ពលរដ្ឋខេត្តកោះកុងកំពុងសម្រុកចូលព្រៃភ្នំបេះផ្លែសំរង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 March, 2024 ក+ ក-

ដោយ៖សំនៀង

(ខេត្តកោះកុង)៖ផ្លែសំរងព្រៃចាប់ផ្តើមដល់រដូវចេញផ្លែហើយនៅក្នុងអំឡុងខែមិនា-មេសានេះ និងកំពុងមានហាងឆេងខ្ពស់ បានធ្វើឲ្យប្រជាពលរដ្ឋនៅខេត្តកោះ កុង សម្រុកចូលព្រៃបេះផ្លែសំរងដើម្បីលក់ទៅឲ្យឈ្មួញចិន  និងវៀតណាម។

ឈ្មួញប្រមូលទិញផ្លែសំរង លោក សារ៉ា ផាន់ណា បានបញ្ជាក់ថា ពលរដ្ឋដើរព្រៃកំពុងកើបលុយ ពីការលុកលុយក្នុងព្រៃដើរបេះផ្លែសំរង ក្នុងមួយថ្ងៃពី ៣០ ទៅ១០០គីឡូក្រាម។ឯតម្លៃគឺពី ១ម៉ឺនទៅ១ម៉ឺន៥ពាន់រៀល ក្នុងមួយគីឡូក្រាម។ឈ្មួញយកទៅសម្ងួតលក់ចេញក្នុងតម្លៃ ៧ម៉ឺនរៀល ទៅ១២ម៉ឺនរៀល ទៅតាមគុណភាព។

មន្ត្រីជំនាញមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះ កុង អះអាងថា ការដែលពលរដ្ឋសម្រុកបេះផ្លែសំរង លក់ទៅឲ្យឈ្មួញ សន្ធឹកសន្ធាប់បែបនេះ ដោយសារក្នុងប្រទេសយើងពុំទាន់មានអាជីវកម្មឬសិប្បកម្ម កែច្នៃ ផលិតផលកសិ-ឧស្សាហកម្មប្រភេទផ្លែសំរងនេះនៅឡើយ។

ជាទូទៅ នៅចន្លោះខែកុម្ភៈ ដល់ខែមេសា ជារដូវប្រមូលផ្លែសំរង ដែលដុះនៅព្រៃជ្រៅនៅភាគឦសាន ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងមួយផ្នែកនៃខេត្តកោះកុង។

ដោយឡែកនៅក្នុងពេលថ្មីៗនេះផងដែរអាជ្ញាធរខេត្តកោះកុងក៏បានចុះទៅធ្វើការហាមប្រាមដល់ពលរដ្ឋដែលជាអ្នកបេះផ្លែសំរ៉ងតាមដងព្រៃភ្នំ ដោយហាមមិនឲ្យកាប់ដើមរំលំនោះទេ ពីព្រោះការរំលំដើមសំរងដើម្បីបេះផ្លែគឺបានតែមួយគ្រាៗតែប៉ុណ្ណោះ។ការកាប់ដើមសំរ៉ងដើម្បីយកផ្លែនឹងបណ្ដាលឲ្យប្រភេទរុក្ខជាតិនេះ ត្រូវបាត់បង់បន្តិចម្ដងៗដោយសារតែការកាប់រំលំយកផ្លែនេះឯង។

ពលរដ្ឋអ្នកដើរព្រៃនៅខេត្តកោះកុងនិយាយថា ដើមសំរងកម្រចេញផ្លែណាស់ ពោលគឺ ៣ទៅ៤ឆ្នាំ ទើបមានផ្លែម្តង។ហើយប្រភេទផ្លែសំរងនេះមានទីផ្សារខ្ពស់មានការនាំចេញទៅប្រទេសវៀតណាម និងចិន រាប់សិបតោនក្នុងមួយរដូវកាល ។រីឯទីផ្សារក្នុងស្រុកហាក់ពុំសូវមានការចាប់អារម្មណ៍លើផ្លែឈើព្រៃមួយប្រភេទនេះឡើយ៕