបន់សំខាន់ៗដែលពេញនិយមសម្រាប់ការវិនិយោគកាស៊ីណូ គឺនៅតំបន់ព្រំដែនកម្ពុជា-ថៃ ព្រំដែនកម្ពុជា-វៀតណាម និងរាជធានីភ្នំពេញ។
លោក អ៊ូ វីរៈ មានប្រសាសន៍បន្ថែមទៀតថា ការវិនិយោគកាស៊ីណូនៅភ្នំពេញ បានប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែការអនុវត្តច្បាប់នៅធូររលុងពេក។ ម្យ៉ាងវិញទៀត កាស៊ីណូ គឺជាទីកន្លែងមួយសម្រាប់បង្វែរលុយមិនស្របច្បាប់ដែលបានមកពីអំពើ ពុករលួយ និងការលក់សម្បត្តិធម្មជាតិផ្សេងៗ ទៅជាលុយស្របច្បាប់។ ការសើរើកិច្ចសន្យាអាជីវកម្មកាស៊ីណូទាំងអស់ឡើងវិញ គឺអាចប្រមូលបានធនធានបានជាច្រើនលានដុល្លារ សម្រាប់ជាប្រភពកំណើនថវិកាជាតិ។
ចំណែកសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង លោក ហុង សុខហួ បានអះអាងថា ផលចំណេញពីវិស័យកាស៊ីណូដែលមានឈ្មោះថា ណាហ្គា បានទទួលផលចំណេញខ្ពស់ ប៉ុន្តែកាស៊ីណូនេះមិនបានបង់ពន្ធជូនរដ្ឋាភិបាលកម្ពុជា ឡើយ ដោយសារតែកម្ពុជា មិនមានច្បាប់ប្រមូលពន្ធឡើយ។ បញ្ហានេះ លោកចង់ឲ្យសភាបង្ហាញអំពីភស្តុតាងឲ្យច្បាស់លាស់ ថាតើហេតុអ្វីបានជាពុំមានច្បាប់ដូចនេះ? ដែលកាស៊ីណូឈ្មោះ ណាហ្គា បានបង្ហាញទៅម្ចាស់ភាគហ៊ុនរបស់ខ្លួននៅទីក្រុងហុងកុង ថាមិនបានបង់ពន្ធជូនរដ្ឋាភិបាលកម្ពុជា នូវទឹកប្រាក់ប្រមាណជិត ៣០លានដុល្លារអាមេរិក៖ «សំឡេង»។
បច្ចុប្បន្ន កាស៊ីណូណាហ្គា (Naga) កំពុងសាងសង់អគារបន្ថែមទៀតដែលមានតម្លៃប្រមាណ ៣៧០លានដុល្លារអាមេរិក ដែលអគារនេះអាចចតយន្តហោះប្រភេទ A320 ពីប្រទេសចិន និងកោះម៉ាកាវ (Macau) ដោយផ្ទាល់។ កាស៊ីណូនេះ បានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការផ្ដាច់មុខនៅរាជធានីភ្នំពេញ កាលពីឆ្នាំ១៩៩៤។ បច្ចុប្បន្ន កាស៊ីណូណាហ្គា បានទទួលប្រាក់ចំណូលប្រមាណ ៣៤៤លានដុល្លារអាមេរិកប្រចាំឆ្នាំ២០១៣។
ឆ្លើយតបទៅនឹងបញ្ហានេះ ប្រធានគណៈកម្មាធិការទីពីរនៃរដ្ឋសភា លោក ជាម យៀប មានប្រសាសន៍ថា យោងតាមច្បាប់ប្រទេសកម្ពុជា ពុំអនុញ្ញាតឲ្យមានល្បែងស៊ីសងនៅប្រទេសកម្ពុជា ឡើយ ប៉ុន្តែលើកលែងតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាត។ ការពុំមានច្បាប់អនុញ្ញាតនេះ ជាមូលហេតុដែលកម្ពុជា មិនមានច្បាប់ប្រមូលពន្ធលើវិស័យកាស៊ីណូ។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា និងសភា កំពុងពិចារណាលើសេចក្ដីព្រាងច្បាប់គ្រប់គ្រងកាស៊ីណូ ហើយជឿជាក់ថា ច្បាប់នេះនឹងត្រូវបានសភាអនុម័តនាពេលដ៏ខ្លីខាងមុខ។
លោកបញ្ជាក់ទៀតថា ស្របពេលដែលកម្ពុជា គ្មានច្បាប់ តែកម្ពុជា មានការវាយតម្លៃដែលអាជីវកម្មកាស៊ីណូទាំងអស់ចូលរួមវិភាគទានដល់រាជ រដ្ឋាភិបាលកម្ពុជា៖ «សំឡេង»។
របាយការណ៍របស់កាស៊ីណូណាហ្គាបានបង្ហាញថា រៀងរាល់ឆ្នាំបានចូលរួមវិភាគទានថវិកាចំនួន ២២លានដុល្លារអាមេរិកនៃប្រាក់ចំណូលសរុបដល់រដ្ឋាភិបាលកម្ពុជា ក្រៅពីបានបង់ពន្ធក្នុងមួយឆ្នាំជាង ៥លានដុល្លារអាមេរិក។ ក្រៅពីការចូលរួមវិភាគទាននោះ កាស៊ីណូទាំងអស់នៅកម្ពុជា ប្រតិបត្តិការអាជីវកម្ម ត្រូវស្របតាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ របាយការណ៍របស់ក្រសួងនេះបានបង្ហាញថា ចំណូលពន្ធពីកាស៊ីណូមានចំនួន ២២លានដុល្លារអាមេរិកនៅអំឡុងឆ្នាំ២០១៣ តាមរយៈការបង់កម្រៃអាជ្ញាប័ណ្ណប្រចាំឆ្នាំ ៣ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ប្រាក់ប្រចាំខែអាស្រ័យនឹងទំហំ និងប្រតិបត្តិការរបស់កាស៊ីណូ និងប្រាក់តម្កល់ចំនួន ១សែនដុល្លារអាមេរិក។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ចំណូលនេះ គឺបានមកពីការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របពេលដែលកម្ពុជា កំពុងរៀបចំច្បាប់គ្រប់គ្រង និងប្រមូលពន្ធពីវិស័យកាស៊ីណូ៖ «សំឡេង»។
លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ទៀតថា ច្បាប់កាស៊ីណូថ្មីនេះនឹងអាចដាក់សម្ពាធដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យជៀសវាងចេញពីការចូលលេងកាស៊ីណូ ហើយងាកមកសន្សំប្រាក់វិញ និងជាមូលដ្ឋានថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ចំនួនកាស៊ីណូដែលទទួលអាជ្ញាប័ណ្ណ កំពុងប្រតិបត្តិការនៅប្រទេសកម្ពុជា មានចំនួន៥៧ ភាគច្រើនឋិតនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ឬសមាមាត្រនឹងចំនួនជិត ៨ពាន់ស្លុតម៉ាស៊ីន (Slot Machines) និងជាង ២.៥០០ទូនៅទូទាំងប្រទេសកម្ពុជា៕