ដោយ៖ស សាម
ភ្នំពេញ៖សពមេខ្លោងក្រុមចោរប្លន់រហស្សនាម គូល័រ ដែលមានឈ្មោះដើមកំណើត ខេង ពិសិដ្ឋ ហៅ ផាត អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកក្តី ឃុំរកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ ត្រូវបានប្អូនស្រី និងសាច់ញាតិបានមកស្នើសុំពីសមត្ថកិច្ច ដើម្បីយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច្ច័យក្រុងភ្នំពេញពិនិត្យរួចរាល់។ នេះបើតាមការឲ្យដឹងពីលោក ឈឹម ប៊ុនរ័ត្ន អធិការរងនគរបាលខណ្ឌដង្កោ។
លោកអធិការរង ឈឹម ប៊ុនរ័ត្ន បន្ថែមថា ជនសង្ស័យដែលជាមេខ្លោងក្រុមចោរប្លន់ប្រដាប់អាវុធនេះគឺ មានដីកាចាប់ខ្លួនផងដែរ ។ក្រុមនេះគឺជាក្រុមប្លន់ប្រដាប់អាវុធយ៉ាងសកម្មក្នុងរាជធានី គឺជាក្រុមដែលមានរហស្សនាមថា (ក្រុមកាំភ្លើងស)។ លោកអធិការរងនគរបាលបន្តថា នៅរសៀល ថ្ងៃទី២មករានោះផងដែរ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រុងក៏បានទៅនាំខ្លួនជនសង្ស័យម្នាក់ទៀត ពាក់ព័ន្ធនឹងទទួលទិញផលចោរកម្មពីក្រុមខាងលើដែរ។
គួររំលឹកថា ជនសង្ស័យជាក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា៣នាក់ ហើយជនសង្ស័យ ម្នាក់ឈ្មោះ ខេង ពិសិដ្ឋ រហស្សនាម គូល័រ ហៅផាត ដែលជាមេខ្លោងបានស្លាប់នៅកណ្តាលវាលស្រែដោយសារត្រូវគ្រាប់កាំភ្លើងចំនួន ៨ គ្រាប់ ខណះជននេះបានបាញ់តដៃជាមួយសមត្ថកិច្ច ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។
នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦នេះ ត្រូវបានប្អូនស្រី និងសាច់ញាតិបានមកស្នើសុំសាកសព ខេង ពិសិដ្ឋ ពីសមត្ថកិច្ចដើម្បីយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕