ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង ៖ អាគារមួយខ្នងនៃសាលារៀនក្តីសង្ឃឹមអាស៊ី នៅក្រុងបាត់ដំបង ដែលបញ្ចប់ការសាងសង់ក្រោមជំនួយរបស់សប្បុរសជននៅសហរដ្ឋអាមេរិកក្នុងរង្វង់ទឹកប្រាក់ប្រមាណ១៧៥ ០០០ដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅចុងខែមករា នេះ។
លោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និង លោក គឹម វណ្ណៈ អភិបាលស្រុកសង្កែ នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីភាព ក្នុងពិធីសម្ពោធសាលារៀនក្ដីសង្ឃឹមអាស៊ី ស្ថិតនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួម ពីជនបរទេសមកពីសហរដ្ឋអាមេរិក និងកុមារ ចំនួន ៦មណ្ឌល ផងដែរ ។
សាលារៀនក្ដីសង្ឃឹមអាស៊ី ខេត្តបាត់ដំបង ចាប់ផ្ដើមសាងសង់ពី ខែសីហាឆ្នាំ២០១៥ និងបញ្ចប់ជាស្ថាពរ នៅក្នុងខែមករា ឆ្នាំ២០១៦ នេះ។ក្នុងនោះមានសាលា ១ខ្នង មានចំនួន ១២បន្ទប់ ចំណាយថវិកាសាងសង់ចំនួន ១៧៥ ០០០$ (មួយរយចិតសិបប្រាំពាន់ដុល្លារ) ក្រោមជំនួយពីសប្បុរសជន នៅសហរដ្ឋអាមេរិក តាមរយ: អង្គការក្ដីសង្ឃឹមអាស៊ី អន្តរជាតិ ។
បន្ទាប់មកលោក ច័ន្ទ សុផល បានកាត់ខ្សែរបូរ និងប្រកាសដាក់អោយប្រើប្រាស់ ជាផ្លូវការ ប្រកបដោយបរិយាកាសរីករាយក្រៃលែង ៕