ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង ៖ អ្នកសារព័ត៌មានក្នុងខេត្តបាត់ដំបងចំនួន២នាក់ បានរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ខណះកំពុងធ្វើដំណើរត្រឡប់មកពីយកព័ត៌មាន នៅស្រុកកំរៀង ដោយសារជិះម៉ូតូគេចពីរថយន្ត ត្រង់ចំណុចផ្លូវកោង រួចជ្រុលទៅបុកបង្កាន់ស្ពានពង្រ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ នៅនឹងកន្លែង ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ជាង២រសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ ក្នុងភូមិសាស្ត្រ ស្រុកបវេល ខេត្តបាត់ដំបង ។
ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត មានឈ្មោះ សុខ ចាន់ថន ភេទប្រុស អាយុ៥៦ឆ្នាំ ជាអ្នកសារព័ត៌មាន «កម្ពុជាអភិវឌ្ឍន៍» រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង រីឯអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ មាស.ប៊ុនធឿន ភេទប្រុស អាយុ៥២ឆ្នាំ ជាអ្នកសារព័ត៌មាន «គតិជាតិខ្មែរ» រស់នៅភូមិព្រែកព្រះស្ដេច បានរងរបួសធ្ងន់ ត្រូវគេដឹកបញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។
ប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូម៉ាក Wave ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ បាត់ដំបង ១C-៨៦៧៤ គោលបំណងទៅយកព័ត៌មាន នៅស្រុកកំរៀង លុះត្រឡប់មកវិញ ជនរងគ្រោះ បានបើកម៉ូតូវ៉ារថយន្តមួយគ្រឿងដែលបើកស្របទិសគ្នា ស្រាប់តែវ៉ាក់អើនឹងរថយន្តមួយគ្រឿងផ្សេងទៀតដែលបើកបញ្ច្រាស់មកពីមុខ។ ភ្លាមៗនោះ ជនរងគ្រោះ បានបត់ចង្កូតគេចពីរថយន្ត ហើយក៏ជ្រុលទៅបុកបង្កាន់ស្ពានពង្រ បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់តែម្ដង ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីយ៍ នៅឯគេហដ្ឋាន ៕