(ខេត្តមណ្ឌលគិរី)៖ដើម្បីអបអរព្រះរាជពីធីបុណ្យអុំទូក បណ្ដែតព្រះទីប សំពះព្រះខែ និងអកអំបុក រដ្ឋបាលខេត្តមណ្ឌលគិរីនៅឆ្នាំនេះបានរៀបចំពិធីប្រណាំងទូកលើកដំបូងនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលទិដ្ឋភាពបែបនេះមិនធ្លាប់មានពីមុនមកនោះទេ ។
ពិធីប្រណាំងទូកដែលជាប្រពៃណីវប្បធម៌កម្សាន្តមួយបន្សល់ពីដូនតា បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី រួមនិងភ្ញៀវជាតិ-អន្តរជាតិ ចាប់អារម្មណ៍ជាខ្លាំង និងទស្សនាកម្សាន្តយ៉ាងរីករាយផងដែរ ។
ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍ថា ពួកគេពិតជាត្រេកអរណាស់នៅពេលអាជ្ញាធរខេត្តមណ្ឌលគិរី បានបង្កើតកម្មវីធីប្រពៃណីកម្សាន្តសប្បាយបែបនេះ ហើយថ្វីត្បិតការប្រណាំងទូកនេះ រដ្ឋបាលខេត្តមណ្ឌលគិរីទើបធ្វើឡើងជាលើកទី១។ប៉ុន្តែរៀបចំបានល្អ ដែលធ្វើឲ្យពួកគេចង់មានទិដ្ឋភាពកម្សាន្តសប្បាយយ៉ាងដូច្នេះរៀងរាល់ឆ្នាំ ។
ពិធីប្រណាំងទូក ង ខ្នាតតូច បានធ្វើឡើងនៅទំនប់សែនសុខដុម ជាទំនប់ទឹក១ ក្នុងចំនោមទំនប់ទឹកទាំង៣ ដែលសម្ដេចមហាបវរធិបតី ទើបអញ្ជើញមកសម្ភោធដាក់ឲ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ ។ ពិធីប្រណាំងទូក នឹងធ្វើឡើងចំនួន៣ថ្ងៃ ស្របជាមួយថ្ងៃនៃ្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក តែម្ដង ដោយទូកប្រណាំងទាំងអស់ មាន៣២គូរ ហើយត្រូវប្រកួតជម្រុះ ឲ្យសល់ត្រឹម១៤គូរ ដើម្បីប្រកួតនៅថ្ងៃផ្ដាច់ព្រ័ត ។
សម្រាប់ខេត្តមណ្ឌលគិរីឆ្នាំនេះពិតជាអស្ចារ្យណាស់ ដែលមានពិធីប្រណាំងទូក ខណៈដែលក្រុងសែនមនោរម្យមិនមានទន្លេ។ប៉ុន្តែមានទំនប់ទឹកសែនសុខដុមយ៉ាងស្រស់ស្អាត ដែលជាសមទ្ធិផលថ្មី របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាខិតខំបង្កើតឡើង ។
ពិធីប្រណាំងទូកក៏បានធ្វើឲ្យភ្ញៀវទេសចរណ៍ទាំងឡាយដែលមកកម្សាន្តខេត្តមណ្ឌលគិរីប្លែកអារម្មណ៍ ពីព្រោះថាក្រៅតែពីគយគន់ទេសភាពធម្មជាតិរបស់ខេត្តមណ្ឌលគិរី ថែមទាំងអាចមកទស្សនាការប្រណាំងទូក ដែលជាប្រពៃណីវប្បធម៌របស់ដូនតាបន្សល់ទុកតាំងពីបូរាណមក ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅសម្រាប់ខេត្តមណ្ឌលគិរី ក្នុងពិធីបុណ្យអុំទូក បានរៀបចំកម្មវិធីប្រណាំងទូកលក្ខណៈកម្សាន្តតិចតួចប៉ុណ្ណោះនៅស្រុកកោះញែក ដែលជាប់ទន្លេស្រែពក។ប៉ុន្តែឆ្នាំនេះខុសប្លែកពីបណ្ដាឆ្នាំមុនៗ ត្បិតខេត្តមណ្ឌលគិរីមានទំនប់ទឹកសែនសុខដុម អាចប្រារព្ធពីធីប្រណាំងទូកចំកណ្ដាលក្រុង បង្កើនភាពទាក់ទាញ និងបង្កើនភាពសប្បាយរីករាយកាន់តែខ្លាំងឡើង ៕
https://youtu.be/bI7r90uQwSg