នគរបាលខេត្តក្រចេះឱ្យពលរដ្ឋដែលបានបាត់ម៉ូតូមកត្រួតពិនិត្យមើលនៅតាមអធិការដ្ឋាននគរបាលក្រុង-ស្រុក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 September, 2024 ក+ ក-

ស្នងការដ្ឋានគរបាលខេត្តក្រចេះ នៅពេលថ្មីៗនេះ បានចេញសេចក្តីជូនដំណឹងឱ្យសាធារណៈជន ដែលបានបាត់ម៉ូតូនាពេលកន្លងទៅ ឲ្យមកត្រួតពិនិត្យមើល នៅតាមអធិការដ្ឋាននគរ បាលក្រុង-ស្រុក នៅក្នុងខេត្តក្រចេះបន្ទាប់ពីស្នងការរដ្ឋាននគរបាលខេត្ត បានបង្ក្រាបទីតាំងបទល្មើសពាក់ព័ន្ធមួយចំនួនក្នុងខេត្តដោយរកឃើញម៉ូតូជាច្រើនគ្រឿង។


ការជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានធ្វើឡើង ក្រោយពីមានម៉ូតូថ្មី.ចាស់ ច្រើនម៉ាក មានចំនួនរាប់រយគ្រឿងត្រូវបាន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ក្រោមការដឹកនាំសម្របសម្រួលនិតិវិធី ពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ បានចុះធ្វើការបង្ក្រាបទីតាំងបញ្ចាំ ជួសជុល កែច្នៃ ទិញលក់ (ម៉ូតូ-រថយន្ដ) គ្មានច្បាប់អនុញ្ញាត នៅតាមបណ្តាក្រុង – ស្រុកមួយ
ចំនួន។ ជាមួយគ្នានោះកម្លាំងជំនាញបានរកឃើញ និងដកហូតម៉ូតូសរុបចំនួន២០៤គ្រឿង និងរថយន្ដ១គ្រឿងផងដែរ។


ការជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះនេះ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្លាប់មានការបាត់ម៉ូតូ ឬរថយន្ដសូមមកធ្វើការត្រួតពិនិត្យ នៅអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង៤ រួមមាន៖ ក្រុងក្រចេះ, ស្រុកស្នួល, ស្រុកអូរគ្រៀងសែនជ័យ និងស្រុកព្រែកប្រសព្វ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ នៅរៀងរាល់ម៉ោងធ្វើការ។

ប្រសិនបើមានឯកសារគ្រប់គ្រាន់នោះបងប្អូនប្រជាពលរដ្ឋនឹងទទួលបានយានយន្តរបស់ខ្លួនវិញជាស្វ័យប្រវត្តិ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JK8vPG2iWXU