ដោយ៖ខេមរា
ភ្នំពេញ៖ ក្រសួងបរិស្ថាននឹងក្លាយជាក្រសួងទី១ដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយចូលត្រួតពិនិត្យមន្ត្រីខ្មោចមុនគេ។នេះបើតាមប្រសាសន៍របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយជំនួបជាមួយអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល នៅថ្ងៃ សុក្រ ទី៥ ខែកុម្ភៈ នេះ។
អង្គភាពប្រឆាំងអំពើពុករលួយនៅសុក្រថ្ងៃទី៥ ខែកុម្ភៈនេះ បានជួបប្រជុំជាមួយតំណាងអង្គការសហប្រជាជាតិ និងក្រុមអង្គការសង្គមស៊ីវិល ដើម្បីបង្កើតច្បាប់ការពារអ្នករាយការណ៍ស្តីពីអំពើពុករលួយ។
ទាក់ទិននឹងករណីនេះលោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា កិច្ចសហការពិនិត្យមន្ត្រីអវត្តមានរបស់ក្រសួងនេះគឺដើម្បីបង្ហាញពី ភាពម៉ឺងម៉ាត់នៃកំណែទម្រង់ ។ លោកថា ការពិនិត្យរកមន្ត្រីខ្មោចនេះ គឺជាការអនុវត្តគោលការណ៍របស់រដ្ឋាភិបាលដែលជាអន្តរវិស័យដែលត្រូវធ្វើរវាងក្រសួងសាមី ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួវ។
ទោះជាយ៉ាណាលោក ឱម យ៉ិនទៀង បានព្រលយថា បច្ចុប្បន្នមានក្រសួងមួយចំនួនដែលមានរដ្ឋមន្ត្រីថ្មីៗចូលកាន់ដំណែង រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ ក្រសួងសេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍ជាដើម។
សូមបញ្ជាក់ថា អំពើពុករលួយ និងមន្ត្រីខ្មោចនៅតាមក្រសួងមន្ទីររបស់រដ្ឋាភិបាល គឺជា បញ្ហាដែលមតិសាធារណៈបានរិះគន់យ៉ាងខ្លាំងទៅលើការចាយខ្ជះខ្ជាយថវិការបស់រដ្ឋ និងការកេងប្រវ័ញ្ចជាដើម។
ស្ថាប័នទាំងពីរមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទនៃការចុះត្រួតពិនិត្យមន្ត្រីខ្មោចដូចបានលើកឡើងនោះទេ៕