សុខភាព៖បច្ចុប្បន្ននេះគេសង្កេតឃើញថា ចំនួនមនុស្សដែលកើតមានអាការស្ងួតក្រហាយនៅក្នុងគ្រាប់ភ្នែកមានចំនួនកាន់តែកើនឡើងដោយសារមនុស្សភាគច្រើននៅក្នុងសម័យនេះវីវក់នៅមុខកុំព្យូទ័រ និងទូរស័ព្ទជាច្រើនម៉ោង។
លោកវេជ្ជបណ្ឌិត នីក អេតគីន ចក្ខុពេទ្យ និងជាអ្នកជំនាញខាងអាការស្ងួតភ្នែកព្រមទាំងជាប្រធានសមាគម ខន់ថេគឡេន របស់ប្រទេសអង់គ្លេស បានពោលថា ប្រហែលជា១ភាគរយ៣របស់មនុស្សយើងកើតមានអាការភ្នែកស្ងួតហើយភាគច្រើនមិនព្រមទៅជួបគ្រូពេទ្យដើម្បីពិនិត្យព្យាបាលទេ។
អាការភ្នែកស្ងួតនេះ បណ្តាលមកពីស្រទាប់ទឹកភ្នែកដែលបំពេញនាទីជួយរំអិលគ្រាប់ភ្នែកផលិតទឹកបានតិចពេក រហូតដល់ពេលខ្លះក្លាយទៅជាអាការស្ងួតគ្រាប់ភ្នែកតែម្តង។
លោកគ្រូពេទ្យបានផ្តល់ទិន្នន័យទៀតថា កាលពីពេលថ្មីៗកន្លងទៅនេះ គេបានរកឃើញសារជាតិចម្រាញ់ពីគ្រាប់អម្ពិល អាចការពារអាការភ្នែកស្ងួត។ សារជាតិចម្រាញ់មួយនេះបំពេញតួនាទីចម្លងយកប្រព័ន្ធការងាររបស់ទឹកចិញ្ចឹមគ្រាប់ភ្នែក ជួយសំណើមដល់កែវភ្នែកនិងបណ្តាអាការស្ងួតភ្នែក។
ការពិសោធន៍បានរកឃើញថា សារជាតិចម្រាញ់ពីគ្រាប់អម្ពិលជួយការពារអាការភ្នែកស្ងួតមានប្រសិទ្ធភាពបានយូរជាងវិធីព្យាបាលទូទៅទ្វេដង ដោយសារជាតិចម្រាញ់ខាងលើនេះអាចតោងគ្រាប់ភ្នែកបានយូរជាង។
គ្រូពេទ្យសរុបថា ការព្យាបាលអាការស្ងួតភ្នែកដោយសារជាតិចម្រាញ់ពីគ្រាប់អម្ពិលស្រុកនេះជួយឲ្យឆាប់ជាសះស្បើយ ប៉ុន្តែបច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាពិសោធនៅឡើយ៕