​លោក សម រង្ស៊ី ស្នើសុំ​លោក ស ខេង ដោះលែង​មនុស្ស​ទាំង​១៩​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2014 ក+ ក-

ភ្នំពេញ​៖​មេដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ជាប់ ឆ្នោត​ទាំងពីរ​បាន​ជួបគ្នា​ជា​លើកដំបូង​នៅ​វិមាន​រដ្ឋសភានា​ព្រឹក​ថ្ងៃទី​២៧វិច្ឆិកា ក្រោយពី ​តុលាការ​ចាប់ខ្លួន​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​នោះ​។​
​នៅក្នុង​ជំនួប​នោះ​លោក sម រង្ស៊ី បាន​លើក​ពី​បញ្ហា​ជាច្រើន​ដែល​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ត្រូវ​ដោះស្រាយ តែ​លោក​មិនបាន​បង្ហើប​ឲ្យ​ដឹង​លម្អិត​ថា តើ​ករណី​អ្វីខ្លះ​ដែល​លោក​បាន​លើក​នៅក្នុង​កិច្ចប្រជុំ​សម្ងាត់​ជាមួយ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង នោះទេ​? ដោយ​លោក​បញ្ជាក់ថា លោក​បាន​លើក​ពី​ករណី​ចាប់ខ្លួន​មនុស្ស​រើ​ឡើងវិញ​កាលពីពេល​ថ្មីៗ​នេះ ជាដើម​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានស្នើ​សុំ​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ឲ្យ​ដោះលែង​អ្នក​ដែល​ត្រូវ​តុលាការ​ចាប់ឃុំខ្លួន​ទាំងអស់នោះ​។​

នៅក្នុង​ជំនួប​ប្រមាណ​ជា ១​ម៉ោង​នា​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៧ វិច្ឆិកា លោក សម រង្ស៊ី មិន​ឆ្លើយតប​ចំពោះ​សំណួរ ថា​តើ​ការជួប​រវាង​លោក និង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង នោះ លោក​មិនបាន​បញ្ជាក់ថា តើ​លោក​បាន​លើក​ពី​សេចក្ដីស្នើ​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​កំពុង​តែមាន​ភាព​ចម្រូងចម្រាស​នោះ និង​ករណី​ផ្សេងៗ​ទៀត​នោះទេ ដោយ​លោក​គ្រាន់តែ​ប្រាប់ថា ដរាបណា​មិនទាន់មាន​លទ្ធផល​ជា​ផ្លូវការ គឺ​លោក​មិនទាន់​ប្រាប់​បានទេ​។ ក្រៅពីនេះ លោក​អះអាងថា លោក​បានស្នើ​ដល់ លោក ស ខេង ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី ព្រះសង្ឃ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៖ «​ខ្ញុំ​ចង់​ឲ្យ​មានការ​បន្ធូរបន្ថយ ភាព​តានតឹង ខ្ញុំ​ចង់​ឲ្យ​មានការ​ដោះលែង​ទាំងអស់ បញ្ចប់​នីតិវិធីតុលាការ​ទាំងអស់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជាប់​នីតិវិធី តុលាការ​។ ប្រជាពលរដ្ឋ​មិនមាន​ទោស​ដូច​ការចោទប្រកាន់​ទេ រឿង​អី​គាត់​ទៅសុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​លិច​ផ្ទះ​គាត់ ហើយ​ចាប់ខ្លួន​គាត់​?»​។​

ចំណែកឯ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ វិញ លោក​មិនបាន​ឆ្លើយ​សំណួរ​អ្នកកាសែត​ឡើយ​។ លោក ស ខេង ឆ្លើយ​យ៉ាងខ្លី​ថា ករណី​ចាប់ខ្លួន​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​ព្រះសង្ឃ​នេះ ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​។​

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី បាន​ហៅ​ការចាប់ខ្លួន​នេះ​ថា​ជា​រឿង​នយោបាយ​។ លោក​បញ្ជាក់ថា មិនមែនជា​រឿង​មនុស្ស​ទាំងនោះ​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​ទេ​។ លោក​អះអាងថា ករណីនេះ​មិនមែនជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​អ្វី​ទេ គឺ​តុលាការ​ធ្វើការ​ក្រោម​សម្ពាធ​នយោបាយ​៖ «​ករណី​នយោបាយ គ្រាន់តែ​ជា​ចំណាប់ខ្មាំង​មួយ កុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដើរចេញ​ពីស​ភា ជាការ​គំរាមកំហែង​ទេ​? ដូច្នេះ​បើជា​រឿង​នយោបាយ គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រូវយក​អភ័យឯកសិទ្ធិ​ទៅ​ដោះស្រាយ​ទេ បើ​យក​អភ័យឯកសិទ្ធិ​ទៅ​ដោះដូរ តើ​គណបក្ស​សង្គ្រោះ​ជាតិ នឹងមាន​អភ័យឯកសិទ្ធិ​ប៉ុន្មាន​ទៀត​? បើសិនជា​មានការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ទៀត​នោះ​?»​។​

មកទល់ពេលនេះ តុលាការ​បាន​ចាប់ខ្លួន​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ​ចំនួន ១៦​នាក់ និង​ព្រះសង្ឃ ៣​អង្គ​ទៀត​។ ដោយឡែក​ចំពោះ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺ​លោក មា​ជ សុវណ្ណារ៉ា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ មិនទាន់​សម្រេច​ឲ្យ​នៅក្រៅ​ឃុំ​ទៅតាម​ការស្នើសុំ​របស់​មេ​ធា​វី​របស់លោក ឬ​យ៉ាងណា​នៅឡើយ​ទេ​។​

មេធាវី​របស់លោក មា​ជ សុវណ្ណារ៉ា បានដាក់​លិខិត​ស្នើសុំ​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃទី​២០ វិច្ឆិកា គឺធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​ការស្នើសុំ​មេធាវី​របស់លោក​ឲ្យ​នៅក្រៅ​ឃុំ​នោះ​។​

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ វិច្ឆិកា បាន​ចាប់ឃុំខ្លួន លោក មា​ជ សុវណ្ណារ៉ា ជា​ខ្មែរ​-​អាមេរិកាំង និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទចោទប្រកាន់ ផ្ដើមគំនិត​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ដឹកនាំ​ចលនា​កុបកម្ម​។ បើសិនជា​តុលាការ​រកឃើញថា លោក​ពិតជា​មានទោស​មែ​ន លោក មា​ជ សុវណ្ណារ៉ា នឹង​អាច​ជាប់ពន្ធនាគារ​រហូត​ដល់ ៣០​ឆ្នាំ​។​

​អ្នកវិភាគ​សង្កត់ធ្ងន់​ថា អ្នកនយោបាយ​គួរតែ​បញ្ចប់​វប្បធម៌​ចរចា​នយោបាយ ដើម្បី​ឲ្យ​ដោះលែង​មនុស្ស​នេះ​។ អ្នកនយោបាយ ត្រូវធ្វើ​យុទ្ធនាការ​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​អំពី​បញ្ហា​សង្គម និង​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​តាម​រូបភាព​ផ្សេងៗ​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​រក​ភាពយុត្តិធម៌​សង្គម​៕rfa/

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត បន្ទាប់ពី​កិច្ចប្រជុំ​សម្ងាត់​ជាមួយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​។