សម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវគ្រួសក្រហមប្រវែងជាង៤គីឡូម៉ែត្រ និងស្ពានកំពង់ល្វា ឆ្លងកាត់ស្ទឹងពោធិ៍សាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2025 ក+ ក-

 

ពិធីនេះត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ស្របគ្នា ក្នុងឱកាសអបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ – ៧ មករា ២០២៥» ដោយមានការចូលរួមពី លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិ
សនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ, ឯកឧត្ដម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ព្រមទាំងលោក លោកស្រី
មន្ត្រីរាជការ,កងកម្លាំងប្រដាប់អាវុធទាំង៣, អាជ្ញាធរមូលដ្ឋាន, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង១ពាន់៥០០នាក់។


អភិបាលស្រុកភ្នំក្រវាញ លោក ធាម សុផាត បានឲ្យដឹងថា ស្ពានកំពង់ល្វា ដែលបានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ មានបណ្តោយប្រវែង១៦០ម៉ែត្រ ទទឹង៤,២០ម៉ែត្រ ឆ្លងកាត់ស្ទឹងពោធិ៍សាត់ បានស្ថាបនាជា៣ដំណាក់កាល គឺលើកទី១ នៅឆ្នាំ២០១៦ ជួសជុលឡើងវិញ នៅឆ្នាំ២០១៩ និងសាងសង់លើកទី២ នៅឆ្នាំ២០២៤ រួមទាំងផ្លូវគ្រួសក្រហមជាង៤គីឡូម៉ែត្រ ដោយចំណាយថវិកាអស់ជាង៤១ម៉ឺនដុល្លារអាមេរិក ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្ដម កែវ រតនៈ បានថ្លែងថា ផ្លូវគ្រួសក្រហម និងស្ពានឆ្លងកាត់ស្ទឹង ត្រង់ចំណុចភូមិតានុក ឃុំលាច និងត្រើយម្ខាងស្ថិតក្នុងភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីស្រន្លាងមួយទៀត ដែលកសាងឡើង ដោយក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំក្រវាញ ជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារ។ សមិទ្ធផលនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចក្មួយៗសិស្សានុសិស្ស ដែលកន្លងមកជួបការលំបាកព្រោះគ្មានផ្លូវ គ្មានស្ពាន ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ ជាពិសេសសិស្សានុសិស្ស ធ្វើដំណើរទៅសាលារៀន និងទៅកាន់មណ្ឌលសុខភាពជាដើម ។


ឯកឧត្ដម បន្តថា ជាង៤៦ឆ្នាំកន្លងមកនេះ សង្គមជាតិទាំងមូលទទួលបានសុខសន្តិភាព ស្ថេរភាព និងកសាងបាន នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់ទីកន្លែងក្នុងនោះក៏មានស្រុកភ្នំក្រវាញយើងផងដែរ។តាមរយៈសមិទ្ធផលនេះ ឯកឧត្ដម បានសំណូមពរឲ្យប្រជាពលរដ្ឋបន្តចូលរួមប្រើប្រាស់ និងថែរក្សាសមិទ្ធផលទាំងនេះ ឱ្យបានគង់វង្សល្អ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ រួមដំណើរជាមួយ សម្តេចតេជោ និងសម្តេចបវរធិបតី ដើម្បីបានបន្តគ្រប់គ្រងដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានឱកាសថែរក្សាសុខសន្តិភាពបន្តទៀត។
ក្នុងឱកាសនោះ ឯកឧត្ដម រដ្ឋមន្ត្រីក៏បានចែកវត្ថុកំដរដៃជានិម្មិតរូប ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមជាង១ពាន់៥០០នាក់ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម សម្រាប់ក្មួយៗសិស្សានុសិស្ស ទទួលបានសម្ភារៈសិក្សាស្មើៗគ្នា ព្រមទាំងបន្តអញ្ជើញកាត់ខ្សែបូរណ៌ សម្ពោធសមិទ្ធផលទាំងអស់នោះ ជាផ្លូវការផងដែរ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_Oopn9glwtw