ត្រីត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាប្រភពជាតិខ្លាញ់អូមេហ្គា-៣ (Omega-3) ដែលជាជាតិខ្លាញ់ល្អបំផុតចំពោះសុខភាព។ អ្នកជំនាញផ្នែកសុខភាពបានឲ្យដឹងថា បុរសទាំងឡាយ ប្រសិន បើចង់ឲ្យមេជីវិត(ស្ពែម) រឹងមាំនិងមានគុណភាពល្អ អ្នកគួរទទួលទានត្រីឲ្យបានច្រើន។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យអ៊ីល្លីណយស៍ បានឲ្យដឹងថា មូលហេតុគឺជាតិខ្លាញ់អូមេហ្គា-៣ មានការពាក់ព័ន្ធនឹងរូបរាងមេជីវិត។
លោកទីម៉ូធី អាប់បុតត៍ សហអ្នកនិពន្ធមួយរូបនៃការសិក្សានេះ បាននិយាយថា តាមធម្មតា មេជីវិត (ស្ពែម) មានក្បាល រាងដូចមួក ដែលគេហៅថា “អាក្រូសូម” (Acrosome)។ ហើយអង់ហ្ស៊ីម នៅត្រង់ផ្នែកក្បាល មានតួនាទីជ្រែកចូលទៅក្នុងស៊ុត ដើម្បីបង្ករកំណើត។ អង់ហ្ស៊ីមទាំងនោះ ត្រូវការជាតិខ្លាញ់អូមេហ្គា-៣ ដើម្បីលូតលាស់ ធ្វើឲ្យក្បាលមេជីវិត កាន់តែស្រួច និងមានខ្លួនកាន់តែវែង។ ផ្ទុយទៅវិញ នៅពេលដែលវាទទួលបានជាតិអាស៊ីដ ខ្លាញ់អូមេហ្គា-៣ មិនគ្រប់គ្រាន់ ធ្វើឲ្យរូបរាងរបស់មេជីវិត លូតលាស់មិនបានល្អ និងធ្វើការមិនបានពេញលេញនោះឡើយ។
ម្យ៉ាងទៀត ក្រុមអ្នកវិទ្យាសាស្ត្រ បានចាប់ផ្តើមធ្វើការសិក្សា លើមេជីវិត របស់បុរស បន្ទាប់ពីរកឃើញថា សត្វកណ្តុរ ដែលមានជាតិអាស៊ីដខ្លាញ់ មិនគ្រប់គ្រាន់ ធ្វើឲ្យគុណភាពមេជីវិតថយចុះ តែនៅពេលគេបន្ថែមសារធាតុខ្លាញ់អូមេហ្គា-៣ ចូលទៅក្នុងអាហារ មេជីវិតរបស់សត្វកណ្តុរទាំងនោះ ត្រឡប់មកជាមានគុណភាពល្អវិញ។
រីឯការសិក្សាមួយទៀត ដែលធ្វើឡើង ដោយសកលវិទ្យាល័យ ហារវ៉ាដ បានឲ្យដឹងថា កង្វះជីវជាតិ អាចធ្វើឲ្យគុណភាពមេជីវិត ថយចុះដូចគ្នាទៅនឹងអ្នកដែលទទួលទានអាហារ ដែលមានជាតិខ្លាញ់ច្រើនផងដែរ។
ដូចនេះ ប្រការល្អបំផុត គឺអ្នកត្រូវទទួលទានត្រី ឲ្យបានច្រើន ដូចជា ត្រីសាលម៉ន ឬ ត្រីធូណា ជាដើម បូករួមជាមួយនឹងអាហារផ្សេងៗទៀត ដូចជាស៊ុត ទឹកដោះគោ សណ្តែក គ្រាប់ធញ្ញជាតិ ផ្លែឈើពពួកបឺររី ដំឡូងជ្វា ឬ ប្រូកខូលី និងបន្លែបៃតងនានា៕