ដោយះ៖សហការី
បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបងហាក់មិនអើពើចំពោះករណីកម្ទេចភ្នំ ការជីកយកអាចម៍ដីលក់ និងការរុករករ៉ែមាសនោះទេ ខណៈប្រជាពលរដ្ឋបាន និងកំពុងព្រួយបារម្ភយ៉ាងខ្លាំងហើយចោទប្រកាន់ថា ទីតាំងខាងលើនេះជាឆ្នាំងបាយរបស់មន្ត្រីខិលខូច។
មន្ត្រីរាជការមួយចំនួននៅខេត្តបាត់ដំបង បានឲ្យដឹងថា សកម្មភាពកាយដីភ្នំមួយកន្លែងនៅ ភូមិកក់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ស្ទើររលាយបាត់រូបរាងនោះ មានជាប់ពាក់ព័ន្ធនឹងលោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ព្រមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋានផងដែរ។ ប្រសិនបើគ្មានការបើកដៃពីមន្ត្រីអាជ្ញាធរឃុំ អាជ្ញាធរស្រុក និងអាជ្ញាធរខេត្តទេនោះ គឺឈ្មួញមិនអាចកាយភ្នំយកអាចម៍ដីលក់ និងយកថ្មលក់ស្រេចអំពើចិត្តបានឡើយ។
ប្រភពបានអំពាវនាវស្នើដល់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល គួរពិនិត្យមើលបញ្ហានេះជាបន្ទាន់ផង ព្រោះភ្នំជាច្រើនកន្លែងនៅស្រុកបាណន់ ត្រូវគេធ្វើអាជីវកម្មថ្មកែវ ថ្មក្រហម និងកាយអាចម៍ដីលក់ស្ទើររលាយសាបសូន្យអស់ទៅហើយ។
ប្រជាពលរដ្ឋរស់នៅឃុំតាគ្រាម ស្រុកបាណន់ បានឲ្យដឹងថា មេឃុំ និងអភិបាលស្រុក តែងតែគេចវេះពីសំណួររបស់អ្នកកាសែត ហើយឆ្លើយដោះសាយករួចខ្លួនដោយគ្មានការទទួលខុសត្រូវ ក្នុងករណីកម្ទេចភ្នំ និងជីកយកអាចម៍ដី យ៉ាងអនាធិបតេយ្យនោះទេ ។
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ដែលកំពុងមានប្រជាប្រីយ៍ភាព ក៏មិនដែលគិតគូរចាត់វិធានការទប់ស្កាត់អាជីវកម្មថ្មកែវ ថ្មក្រហម និងសកម្មភាពកាយដីភ្នំលក់នៅស្រុកបាណន់ ខេត្តបាត់ដំបងនោះដែរ ។ដោយសារការមិនអើពើចំពោះទង្វើបែបអនាធិបតេយ្យខាងលើនេះ ត្រូវគេដាក់ការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លូន ទុកឲ្យក្រុមឈ្មួញនៅតែអាចបន្តសកម្មភាពធ្វើអាជីវកម្មថ្មកែវ ថ្មក្រហម និងកាយដីភ្នំក្នុងឃុំតាគ្រាម ស្រុកបាណន់ តាមអំពើចិត្តធ្វើឲ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។
មន្ត្រីបម្រើការងារនៅមន្ទីររ៉ែ និងថាមពលមួយរូបសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា លោក អ៊ាន មាឃ ប្រធានមន្ទីរនេះ គិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយករណីឈ្មួញធ្វើអាជីវកម្មថ្មកែវ ថ្មក្រហម និងកាយដីភ្នំនៅស្រុកបាណន់នោះ គឺជាប្រភពចំណូលរបស់លោក អ៊ាន មាឃ។ប្រភពបន្តថា ជាងនេះទៅទៀតលោក អ៊ាន មាឃ តែងតែព្យាយាមគេចវេះពីអ្នកសារព័ត៌មានមិនទទួលខុសត្រូវចំពោះអាជីវកម្មថ្មកែវ ថ្មក្រហម និងកាយដីភ្នំយ៉ាងអនាធិតេយ្យនៅស្រុកបាណន់នោះឡើយ។ បច្ចុប្បន្នមិនមែនតែថ្មកែវ និងថ្មក្រហម ក្នុងស្រុកបាណន់ទេ ដែលត្រូវប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយ គឺរ៉ែមាសនៅស្រុកភ្នំព្រឹក ក៏កំពុងប្រឈមនឹងសេចក្ដីវិនាសដែរ។
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង មិនអាចទាក់ទងសុំការពន្យល់បានទេកាល រសៀលម្សិលមិញនេះ ៕