ភ្នំពេញ៖ លោក ចន ឃើរី រដ្ឋមន្ត្រីការបរទេសអាមេរិក កើតនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៤៣ មានឈ្មោះជាអក្សរឡាតាំង John Forbes Kerry។លោកជាអ្នកនយោបាយអាមេរិក បានកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ជំនួសលោកស្រី ហ៊ីលឡារី គ្លីនតុន។
លោក ឃើរី ធ្លាប់ជាសមាជិកព្រឹទ្ធសភាអាមេរិក និងជាអតីតប្រធានគណៈកម្មការទំនាក់ទំនងកិច្ចការបរទេស របស់សហរដ្ឋអាមេរិក។ លោក ចន ឃើរី ក៏ធ្លាប់ជាបេក្ខជនប្រធានាធិបតីអាមេរិក របស់គណបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី កាលពីឆ្នាំ២០០៤។ កាលណោះ លោក ចន ឃើរី ប្រជែងចាញ់ឆ្នោតជាមួយនឹងលោក George W. Bush។
កើត ក្នុងតំបន់ Aurora ក្នុងរដ្ឋ Colorado លោក ចន ឃើរី បានសិក្សានៅ សាលាក្នុងរដ្ឋ Massachusetts និង New Hampshire។ លោក ចន ឃើរី បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Yale University នៅឆ្នាំ១៩៦៦។
លោក ចន ឃើរី ក៏ធ្លាប់ជាអតីតទាហានអាមេរិក មកបម្រើការងារនៅក្នុងប្រទេសវៀតណាម ខាងត្បូង កាលពីអំឡុងឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៦៩។ ក្នុងការងារ នៅក្នុងសង្គ្រាមនៅវៀតណាម លោក ចន ឃើរី ទទួលបានមេដាយជាច្រើន។ បន្ទាប់ពីវិលត្រលប់ទៅអាមេរិក លោក ចន ឃើរី ក៏បានចូលរួមក្នុងអង្គការមួយ ដែលពាក់ព័ន្ធនឹងសង្គ្រាមនៅវៀតណាម។
ក្រោយមក លោក ចន ឃើរី ក៏បានក្លាយជាសមាជិកព្រឹទ្ធសភា អាមេរិក នៅឆ្នាំ១៩៨៤។
នៅឆ្នាំ២០០៤ ក្នុងយុទ្ធនាការឃោសនាការបោះឆ្នោតប្រធានាធិបតីអាមេរិក លោក ចន ឃើរី បានបរិហាររិះគន់លោក George W. Bush អំពីសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ាក់។ ប៉ុន្តែក្នុងការបោះឆ្នោតនោះ លោក ចន ឃើរី បានចាញ់ឆ្នោត។
នៅឆ្នាំ២០០៩ លោក ចន ឃើរី បានក្លាយជាប្រធានគណៈកម្មការទំនាក់ទំនងអន្តរជាតិ របស់ព្រឹទ្ធសភា អាមេរិក។ លោក ចន ឃើរី ត្រូវបានព្រឹទ្ធសភាអាមេរិក បោះឆ្នោតជ្រើសតាំងជារដ្ឋមន្ត្រីការបរទេសអាមេរិក ជំនួសលោកស្រី ហ៊ីលឡារី គ្លីនតុន ដោយសំឡេងគាំទ្រ ៩៤ ទល់នឹង ៣ សំឡេង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣។ លោក ចន ឃើរី បានចូលកាន់តំណែង ជារដ្ឋមន្ត្រីការបរទេសអាមេរិក នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣៕(រូបថត៖RFA)