អ្នកវិនិយោគកំពុងមានកង្វល់ពីមន្ត្រីជំនាញ និងអាជ្ញាធរខេត្តកំពង់ស្ពឺបង្ខំអោយយកក្រុមហ៊ុនដឹកជញ្ជូនសំរាមដែលភ្ញៀវទីផ្សារមិនពេញចិត្ត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2025 ក+ ក-

 

ប្រភពបុគ្គលិក កម្មកររោងចក្របានឲ្យដឹងថា នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ មន្ត្រីជំនាញ និងអាជ្ញាធរខេត្តកំពង់ស្ពឺដឹកនាំដោយអភិ បាលរងខេត្តម្នាក់បានចុះធ្វើការព្រមានបង្ខំឲ្យ បណ្តារោងចក្រ សហគ្រាសត្រូវយកក្រុមហ៊ុនដឹកសំរាមនៅក្នុងស្រុក។បើពុំនោះទេនៅពេលរោងចក្រស្នើសុំអាជ្ញាបណ្ណ័ឬលិខិតអនុញ្ញាតអ្វីមួយត្រឹមខេត្តគឺអត់ចេញឲ្យជាដាច់ខាត ។ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ស្ពឺមានក្រុមហ៊ុនដឹកសំរាមចំនួន ៣ គឺក្រុមហ៊ុន វែង សេង ហ្រ្គីន ក្រុមហ៊ុន អេកូដា និងក្រុមហ៊ុន សារុំត្រេឌីង ។

ក្រុមហ៊ុនទាំងនេះខាងភ្ញៀវនៅលើទីផ្សារមិនពេញចិត្តនឹងទទួលយកទេ ដោយសារក្រុមហ៊ុន វែង សេង ហ្រ្គីន និងក្រុមហ៊ុន អេកូដា មិនមានអាជ្ញាប័ណ្ណដឹកជញ្ជូនសំណល់រឹងឩស្សាហកម្ម និងសំណល់គ្រោះថ្នាក់ ។ ចំណែកក្រុមហ៊ុន សារុំ ត្រេឌីង ថ្វីត្បឹតតែមានអាជ្ញាប័ណ្ណដឹកជញ្ជូនសំណល់រឹងឩស្សាហកម្ម និងសំណល់គ្រោះថ្នាក់ក៏ដោយ ក៏ភ្ញៀវមិនពេញចិត្តដែរ។ដោយសារក្រុមហ៊ុននេះធ្លាប់មានសារព័ត៌មានចុះផ្សាយពីសកម្មភាពមិនគោរពច្បាប់បរិស្ថាន ។ ខាងរោងចក្រគេចង់បានក្រុមហ៊ុនក្រៅស្រុកដែលមានអាជ្ញាប័ណ្ណដឹកជញ្ជូនសំណល់រឹងឩស្សាហកម្ម និងសំណល់គ្រោះថ្នាក់ដែលភ្ញៀវពេញចិត្ត ។


គួរបញ្ជាក់ថា រោងចក្រសហគ្រាសនិមួយៗដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ គឺមានការចង្អុលបង្ហាញក៏ដូចជាការណែនាំផ្លូវពីថ្នាក់ដឹកនាំធំៗ ទើបថៅកែរោងចក្រម្នាក់ៗសុខចិត្តបោះទុនរាប់សិបលានដុល្លារមកបង្កើតចង្វាក់ការងារឲ្យប្រជាពលរដ្ឋមានការងារធ្វើ។ប៉ុន្តែអាជ្ញាធរខេត្តកំពង់ស្ពឺបែរជាបង្កការលំបាកមិនផ្តល់សិទ្ធិក្នុងការជ្រើសរើសយកក្រុមហ៊ុនក្រៅស្រុកដែលពួកគេចង់បាន ។ ដោយឡែកបញ្ហាបរិស្ថាន ក្រុមបុគ្គលិក កម្មករតាមបណ្តារោងចក្របានរិះគន់ថា អាជ្ញាធរខេត្តកំពង់ស្ពឺក្នុងមួយថ្ងៃៗដូចជាយកចិត្តទុកដាក់ខ្លាំងតែខាងរោងចក្រ សហគ្រាស។ប៉ុន្តែទំនងដូចជាមិនសូវយកចិត្តទុកដាក់ពីបញ្ហាសំរាមនៅតាមដងផ្លូវជាតិនោះទេ។ពីព្រោះនៅតាមដងផ្លូវជាតិ និងតាមទីសាធារណៈមានគំនរសំរាមដែលគេយកទៅបោះចោលពាសវាលពាសកាលស្ទើរគ្រប់ទីកន្លែង ហើយនៅត្រង់ទីតាំងគំនរសំរាមទាំងនោះ គឺមិនមានឃើញលើកផ្លាកអប់រំផ្សព្វផ្សាយពីផលប៉ះពាល់បរិស្ថានជុំវិញការបោះចោលសំរាមពាសវាលពាសកាលនោះទេ ។


ពាក់ព័ន្ធកង្វល់ និងការរិះគន់នេះ លោក ហន ភក្តី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមអ្នកសារព័ត៌មានអោយដឹងកាលពីល្ងាចថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៥ ម្សិលមិញនេះថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានក្រុមហ៊ុនបម្រើសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ចំនួន ៣ គឺក្រុមហ៊ុន វែង សេងហ្គ្រីន ឯ.ក មានកិច្ចសន្យា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយរដ្ឋបាលក្រុង ស្រុក ចំនួន ៣ គឺ ស្រុកគងពិសី ស្រុកឱរ៉ាល់ និងថ្ពង ក្នុងការបម្រើសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន (ផ្ទះបាយ ) និងសំណល់រាវ ចេញពីអាងស៊ិបទិក។

ក្រុមហ៊ុន អេកូដា ឯ.ក មានកិច្ចសន្យា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយរដ្ឋបាលក្រុង ស្រុក ចំនួន ៦ គឺ ក្រុងច្បារមន ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ (អតីតស្រុកឧដុង្គ) ស្រុកសំរោងទង ស្រុកភ្នំស្រួច និងបសេដ្ឋ ក្នុងការបម្រើសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន (ផ្ទះបាយ ) និងសំណល់រាវ និងក្រុមហ៊ុន សារុំ ត្រេឌីង ឯ.ក យោងតាមលិខិតលេខ ៤៥៨ ចុះថ្ងៃទី២៣ខែមីនា ឆ្នាំ២០២២ របស់ក្រសួងបរិស្ថាន ស្តីពីករណីសុំស្នើសុំបន្តអាជីវកម្មប្រមូល ដឹកជញ្ជូន និងសាងសង់ទីលានទុកដាក់សំរាម សំណល់រឹងឧស្សាហកម្ម និងសំណល់គ្រោះថ្នាក់ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។


បច្ចុប្បន្នក្រុមហ៊ុនទាំងនេះ កំពុងប្រតិបត្តិការក្នុងការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង របស់ខ្លួនស្ថិតក្នុងដែនសមត្ថកិច្ច ស្របតាមអនុក្រឹត្យលេខ ១១៣ អនក្រ ប.ក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ និងអនុក្រឹត្យលេខ៣៦ អនក្រ ប.ក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៩ ។
លោកបានបញ្ជាក់ថា គ្រប់បណ្តារោងចក្រ សហគ្រាស អាជីវកម្ម ត្រូវតែមានក្រុមហ៊ុនចំនួន ២ ដាច់ដោយឡែកពីគ្នាស្ថិតក្នុងដែនសមត្ថកិច្ច សម្រាប់បម្រើសេវាប្រមូល សម្អាត សំរាម សំណល់រឹង ទីប្រជុំជន(ផ្ទះបាយ)យកទៅដាក់នៅទីលាន និងក្រុមហ៊ុនបម្រើសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងឧស្សាហកម្ម និងសំណល់គ្រោះថ្នាក់យកទៅដាក់នៅទីលាន
រាល់គ្រប់ក្រុមហ៊ុនបម្រើសេវាក្នុងការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន (ផ្ទះបាយ) និងសំណល់រឹងឧស្សាហកម្ម និងសំណល់គ្រោះថ្នាក់ ដាក់លាយឡំគ្នានោះបានឡើយ។ ផ្អែកតាមអនុក្រឹត្យលេខ ១១៣ អនក្រ ប.ក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ និងអនុក្រឹត្យលេខ៣៦ អនក្រ ប.ក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៩ ។

ផ្អែកតាមកិច្ចសន្យាជាមួយរដ្ឋបាលក្រុងស្រុក ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន វែង សេងហ្គ្រីន ឯ.ក មានសិទ្ធិក្នុងការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជនប៉ុណ្ណោះ ដែលកិច្ចសន្យានេះ អនុវត្តស្របតាមអនុក្រឹត្យលេខ ១១៣ ចំណែកឯ សំណល់រឹងឧស្សាហកម្ម និងសំណល់គ្រោះថ្នាក់ មានតែក្រុមហ៊ុន សារុំ ត្រេឌីង ឯ.ក មានសិទ្ធិក្នុងការប្រមូល និងដឹកជញ្ជូនយកទៅដាក់នៅទីលាន ស្របតាមលិខិតលេខ ៤៥៨ ចុះថ្ងៃទី២៣ខែមីនា ឆ្នាំ២០២២ របស់ក្រសួងបរិស្ថាន និងអនុក្រឹត្យលេខ៣៦ អនក្រ ប.ក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩ ។

ចំពោះការសម្អាត តាមដងផ្លូវជាតិ និងតាមដងផ្លូវជាតិសំខាន់ៗទីប្រជុំជនក្នុងខេត្ត មន្ទីរបរិស្ថានបានរៀបចំផែនការយុទ្ធសាស្ត្រ ដោយសហការជាមួយរដ្ឋបាលក្រុង ស្រុក ក្រោមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំខេត្ត និងក្រសួងបរិស្ថាន ដោយអនុវត្តតាមសេចក្តីណែនាំលេខ ៣២/០១២៥ ប.ស្ថ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ របស់ ឯកឧត្តមរដ្ឋក្រសួងបរិស្ថាន ស្តីពីការអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ (ផ្លូវជាតិគ្មាន សំរាមប្លាស្ទិក) ក្នុងការអនុវត្តប្រមូល សម្អាត ជាប្រចាំ ដោយសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក បានបំផុសចលនាទៅដល់ភូមិ ឃុំ សង្កាត់ រោចក្រ សហគ្រាស វត្តអារ៉ាម សាលារៀន និងសាធារណជន រួមនិងក្រុមហ៊ុនសេវាប្រមូល ក្នុងដែនសមត្ថកិច្ច ឱ្យចូលរួមប្រមូល សម្អាត នៅតាមដងផ្លូវសាធារណៈ ទីប្រជុំជនជាប្រចាំ។ ទន្ទឹមនេះ មន្ទីរបរិស្ថាន រដ្ឋបាលក្រុង ស្រុក បានសហការគ្នាក្នុងការផ្សព្វផ្សាយជាសាធារណៈ ដល់ប្រជាពលរដ្ឋឱ្យចូលរួម កុំដុតផ្លាស្ទិក កុំចោលផ្លាស្ទិកក្នុងទឹក កុំកប់ផ្លាស្ទិកក្នុងដី និងប្រើប្រាស់សេវាប្រមូល និងដឹកជញ្ជូនសំរាមយកទៅដាក់នៅទីលានទាំងអស់គ្នា និងរៀបចំផែនការដាំកូនឈើនៅតាមដងផ្លូវសំខាន់ឱ្យក្លាយទៅជាផ្លូវបរិស្ថាន។ ជាពិសេសបានដាក់ធុងសំរាម និងលើកស្លាកសញ្ញាអប់រំផ្សព្វផ្សាយបរិស្ថាននៅតាមទីប្រជុំជន និងតាមដងផ្លូវសាធារណៈសំខាន់ៗមួយចំនួនផងដែរ ។


ទោះជាយ៉ាងនេះក្តី ក៏នៅតែមានមតិរិះគន់ដដែលពាក់ព័ន្ធបញ្ហាសំរាមនៅតាមដងផ្លូវ និងទីសាធារណៈ ហើយក៏មានមន្ត្រីបរិស្ថានមួយចំនួនបានរិះគន់លោក ហន ភក្តី ផងដែរចំពោះការមិនបានបង្ហាញសេចក្តីសម្រេចលេខ ៦៨ សសរ ចុះថ្ងៃទី ២៧ ខែ ឩសភា ឆ្នាំ ២០១៥ ដែលសាលាខេត្តកំពង់ស្ពឺសម្រេចប្រគល់ការងារប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង-រាវ និងសំណល់ផ្សេងៗឲ្យទៅក្រុមហ៊ុន វែង សេង ហ្រ្គីនផ្តាច់មុខនៅតាមគេហដ្ឋាន តាមផ្សារ ទីប្រជុំជនខេត្ត ក្រុង-ស្រុក តាមបណ្តារោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម ក្នុងខេត្តកំពង់ស្ពឺ ។ មន្ត្រីបរិស្ថានបានរិះគន់ថា សេចក្តីសម្រេចនេះបានរំលោភលើ(ស.ជ.ណ)របស់ក្រសួងបរិស្ថានលេខ៥០៤ប.ស្ថ ចុះថ្ងៃទី ០៦ ខែ ឩសភា ឆ្នាំ ២០១៦ ។

ពីព្រោះក្រសួងបរិស្ថានបានអនុញ្ញាតឲ្យក្រុមហ៊ុននេះដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន និងសំណល់រឹងនៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសក្នុងក្រុងច្បារមន ស្រុកសំរោងទង ស្រុកគងពិសី និងស្រុកឩដុង្គ ខេត្តកំពង់ស្ពឺដែលមិនមែនជាសំណល់រឹងចេញពីខ្សែចង្វាក់ផលិតកម្មនោះទេ ។ ប៉ុន្តែសេចក្តីសម្រេចលេខ ៦៨ សសរ នេះ បានអនុញ្ញតឲ្យក្រុមហ៊ុន វែង សេង ហ្រ្គីន ដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន សំណល់រឹង-រាវ ទូទាំងខេត្តកំពង់ស្ពឺតែម្តង ។

ហើយមិនបានបញ្ជាក់ខ្លឹមសារសំណល់រឹង-រាវជាសំណល់អ្វីឲ្យបានច្បាស់ លាស់ទៀត ។ បញ្ហានេះបានធ្វើឲ្យមានការទំនាស់ភាន់ច្រឡំដែលក្រុមហ៊ុននេះកំពុងយកសេចក្តីសម្រេចនេះប្រើសិទ្ធិក្នុងការដឹកជញ្ជូនសំណល់តាមក្រុមហ៊ុន រោងចក្រ សហគ្រាសជារៀងរាល់ថ្ងៃនេះ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មាន៖ https://youtu.be/_5TfVoKgwGw