​គ្រោះថ្នាក់​នៃ​សារធាតុ​ក្នុងថ្នាំ​សម្លាប់ មូស​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2014 ក+ ក-

មូស​តែង​ចម្លងជំងឺ​មក​មនុស្ស​តាមរយៈ​ការ​ខាំ​បឺត​ឈាម ។ ប៉ុន្តែ​ការប្រើប្រាស់​ថ្នាំ​បាញ់​មូស​ក៏បង្ក​នូវ​ផលវិបាក និង​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ផងដែរ ។ មាន​ករណី​ត្រូវ​ពុល​ថ្នាំ​សម្លាប់​មូស​ជាច្រើន​ដល់​ថ្នាក់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​ក៏មាន ។​

ថ្នាំ​បាញ់​មូស​នឹង​បង្ក​ភាពច្របូកច្របល់​ដល់​ប្រព័ន្ធ​ដង្ហើម ពិសេស​គឺ​ប្រភេទ​ថ្នាំ​បាញ់​មូស​ដែលមាន​ផ្ទុក​សារធាតុ DEET ។ តាម​ការស្រាវជ្រាវ​រប​ស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺគ្រុនចាញ់​អាមេរិក មាន​៥៧​ភាគរយ​នៃ​ចំនួន​វេជ្ជបណ្ឌិត​រាយការណ៍​ថា អ្នកជំងឺ​តែង​ជួប​បញ្ហា​ខាង​ដង្ហើម ដូចជា​ត្រូវ​ហឺត រំញោច​ប្រតិកម្ម​សួត​ក្រោយពេល​ប្រើប្រាស់​ថ្នាំ​បាញ់​មូស ។

​ថ្នាំ​បាញ់​មូស​ក៏​ងាយ​ជ្រាបចូល​ស្បែកដែរ ។ ពេលដែល​ជ្រាប​កាត់​ស្បែក វា​នឹង​ចូល​ដោយ​ស្រួល​ទៅក្នុង​ឈាម និង​ដើរ​ពាសពេញ​សរីរាង្គ​តាំងពី​ពោះវៀន ថ្លើម សួត និង​ផ្នែក​សំខាន់ៗ​ដទៃទៀត ដូចជា​តម្រងនោម ខួរក្បាល … ។ ទោះបី​ពុំទាន់​គ្រប់​សមត្ថភាព​ជ្រាប​កាត់​ស្បែក​ដើម្បី​បង្ក​គ្រោះថ្នាក់​ដល់​សរីរាង្គ​ដូច​រៀបរាប់​ខាងលើ​ក្តី ក៏​វា​ត្រូវ​រំញោច​ប្រតិកម្ម​ចេញ​កន្ទួល​រមាស់​ដោយ​អន្លើ​ដែរ​។

កុមារ​និង​ទារក​ទើប​កើត​ងាយ​ត្រូវរបួស​ខួរក្បាល​បំផុត ប្រសិន​ស្រូប​ក្លិនថ្នាំ​បាញ់​មូស​ដែលមាន​ផ្ទុក​សារធាតុ DEET ។ តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺគ្រុនចាញ់ សារជាតិ ហ្វូ​ស​ហ្វា​ត​អ័​រ​ហ្គា​និក មាននៅ​ក្នុង​បណ្តា​ផលិតផល​បាញ់សម្លាប់​មូស​អាច​បង្ក​ការបាត់​បង់ជីវិត​ប្រសិនបើ​ប្រើប្រាស់​មិន​ត្រឹមត្រូវ ។​

​កម្ចាត់​សត្វ​មូស​ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ​បាញ់សម្លាប់​មូស​តាម​វិធី​សាមញ្ញ​មួយចំនួន​ដូចខាងក្រោម​នេះ ៖
១-​ប្រើ​ទឹក​ខ្ពុរមាត់ Listerine : ដាក់​ទឹក​ខ្ពុរមាត់ Listerine ទៅក្នុង​បំពង់​បាញ់ (​ប្រភេទ​បំពង់​តូច​ដើម្បី​បាញ់ស្រោច​ផ្កា​) និង​បាញ់​ទៅលើ​តុ​កៅអី ក្រណាត់​ជូត​ជើង … ។ Listerine មាន​ឥទ្ធិពល​បណ្តេញ​មូស ដោយសារ​ក្នុង​សមាសធាតុ​មាន​ផ្ទុក​ប្រេង Eucalyptus ។​

២.​ប្រើ​ខ្ទឹមស​បុក​ម៉ដ្ឋៈ ខ្ទឹម ស​.​ស្រស់​បុក​ឲ្យ​ម៉ដ្ឋ​រួច​ដាក់​តាម​កន្លែង​ដែល​ចង់​បណ្តេញ​មូស​ព្រោះ​វា​មាន​ឥទ្ធិពល​បណ្តេញ​មូស​យ៉ាង​ប្រសិទ្ធភាព​។ ប្រើ​មើម​ខ្ទឹមស​.​ស្រស់​តែ​ប៉ុន្មាន​មើម​បុក​ឱ្យ​ម៉ដ្ឋ​រហូតដល់​ហូរ​ទឹក រួច​លាប​លើ​ស្បែក​ក៏​អាច​បណ្តេញ​មូស​បានដែរ ។ បរិភោគ​ខ្ទឹមស​.​ក៏មាន​ឥទ្ធិពល​បណ្តេញ​មូស​ដែរ ។ ពេល បរិភោគ​ខ្ទឹម ក្លិន​ខ្ទឹម​ក៏​នឹងត្រូវ​បានចេញ​តាម​ប្រហោង​រោម​នៅលើ​ស្បែក ទោះបីជា​យើង​មិន​ទទួល​អារម្មណ៍​បាន​ពី​ក្លិន​ខ្ទឹមស​.​ចេញ​កាត់​ស្បែក​នោះ​ក្តី​ក៏​មូស​វា​អាច​រំញោច​ដោយ​ក្លិន​នោះដែរ​។​

៣.​វីតាមីនៈ បរិភោគ​អាហារ​ច្រើន​ប្រភេទ​មាន​ផ្ទុក​វីតាមីន B1, B12, វីតាមីន C ព្រោះ​មូស​មិនត្រូវ​គ្នា​ជាមួយ​ពពួក​វីតាមីន​ទាំងនេះ ។​

៤.​ដាំ​រុក្ខជាតិ​បណ្តេញ​មូសៈ ដាំ​ប្រភេទ​រុក្ខជាតិ​មាន​ឥទ្ធិពល​បណ្តេញ មូស​ជុំវិញ​ផ្ទះ ឬ​ក្នុងផ្ទះ ដូច​ជាដើម​ស្លឹកគ្រៃ ខ្ទឹមស ដើម​ក្រូចឆ្មារ​… ។​

​ប្រការ​គួរឱ្យ​យកចិត្តទុកដាក់​ដើម្បី​កុំឱ្យ មូស​ក្រវែល​គឺ​ក្លិន ។ មូស​ចូលចិត្ត​ខ្លាំង​ក្លិន​របស់​ទឹកអប់ ថ្នាំ​បាញ់​កម្ចាត់​ក្លិន​សរីរាង្គ gel លាប​សក់ សាប៊ូ​ក្រអូប សារជាតិ​ប្រើប្រាស់​ដើម្បី​បោក​សម្លៀកបំពាក់ ។

ក្នុងករណី​ចាំបាច់​ដែល​ត្រូវ​ប្រើប្រាស់​ថ្នាំ​បាញ់​មូស គួរ​ប្រព្រឹត្ត​តាម​គោលការណ៍​ខាងក្រោម​នេះ ៖
មិន​ប្រើប្រាស់​ថ្នាំ​បាញ់​មូស​ពេល​ស្បែ​កមាន​ស្នាម​ដាច់​រលាត់ ត្រូវរបួស … ។ មិន​បាញ់ថ្នាំ​ក្នុង​បន្ទប់​បិទ​ជិត តែ​ត្រូវ​បើក​បង្អួច​បន្ទប់ ឬ​បាញ់​តែ​ខាងក្រៅ​ធ្លា​ផ្ទះ មិន​ហឺត បរិយាកាស​នៅ​តំបន់​ទើប​បាញ់ថ្នាំ ។ មិន​បាញ់ថ្នាំ​នៅ​ជិត​កន្លែង​ទុកដាក់​អាហារ ។ មិន​បាញ់ថ្នាំ​ប្រសិន​ក្នុង​បន្ទប់​មាន​កុមារ ៕

Untitled-1