ក្រសួងបរិស្ថាន​មិន​ចាត់វិធានការ​ក្រុមហ៊ុន​៥​ដែល​វិនិយោគ​​តំបន់​ឧទ្យាន​ជាតិ​រាម ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2014 ក+ ក-

ខេត្ត​ព្រះ​សី​ហន​៖ ក្រុមហ៊ុន​ចំនួន​៥​ដែល​បានទទួល​សិទ្ធិ​វិនិយោគ​លើដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​តំបន់​ឧទ្យាន​ជាតិ​រាម ខេត្ត​ព្រះសីហនុ ត្រូវគេ​មើលឃើញថា​ក្រៅពី​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់ និង​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​រួចមក គឺ​មិនឃើញ​អភិវឌ្ឍន៍​អ្វី​ឡើយ

អ្នករាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹងថា សកម្មភាព​របស់​ក្រុមហ៊ុន​ទាំងនោះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ បរិស្ថាន​ធម្មជាតិ​យ៉ាងខ្លាំង ដែល​ប្រការនេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ចាំបាច់​ពិនិត្យ​ទ្បើង​វិញ ស្របតាម​ឆន្ទៈ​ពលរដ្ឋ​ក្នុង​តំបន់​ដែល​ចង់​ឲ្យ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ទាំងនោះ​វិញ ដើម្បី​កុំ​ឲ្យ​ពួកគេ​ឆ្លៀត​ប្រើប្រាស់​អាជ្ញាប័ណ្ណ​វិនិយោគ​ដើម្បី​បំផ្លាញ​ព្រៃឈើ​តទៅទៀត​។

មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​មួយរូប​ដែល​មិន​ប្រាប់​ឈ្មោះ​បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ថា ក្រុមហ៊ុន​ទាំង​៥​នោះ អាច​ប្រឈម​នឹង​ការដកហូត​អាជ្ញាប័ណ្ណ​វិញ ដោយសារតែ​មិនបាន​អនុវត្តន៍​ឲ្យ​ត្រឹមត្រូវ​តាម​កិច្ចសន្យា​របស់ខ្លួន​។ ក្រុមហ៊ុន​ទាំងនោះ​រួមមាន​ក្រុមហ៊ុន​វិមាន​សីលា អិ​ល ភី ឌី មាន​ទំហំ​ដី​៩៨៧​ហិកតា (​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​),​ទី​២ ក្រុមហ៊ុន ស៊ាន​ហេង អ៊ិន​វេស​មិន មាន​ដី​ទំហំ​៣៥០​ហិកតា​(​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​), ទី​៣ ក្រុមហ៊ុន​ស៊ាន​ហេង​អ៊ិន​វេស​មិន មាន​ដី​ទំហំ​៩៨៨​ហិកតា (​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ និង​គម្រោង​ព្រៃកោងកាង​),​ទី​៤ ក្រុមហ៊ុន​ហេង​ប៊ុន​ណាត មាន​ដី​ទំហំ​៩៦៣​ហិកតា (​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​) និង​ទី​៥ ក្រុមហ៊ុន​ប្ល៊ូ​មេត្រូ​ខូ​ល​អិ​ល​ធី​ឌី មាន​ដី​ទំហំ​៣៥៩​ហិកតា (​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​)​។​
​ប្រភព​ដដែល​បន្តថា ក្រុមហ៊ុន​ទាំង​៥​ខាងលើនេះ​មិនបាន​អភិវឌ្ឍន៍​ទៅតាម​កិច្ចសន្យា​ជាមួយ រដ្ឋាភិបាល​កម្ពុជា​នោះទេ ហើយ​ក្រុមហ៊ុន​ខ្លះ​បានត្រឹមតែ​សាងសង់​កន្លែង​អង្គុយលេង​បន្តិចបន្តួច​និង អាគារ​ស្នាក់នៅ​ខ្លះៗ​ប៉ុណ្ណោះ ដែល​ទំនងជា​ពួកគេ​ទទួលបាន​ភ្លើង​ខៀវ​ពី​ថ្នាក់លើ​ទើបបានជា​គេ​ហ៊ាន​ធ្វើ​ព្រងើយកន្តើយ​យក​កិច្ចសន្យា​ទៅ​ទ្រាប់​គូទ​អង្គុយ​បែបនេះ​។
​ប្រភព​ដដែល​បន្តទៀត​ថា ការមិន​អើពើ​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏​ត្រូវគេ​រិះគន់ថា ហាក់ដូចជា​មានបំណង​បិទបាំង​ទង្វើ​មិន​ប្រក្រតី​ក្នុងការ​អនុវត្ត​កិច្ចសន្យា​របស់​ក្រុមហ៊ុន​ទាំង​ប៉ុន្មាន​ខាងលើនេះ​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ឯកជន បើ​មិន​ដូច្នេះ​ទេ​ប្រាកដជា​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សាយ សំ​អាល់ ចាត់វិធានការ​ដកហូត​ដីព្រៃ​ពី​ក្រុមហ៊ុន​ទាំងនោះ​វិញ​តាំងពី​យូរណាស់​មកហើយ ព្រោះ​នៅ​ខេត្ត​ព្រះសីហនុ​អ្នកណា​ក៏​ដឹងថា ក្រុមហ៊ុន​ខ្លះ​បាន​កាប់បំផ្លាញ​ព្រៃឈើ​ស្ទើរ​អស់់​ទៅហើយ​តែ​មិនឃើញ​អភិវឌ្ឍន៍​តាម​គម្រោងរ​បស់​ខ្លួន​ទៅតាម​កិច្ចសន្យា​ដូចជា សាងសង់​សណ្ឋាគារ ខុន​ដូ ទីលាន​វាយ​កូន​ហ្គោល និង​ផ្សារ​ទំនើប ព្រមទាំង​តំបន់​ទេសចរណ៍ធម្មជាតិ​នោះឡើយ​។
​មជ្ឈដ្ឋាន​ដដែល​បាន​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​ពិនិត្យ​ពិចារណា​ជាថ្មី ឬ​អនុវត្តន៍​ការដកហូត​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ទាំងនោះ​វិញ​គឺជា​រឿង​ចាំបាច់​បំផុត ដើម្បី​ថែរក្សា​ធនធានធម្មជាតិ​នៅ​តំបន់​ឧទ្យាន​ជាតិ​រាម​ឲ្យ​ស្រស់ត្រកាល​តទៅទៀត សម្រាប់​បម្រើ​ផលប្រយោជន៍​វិស័យ​ទេសចរណ៍​ដែលជា​គម្រោង​របស់​រដ្ឋ​ប្រសើរ​ជាង​៕ រដ្ឋា​

Untitled-1