ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់បន្ថែមម៉ោងដំណើរការចេញ-ចូលដឹកទំនិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2024 ក+ ក-

ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀង អាជ្ញាធរកម្ពុជា-ថៃ បានបើកដំណើរការចេញ-ចូលដឹកទំនិញចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់ និងចាប់ដំណើរការពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ទៅ។


អភិបាលរងក្រុងប៉ោយប៉ែត លោក ញឹម ផឿង បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជា និងថៃ បានបើកកិច្ចប្រជុំមួយនៅក្នុងស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដែលភាគីកម្ពុជាដឹកនាំដោយ លោក លៀម សូដា អភិបាលរងខេត្តបន្ទាយមានជ័យ និងខាងភាគីថៃដឹកនាំដោយអភិបាលរងខេត្តស្រះកែវ រួមជាមួយមន្ត្រីពាក់ព័ន្ធទាំងពីរភាគីជាច្រើននាក់។


លោក ញឹម ផឿង បានបញ្ជាក់ថា៖ ការប្រជុំរវាងអាជ្ញាធរខេត្តជាប់ជាយដែនគ្នានេះ គឺប្រជុំផ្សព្វផ្សាយអំពីការដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀង ត្រូវបន្ថែមពេលវេលា ដោយបើកដំណើរការចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង១០យប់ សម្រាប់ការចេញចូលរថយន្តដឹកទំនិញធំៗ ដែលកន្លងមកបើកដំណើរចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាចតែប៉ុណ្ណោះ។


គួរបញ្ជាក់ផងដែរថាៈ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀង ជាច្រកព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា នឹងប្រទេសថៃ ដែលបានបើកដំណើរការឱ្យតែរថយន្តដឹកទំនិញចេញ-ចូលប៉ុណ្ណោះ។ដើម្បីបញ្ចៀសការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលសំរាប់ឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ រួមជាជាមួយប្រជាពលរដ្ឋទាំងពីរភាគីធ្វើដំណើរទៅមកប្រកបមុខរបរធ្វើការងារតែប៉ុណ្ណោះ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NRqHShETDGQ