ភ្នំពេញះ ប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ៍យ រាជធានីភ្នំពេញ បាននាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះក្រុមអ្នកដើរដាក់លូតាមផ្លូវមុខផ្ទះ ដែលលក្ខខណ្ឌឲ្យគ្រប់ម្ចាស់ផ្ទះបង់លុយពួកគេចំនួន250 សំរាប់ដីមួយប្លង់(5គុណ នឹង20)។
ចលនាដើររៃអង្គាសរួមផ្សំដោយលក្ខខណ្ឌផងនេះ បានធ្វើអោយប្រជាពលរដ្ឋ ងឿយឆ្ងល់យ៉ាងខ្លាំង ព្រោះពួកគាត់មិនបានដឹងជាមុនថា វាមានអីកើតឡើងនៅក្នុងស្រុកភូមិរបស់គាត់ទេ ស្ងាត់ៗស្រាប់តែមានគេមកជីកកាយដីមុខផ្ទះ ដាក់លូ និងបានបំផុសអោយគ្រប់ម្ចាស់ផ្ទះបង់លុយចំនួន250 ដុល្លារ ដោយគំរាមថា បើម្ចាស់ផ្ទះណា ឬដីឡូណាមិនព្រមបង់លុយនោះទេ គេក៏មិនដាក់លូអោយដែរ។
ទាក់ទងនឹងបញ្ហាយកលុយដាក់លូនេះ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់តាមប្រព័ន្ធហ្វេសប៊ុកថា នៅតំបន់នោះវាទាប ។កន្លងមក ភូមិ-សង្កាត់បានប្រជុំគ្នាដាក់លូ តែរឿងការដើរប្រមូលលុយយ៉ាងណានោះលោក មិនបានអនុញ្ញាតទេ។
ដោយមិនមានភាពច្បាស់លាស់នោះ ក្រុមភ្នាក់ងារព័ត៌មានបានទៅទាក់ទងផ្ទាល់ជាមួយលោកចៅសង្កាត់ត្រពាំងក្រសាំង ។លោក មិនបានបញ្ជាក់ពីក្រុមហ៊ុនណា ឬក្រុមជាងមកពីណានោះទេ ដោយលោកទាំងស្រពេចស្រពិលថាឯកសារច្រើនពេក។ចំពោះការយកលុយលោកក៏បានទទួលស្គាល់ថា វាពិត ជាមានមែន ដោយតំរូវអោយប្រជាពលរដ្ឋស្ម័គ្រចិត្ត ។បានន័យថា សង្កាត់មិនមានលុយឯណា សំរាប់ចេញអោយប្រជាពលរដ្ឋនោះទេ តែលោកថា ប្រសិនបើមានប្រជាពលរដ្ឋណាខ្វះលទ្ធភាព ខាងក្រុមជាងក៏អនុគ្រោះដែរ។
ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋថា បើមុននឹងធ្វើអីគឺសុំកោះហៅប្រជាពលរដ្ឋ ទៅនិយាយជុំគ្នាពីរឿងដាក់លូនេះថា វាយ៉ាងម៉េចមានការព្រមព្រៀងគ្នាសិនមិនបានប្រាប់ប្រជាជនផង គឺប្រជាជនតែងមានមន្ទិលអញ្ជឹងហើយ។
គួររំលឹកថា សាលារាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស បានក្រើនរំលឹកដល់អាជ្ញាធរទាំងអស់កុំអោយដើររៃអង្គាស ពិសេសការធ្វើលូនេះតែម្តង ប៉ុន្តែនៅសង្កសត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ អាជ្ញាធរនៅតែដើររៃលុយប្រជាពលរដ្ឋឲ្យចេញលុយធ្វើលូតាមផ្លូវមុខផ្ទះដដែល ។ តើសាលារាជធានីបានផ្លាស់ប្តូរចិត្តឬយ៉ាងដូចម្តេច ?មេត្តាជួយឆ្លើយតបឲ្យប្រជាពលរដ្ឋបានដឹងផង៕