រកឃើញជំងឺផ្ដាសាយបក្សីនៅលើមាន់ឈឺនិងងាប់នៅក្រុងកំពង់ឆ្នាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 March, 2025 ក+ ក-

មន្ត្រីការិយាល័យផលិតកម្មនិងបក្សសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២៥ មានសត្វមាន់ឈឺនឹងងាប់ នៅភូមិឡទឹកត្រី ។បន្ទាប់មកមន្ត្រីជំនាញបានយកសំណាក ពីសត្វមាន់ចំនួន២ក្បាល ទៅពិនិត្យ នៅ វិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីពិនិត្យរកមេរោគជំងឺឆ្លងបក្សី ជាពិសេសជំងឺផ្តាសាយបក្សី។នៅល្ងាច ថ្ងៃទី ៤ខែមីនា ការិយាល័យទទួលបានលទ្ធផលពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ថាសត្វទាំងនោះឆ្លងជំងឺផ្ដាសាយបក្សី ។


ក្រោយទទួលបានលទ្ធផលបែបនេះមន្ត្រីជំនាញបានប្រមូលព័ត៌មានពីអ្នកចិញ្ចឹមមាន់ នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង សរុប ១៥ គ្រួសារ ដែលមានមាន់ទាំងតូចទាំងធំសរុប១១៧ ក្បាល ក្នុងនោះគ្រួសារដែលមានមាន់ឈឺចំនួន ៦ គ្រួសារមាន ៣ គ្រួសារមាន់ងាប់អស់ និងមាន៣គ្រួសារទៀតមាន់រស់ចំនួន៣២ក្បាលក្នុងនោះ២គ្រួសារយល់ព្រមសម្លាប់មាន់និង១គ្រួសារមានមាន់ ១៥ ក្បាល កំពុងពិចារណា។


មន្ត្រីផលិតកម្មបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានធ្វើការផ្សព្វផ្សាយតាមរយៈការចែកខិតប័ណ្ណ និងបិទប៉ុស្ទ័រ ពីជំងឺផ្ដាសាយបក្សី ហាមការធ្វើចរា
ចរណ៍បក្សី ធ្វើជីវៈសុវត្ថិភាពផ្ទះទាំង៤១ខ្នង ។


នៅព្រឹកថ្ងៃទី ៥ ខែមីនា នេះដែរ មន្ត្រីផលិតកម្មនិងបសុព្យាបាលបានចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមផ្ទះ ក្នុងភូមិឡទឹកត្រីផងដែរ។ សូមបញ្ជាក់ដែរថាជំងឺផ្ដាសាយបក្សីកើតតែលើសត្វប៉ុណ្ណោះមិនបានឆ្លងមកមនុស្សទេ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yZa2w2Y6lnw