ពលរដ្ឋ​ស្នើ​បញ្ឈប់​ការយក​ប្រាក់​ពី​ម្ចាស់​រថយន្ត​ដែល​ឆ្លងកាត់​ផ្លូវ​វាង​ក្រុង​ដូន​កែវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2016 ក+ ក-

​ដោយ​៖ ង សារិន​

ខេត្តតាកែវ ៖ ក្រុម​អ្នករកស៊ី​ដឹកទំនិញ​ឆ្លង​កាត​ផ្លូវជាតិ​លេខ ២ ភ្នំពេញ តាកែវ ភ្នំ​ដិ​ន បាន​សំដែង​ការមិន​ពេញចិត្ត​ចំពោះ​ការយក​ប្រាក់​ពី​សំណាក់​ក្រុមហ៊ុន​របស់លោក ឡេង សុ​ណ្ណា​រិ​ទ្ធ ខណៈ​រថយន្ត​ដឹកទំនិញ​របស់គាត់​គ្រាន់តែ​បើក​ឆ្លងកាត់​ផ្លូវ​វាង​ក្រុង​ដូន​កែវ​ដែលមាន​បណ្តោយ​ប្រហែល ៤​គីឡូម៉ែត្រ ស្ថិតនៅក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ​ប៉ុណ្ណោះ ។​

​តាម​ប្រភពពី​អ្នក​ដឹកទំនិញ​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ឆ្នាំ ២០០៦​មក​អាជ្ញាធរ​ខេត្តតាកែវ​បាន​តម្រូវ​ឲ្យ​រថយន្ត​ដឹកទំនិញ​ទាំងអស់​ត្រូវ​បើក​វាង​ក្រុង​ដូន​កែវ​ទៅតាម​ផ្លូវលំ​ចាក់​កៅស៊ូ​មួយ​ដែលមាន​ចំងាយ​ប្រហែល ៤​គីឡូម៉ែត្រ​ដែលជា​ផ្លូវ​វិនិយោគ​របស់លោក ឡេ សុ​ណ្ណា​រិ​ទ្ធ ក្នុង​រយៈពេល ៣៥​ឆ្នាំ ពី​ឆ្នាំ ២០០៦ ដល់ ឆ្នាំ ២០៤១ ហើយ​ផ្លូវ​ដែល​លោក ឡេង សុ​ណ្ណា​រិ​ទ្ធ វិនិយោគ​ដោយ នោះ​គឺជា​ផ្លូវ​ដែលមាន​ស្រាប់​គ្រាន់តែ​ពុំមាន​ការចាក់​កៅស៊ូ ប៉ុន្តែ​សម័យ​នោះ​គឺ​រថយន្ត​ដឹកទំនិញ អាច​បើក​ឆ្លង​កាត​ក្រុង​ដូន​កែវ​បាន ។

​ក្រោយពី​លោក ឡេង សុ​ណ្ណា​រិ​ទ្ធ វិនិយោគ​ផ្លូវ ខាងលើ រថយន្ត​ដឹកទំនិញ​ទាំងអស់​ត្រូវបាន អាជ្ញាធរខេត្ត​បង្ខំ​ឲ្យ​បើកផ្លូវ​វាង​ដែល​វិនិយោគ​ដោយ​លោក ឡេ សុ​ណ្ណា​រិ​ទ្ធ​នោះ ។ រយៈពេល ជាច្រើន​ឆ្នាំ​មកនេះ លោក ឡេ សុវណ្ណារិទ្ធ បាន​ចំណេញ​ប្រាក់​កប់​ក្ដោង​ពី​ការ យកប្រាក់​ពី​រថយន្ត​ឆ្លងកាត់​ផ្លូវ​ដែល​គាត់​វិ​ន​យោគ ។​

​តាម​ប្រភពពី​មន្ត្រី​សាធារណៈការ​មួយរូប​បាន​ឲ្យ​ដឹងថា ការវិនិយោគ​របស់លោក ឡេង សុវណ្ណារិទ្ធ លើផ្លូវ​ខាងលើ​គឺធ្វើឡើង​ដោយ​ការឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​រវាង​ចៅហ្វាយខេត្ត​សម័យ​នោះ និង​លោក ឡេង សុ​ណ្ណា​រិ​ទ្ធ ។ ការវិនិយោគ​មកដល់​សព្វថ្ងៃនេះ​ធ្វើ​ឲ្យ​លោក ឡេង សុ​ណ្ណា​រិ​ទ្ធ ចំណេញ​មហា​ចំណេញ ព្រោះ​ទុនវិនិយោគ​ចំណាយ​ថវិការ​អស់​មិន​លើសពី​១០​ម៉ឺន​ដុល្លារ​ទេ ប៉ុន្តែ​ដោយមាន​ការ​ស៊ុមគ្រលុំ​គ្នា​ពី​មន្ត្រី​ពុករលួយ​ច្រើន​ថ្នាក់​ទើបត្រូវ​បានផ្តល់​សិទ្ធិ​ឲ្យ​លោក ឡេង សុ​ណ្ណា​រិ​ទ្ធ អង្គុយ​កើប​លុយ​ពី​អ្នកធ្វើដំណើរ​ឆ្លងកាត់រ​ហូត​ដល់​៣៥​ឆ្នាំ​យ៉ាង​រំភើយ​។​

ប្រភព​បានបញ្ជាក់​ដោយ​រិះគន់ថា មិន​ត្រឹមតែ​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​គម្រោង​វិនិយោគ​ប៉ុណ្ណោះ​ទេ អាជ្ញាធរខេត្ត​នូវ​បានដាក់​គំនាប​ឲ្យ​ប្រភេទ​រថយន្ត​មួយចំនួន​ត្រូវ​តែបើ​កវាង​ឆ្លងកាត់​ផ្លូវ​ដែល​វិនិយោគ​ដោយ​លោក ឡេង សុវណ្ណារិទ្ធ ថែម​ទៀតផង​។​

ក្រុម​អ្នករកស៊ី​ដឹកទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ ក្នុង​ខេត្តតាកែវ បាន​អំពាវនាវ​សុំឱយប្រមុខ​រាជរដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ពិនិត្យ​លុបចោល​ការវិនិយោគ​លើ​​ផ្លូវ​រវាង ក្រុង​ដូន​កែវ របស់លោក ឡេង សុវណ្ណារិទ្ធ ជាបន្ទាន់​ផង ព្រោះថា ការវិនិយោគ​នេះ​បង្កប់​ដោយ​អំពើពុករលួយ​ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​៕​

45544Untitled-1