ដោយ៖សហការី
ខេត្តកំពត៖នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពត បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី១០ របស់ក្រុមប្រឹក្សាសមាគម ក្នុងគោលបំណងដើម្បី ត្រួតពិនិត្យមើលអំពី វឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ដែលសមាគមបានអនុវត្តកន្លងមក ព្រមទាំងពិនិត្យអនុម័ត លើរបាយការណ៍ លទ្ធផលការងារ ផែនការសកម្មភាព និងថវិកា សម្រាប់អនុវត្តបន្តឆ្នាំ២០១៦។
កិច្ចប្រជុំក្រោមវត្តមានចូលរួមជាអធិបតីភាពបើកពិធីដោយលោក អ៉ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្តនិងបិទកិច្ចប្រជុំលោក ខូយ ឃុនហ៊ួរ អភិបាលខេត្ត មានរយះពេលមួយថ្ងៃនិងមានសមាជិក សមាជិកាចូលរួមពីសំណាក់ តំណាងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត តំណាងអង្គការដៃគូអភិវឌ្ឍន៍ អភិបាលក្រុង ស្រុក ប្រធានក្រុមប្រឹក្សាក្រុង ស្រុកឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ សរុបចំនួន១៨៦រូប។
លោក ស៊ីវ-យុត ប្រធាសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ បាន ធ្វើរបាយការណ៍អោយដឹងថា ដំបូងឡើយសមាគមក្រុមប្រឹក្សាឃុំ ខេត្តកំពត បានបង្កើតឡើងដោយសន្និបាតសមាគមក្រុមប្រឹក្សាឃុំ កាលពីខែកម្ភៈ ឆ្នាំ២០០៦ដែលមានសមាសភាពប្រតិភូ ជាក្រុមប្រឹក្សា ឃុំ សង្កាត់ទាំង១៦៤នាក់ចូលរួម ហើយបច្ចុប្បន្ន សមាគម បានពង្រីកសមាជិកភាពដល់ក្រុមប្រឹក្សា ក្រុង ស្រុក ដែលហៅថា សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់តាមមហាសន្និបាតកាលពីខែមេសាឆ្នាំ២០១៤ គិតមកដល់ពេលនេះមានសមាជិកចំនួន៨៨ឃុំ ៥សង្កាត់ ១ក្រុង និង៧ស្រុក។
សមាគមនេះបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ឋានៈ និងអភិវឌ្ឍន៍សមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិកកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
មានប្រសាសន៍បិទកិច្ចប្រជុំលោក ខូយ ឃុនហ៊ួរ អភិបាលខេត្តបានកោតសរសើរចំពោះការយកចិត្តទុកដាក់និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួអោយមោទនៈ នាពេលកន្លងទៅ និងរហូតដល់ពេលនេះ។ លោក ខូយ ឃុនហ៊ួរ ក៏បានណែនាំផ្តាំផ្ញើដល់ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ត្រូវបន្តខិតខំយកចិត្តទុកដាក់ កសាងសមត្ថភាព ពង្រឹងចំណេះដឹង និងការទទួលខុសត្រូវខ្ពស់ដើម្បីត្រៀមខ្លួនទទួលយកធនធាននិងមុខងារថ្មីៗដែលរាជរដ្ឋាភិបាលក៏ដូចក្រសួងស្ថាប័ននានាដែលត្រូវប្រតិភូកម្មផ្តល់ជូននាពេលខាងមុខឆាប់ៗនេះ ។
ទន្ទឹមនិងអភិវឌ្ឍសមត្ថភាព ក៏ត្រូវយកចិត្តទុកដាក់យ៉ាងសំខាន់លើការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អ និងមានប្រសិទ្ធភាពផងដែរ៕