ខេត្តតាកែវ៖ប្រជាកសិករនៅស្រុកគិរីវង់ ខេត្ត តាកែវ ត្អូញត្អែរថា ស្រូវស្រែពួកគាត់ត្រូវ បានសត្វកណ្ដុរកាត់បំផ្លាញខូចស្ទើរអស់។ ពួកគាត់ថា រាល់ៗយប់អ្នកភូមិតែងលើកគ្នាទៅដេកយាមស្រែការពារ និងកម្ចាត់កណ្ដុរកុំឲ្យស៊ីស្រូវ តែនៅតែការពារមិនឈ្នះ ព្រោះកណ្ដុរកើតឡើងច្រើនរាប់ម៉ឺនសែនក្បាល។
កសិករស្រុកគិរីវង្សដែលធ្វើស្រែច្រើនរដូវក្នុងមួយឆ្នាំៗ បានអំពាវនាវឲ្យអាជ្ញាធរជួយចាត់វិធានការកម្ចាត់កណ្ដុរដែលកំពុងស៊ី បំផ្លាញស្រូវពួកគាត់រាប់សិបហិកតារ រៀងរាល់យប់។
កសិករនៅឃុំរំដេង ស្រុកគិរីវង់ ដែលជាឃុំមួយក្នុងចំណោមឃុំដទៃទៀត ដែលសត្វកណ្ដុរកំពុងរាតត្បាតស្រូវ ដូចជានៅឃុំរាមអណ្ដើក ឃុំតាអូ ឃុំព្រៃអំពក និងឃុំសោម ជាដើម អះអាងនៅ ថ្ងៃទី៣០ វិច្ឆិកា ថា រាល់ពួកគាត់តែងលើកគ្នាទៅកម្ចាត់សត្វកណ្ដុរ ដោយខ្លះដាក់អង្គុប ដាក់ខ្សែភ្លើងឆក់ រហូតមានកសិករខ្លះ ដុតផាវ ឬដុតកាំជ្រួចដើម្បីកម្ចាត់កណ្ដុរ ក៏កណ្ដុរនៅតែស៊ីបំផ្លាញស្រូវគាត់ ។
ពួកគាត់ឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សត្វកណ្ដុរ រាប់ម៉ឺនសែនក្បាលកើតឡើងពេញបន្ទុក មិនអាចកម្ចាត់បាន។ទាក់ទងទៅនឹងការកើនឡើងចំនួនសត្វកណ្ដុរ រាប់ម៉ឺនសែនក្បាលយ៉ាងឆាប់រហ័សដូច្នេះកសិករស្រុកគិរីវង្សខ្លះ បានស្ដីបន្ទោសប្រជាពលរដ្ឋដទៃទៀត ដែលប្រកបរបរដើររកស៊ីចាប់ពស់តាមវាលស្រែយកទៅលក់ ទើបបានជាសត្វកណ្ដុរកើតឡើងច្រើនដូចសព្វថ្ងៃ។
ពួកគាត់យល់ថា ពេលមុនមិនមានកណ្ដុរស៊ីស្រូវច្រើននោះ គឺមកពីនៅតាមវាលស្រែមានសត្វពោះជាច្រើន វាស៊ីកណ្ដុរស្ទើរអស់ទើបមិនមានសត្វកណ្ដុរស៊ីបំផ្លាញស្រូវ ដូចឆ្នាំនេះ ។
មិនអាចទាក់ទងប្រធានមន្ទីរកសិកម្មខេត្តតាកែវ លោក ញ៉ឹក ស្រ៊ុន បាននៅរសៀលថ្ងៃទី៣០ វិច្ឆិកា ដើម្បី សុំបញ្ជាក់ព័ត៌មានបន្ថែម។
ចំពោះការអះអាងរបស់កសិករស្រុកគិរីវង្សខ្លះ ដែលយល់ថា ការកើនឡើងនៃសត្វកណ្ដុរច្រើនគឺបណ្ដាលមកពីគេសម្លាប់សត្វពស់អស់ នៅតាមវាលស្រែនោះ អាចជាហេតុផលមួយដែរ តែមិនទាំងស្រុងទេ នេះបើតាមមន្ត្រីក្រសួងកសិកម្ម។
ប្រធាននាយកដ្ឋានការពារដំណាំនៃក្រសួងកសិកម្ម លោក ព្រាប ពិសារទោ ពន្យល់ថា មូលហេតុដែលសត្វកណ្ដុរកើតច្រើនយ៉ាងឆាប់រហ័សនេះ គឺបណ្ដាលមកពីសត្វកណ្ដុរមានចំណីស៊ីគ្រប់គ្រាន់ ពេញមួយឆ្នាំៗ គឺវាស៊ីស្រូវកសិករស្រុកគិរីវង់ធ្វើស្រែខួបប្រាំងខួបវស្សា។ លោកថា នៅពេលសត្វកណ្ដុរមានចំណីគ្រប់គ្រាន់វាបង្កាត់ពូជក៏លឿនដែរ គឺនៅក្នុងមួយខែ វាអាចបង្កើតកូនបីដងក្នុងមួយខែ ហើយមេកណ្ដុរមួយក្បាលអាចបង្កើតកូនបាន១០ ក្បាលក្នុងមួយដង។
ចំពោះវិធានការណ៍កម្ចាត់សត្វកណ្ដុរចំនួនច្រើនដូច្នេះ លោក ព្រាប ពិសារទោ ឲ្យដឹងថាវិធីកម្ចាត់សត្វកណ្ដុរ ដូចដែលកសិករស្រុកគិរីវង់កំពុងធ្វើសព្វថ្ងៃ ដូចជាដាក់អង្គប់ ប្រើថ្នាំបំពុល ឬដាក់ខ្សែភ្លើងឆក់ ជាដើមនោះ មិនត្រឹមតែមិនមានប្រសិទ្ធភាពទេ តែអាចគ្រោះ ថ្នាក់ដល់ជីវិតមនុស្សទៀតផង។
លោកថា វិធីដែលល្អគឺកសិករត្រូវប្រើវិធីមួយហៅថា «ដាក់អន្ទាក់ដំណាំ» គឺ មុនពេលកសិករធ្វើស្រែយកផល ពួកគាត់ត្រូវស្ទូងស្រូវក្រអូបនៅស្រែតូចមួយ ដែលស្រែនោះនៅខាងគេបង្អស់ រួចព័ទ្ធ កៅស៊ូផ្លាស់ស្ទិកជុំវិញស្រែ រួចបូមទឹកបញ្ចូល ទុកច្រកតូចមួយជាប់ដី ដើម្បីឲ្យកណ្ដុរចេញចូលមកស៊ីស្រូវនោះ។ ចំណែកច្រកចេញចូលនោះ គេដាក់ទ្រូធំៗធ្វើជាអង្គប់ នៅពេលកណ្ដុរធំក្លិនស្រូវក្រអូប វានាំគ្នាសម្រុកចូលក្នុងស្រែមកស៊ីស្រូវតាមច្រកនោះ រួចក៏ជាប់ទ្រូរាប់រយពាន់ក្បាល។ ក៏ប៉ុន្តែលោកថា ធ្វើដូច្នេះបានលុះត្រាណាកសិករក្នុងភូមិទាំងនោះយល់ព្រមធ្វើរួម គ្នាជាសមូហភាពទើបបានជោគជ័យ៕
អ្នកភូមិពីរនាក់កំពុងបោកស្រូវ នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣