ដោយ៖ ប៉ែន សុផល ,រាយការណ៍បន្ថែម៖ អ. វ
បាត់ដំបង៖ ចោរមួយប្រដាប់ដោយអាវុធAK១ដើម និងអាវុធខ្លី២ដើម បានចូលទៅប្លន់និងបាញ់ជិត១០គ្រាប់ បណ្តាលអោយស្លាប់ម្នាក់និងរងរបួសបីនាក់ នៅផ្ទះលក់ដូរមួយកន្លែង ស្ថិតនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង នៅវេលាម៉ោងប្រមាណ ១០យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ហើយក្រុមចោរបានប្រមូលយកគ្រឿងអលង្ការអស់មួយចំនួន ។
លោកវរ:សេនីយ៏ត្រីផាន់ ចាន់ណារ៉ា អធិការស្រុកកំរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះថា ជនសង្ស័យមានគ្នា ៥នាក់ ប្រដាប់ដោយអាវុធ AK ១ដើម អាវុធខ្លី២ដើមបានធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិអស់មួយចំនួនជនរងគ្រោះ ឈ្មោះ កូយ សេងលី ភេទប្រុស អាយុ៥២ឆ្នាំ មុខររបរ លក់ដូរ។
ជនល្មើសបានបាញ់អាវុធ AK ចំនួន ៥គ្រាប់ និងបាញ់អាវុធខ្លី ៣គ្រាប់ បណ្តាលជនរងគ្រោះ ភៀង ភុន អាយុ៥៤ឆ្នាំ (ឪពុក) ត្រូវទ្រូង ហើយបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទឹកដីថៃ និងរងរបួស ៣នាក់ រួមមាន ទី១ឈ្មោះ ផុន ឡៃម៉េង អាយុ៣២ឆ្នាំ (កូន) ត្រូវបញ្ជូនទៅពេទ្យប៉ៃលិន ទី២-ឈ្មោះ កូយ សេងលី អាយុ៥២ឆ្នាំ ជនល្មើសវ៉ៃនឹងដែកស្បែងរបួសស្មាឆ្វេង និងទី៣-ឈ្មោះ ម៉េង ជុង អាយុ៣៦ឆ្នាំ ជនល្មើសវ៉ៃនឹងដែកស្បែង របួសដៃស្តាំរបួសស្រាល។
ក្នុងអំពើប្លន់នេះក្រុមចោរបានប្រមូលគ្រឿងអលង្ការរួមមាន ខ្សែកផ្លាកទីន១ខ្សែ ចិញ្ជៀន១វង់ ៣ជី។ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច ជាច្រើននាក់ទាំងនគរបាល និងអាវុធហត្ថបានចុះទៅជួយអន្តរាគមន៍ដើម្បីតាមស្រាវជ្រាវចាប់ក្រុមជនល្មើស៕