រដ្ឋមន្ត្រីការពារជាតិ អញ្ជើញជួបនិងបំពាក់គ្រឿងឥស្សរិយយសដល់កងកម្លាំងចុះប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ Z9MH-912
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 March, 2025 ក+ ក-

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានអញ្ជើញជាអធិបតី ក្នុងពិធីបូកសរុបប្រតិបត្តិការរុករក និងសង្គ្រោះ ឧទ្ធម្ភាគចក្រ Z9MH-912 ព្រមទាំងបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរ-ប័ណ្ណថ្លែងអំណរគុណ ដល់កងកម្លាំងចុះប្រតិបត្តិការរុករក និងសង្គ្រោះឧទ្ធម្ភាគចក្រ ដែលបានធ្លាក់ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់នាពេលកន្លងទៅ។


ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនចំពោះកងកម្លាំងគ្រប់កងឯកភាព ដែលបានប្រើប្រាស់កម្លាំងកាយចិត្ត ក្នុងការសហការចុះរុករកឧទ្ធម្ភាគចក្រ បើទោះបីភូមិសាស្ត្រព្រៃស្តុក មានជ្រលងជ្រោះជ្រៅ និងអាកាសធាតុមិនអំណោយផល ក៏កងកម្លាំងរបស់យើងបានពុះពារ និងបានទុកឱកាសដល់កម្លាំងចម្រុះ នៃកងយោធពលខេមរភូមិន្ទ ធ្វើការរុករកបន្ត រហូតទទួលបានជោគជ័យ។


ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កម្លាំងទាំងអស់ មិនថាកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ ឬកម្លាំងគណៈបញ្ជាការឯកភាពខេត្ត/ស្រុកប៉ុណ្ណោះទេ គឺសុទ្ធសឹងជាកម្លាំងស្នូល ដែលពួកគេមានឆន្ទៈខ្ពស់ ក្នុងការសហការគ្នារុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង ក្នុងអំឡុងពេលបើកហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។


ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានគូសបញ្ជាក់ថា យើងរៀបចំកម្មវិធីនាឱកាសនេះ គឺដើម្បីបូកសរុបដកពិសោធន៍ ក្នុងប្រតិបត្តិការរុករក និងសង្គ្រោះ ឧទ្ធម្ភាគចក្រ ប្រភេទZ9MH-912 ដើម្បីមានមូលដ្ឋានត្រៀមបង្ការទៅថ្ងៃខាងមុខ។ ជាមួយគ្នានោះ ក៏ដើម្បីលើកទឹកចិត្ត ដល់កងកម្លាំងចុះប្រតិបត្តិការរុករក និងសង្គ្រោះ ដែលត្រូវបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណ សរសើរ-លិខិតថ្លែងអំណរគុណផងដែរ។


សូមរំឮកថា ឧទ្ធម្ភាគចក្រ ត្រូវបានក្រុមរុករកប្រទះឃើញ នៅចង្កេះភ្នំវាលធំ (យ៉ាវយ៉ៃ) នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ និងបានឃើញសាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ នៅនឹងកៅអីឧទ្ធម្ភាគចក្រនោះ។ ដោយឡែកនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងរុករក ក៏បានបន្តប្រទះឃើញអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា បានបាត់បង់ជីវិត នៅចម្ងាយប្រមាណ២១០ម៉ែត្រ ពីចំណុចធ្លាក់ឧទ្ធម្ភាគចក្រ។


ឧទ្ធម្ភាគចក្រយោធា Z9MH-912 បានបាត់ដំណឹងកាល ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រនេះដែរ បានប្រើប្រាស់គ្រប់មធ្យោបាយ រួមមាន កងកម្លាំងរុករកពីខាងលើតំបន់ព្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើង ចូលទៅកាន់តំបន់ព្រៃក្រាស់ តាមជ្រោះជ្រលងភ្នំជាដើម៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/32W61oSxch0