​តារា សន វិ​ជ្ជ​បុត្រ ៖​ថវិកា​ដែល​បាន​ពី​ការសម្តែង​ខ្ញុំ​នឹងប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ៥០​ភាគរយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2016 ក+ ក-

​ដោយ៖រតនា

ភ្នំពេញ​: តារាចម្រៀង​ប្រចាំ​ផលិតកម្ម M លោក សន វិ​ជ្ជ​បុត្រ បាននិងកំពុង ធ្វើ​សកម្មភាព​សប្បុរសធម៌​របស់ខ្លួន​បន្តទៀត​។​តារាចម្រៀង​ប្រចាំ​ផលិតកម្ម M រូបនេះ​ប្រកាសថា​នឹង​កាត់​ថវិកា​បាន​ពី​ការ​ច្រៀង​របស់ខ្លួន​ចំនួន​ពាក់កណ្តាល​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​
.
គ្រា​កំពុង​សម្តែង​ចម្រៀង​នៃ​ពិធី​ពិ​ព័ណ៌​ផលិតផល​ថៃ​នៅ​ទីក្រុង​កោះ​ពេជ្រ តារាចម្រៀង​ផលិតកម្ម M លោក សន វិ​ជ្ជ​បុត្រ បាន​ថ្លែងថា ឆ្នាំ​២០១៦​នេះ​ចូល​មកដល់ រាល់​កម្មវិធី​ដែល​លោក​បាន​ឡើង​ច្រៀង​សម្តែង​មិនថាតែ​នៅក្នុង​ស្ថានីយ៍ទូរទស្សន៍​ឬ​នៅតាម​បណ្តា​កម្មវិធី​ប្រគុំ​តន្ត្រី​របស់​ក្រុមហ៊ុន​ណា​ទេ លោក​នឹង​កាត់​ប្រាក់ចំណូល​ពី​ការសម្តែង​ប្រមាណ​ជា​ជិត​៥០​ភាគរយ សម្រាប់​យកទៅ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​។​

​លោក​និយាយទៀតថា មូលហេតុ​ដែល​លោក​បង្កើត​គំនិត​យល់ឃើញ​បែបនេះ​ក៍​ព្រោះតែ​មើលឃើញថា​កង្វះខាត​សព្វបែបយ៉ាង​នៃ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​នៅតែមាន​តម្រូវការ​ជាប្រចាំ​និង​ចាំបាច់​បំផុត​មិនអាច​រំលង​ឬ​ព្រងើយកន្តើយ​បាន​នោះទេ ហើយ​មានតែ​សប្បុរជន​ជនរួមជាតិ​យើង​ទេ​អាច​ចែករំលែក​ភាពលំបាក​នេះ​ទាំងអស់គ្នា​ដើម្បី​អាយុជីវិត​កុមារ​ទាំងឡាយ​ជា​សសរទ្រូង​ប្រទេសជាតិ​។​

​លោក​លើកឡើង​បន្តថា មូលហេតុ​ដែល​លោក​មាន​សកម្មភាព​បែប​មនុស្សធម៌​នេះ​ក៍​ព្រោះតែ​រូបលោក​ចង់បាន​តែ​សេចក្តី​ល្អ​ការកសាង​កុសលផល​បុណ្យ​ស្របពេល​ដែលមាន​បងប្អូន​សប្បុរសជន​នៅតាម​បណ្តា​ប្រទេស​នានា​គាត់​បាន​ជួយ​ជា​ថវិកា​សម្ភារៈ​តាមរយះ​រូបលោក​ដើម្បី​យកទៅ​ចែក​បន្ត​ទើប​លោក​ចេះតែមាន​ទឹកចិត្ត​ធ្វើ​បន្ត​រហូតមក បើទោះជា​ពេលខ្លះ​ហត់នឿយ​តែ​មិនអាច​ចោល​បានទេ​។​

​ក្រៅពី​សិល្បៈ​គឺ​រូបលោក​មានមុខ​ជំនាញ​ផ្នែក​ជួសជុល​ឡាន​ដែល​មហាជន​អាច​ដឹងថា សកម្មភាព​ធ្វើ​ឡាន​ជួសជុល​នោះ​ម្ចាស់​ឡាន​ចំណាយ​បែបណាខ្លះ​។​អ៊ីចឹង​ហើយ​ទើប​លោក​មាន​ប្រាក់កាស​ខ្លះ​សម្រាប់​យកមក​ទប់​ជាមួយ​សកម្មភាព​មនុស្ស​ធម៌ បើ​ពឹង​លើ​អាជីព​សម្តែង​គឺ​ខើច​ណាស់​មិន​គ្រប់​រូបភាព​ធ្វើ​ឡើយ​។​លោក​ថា ជាពិសេស​លោក​គ្រាន់តែ​ចង់យក​ការងារ​សម្តែង​ដែល​កំពុង​តែមាន​មហាជន​ចាប់អារម្មណ៍​នេះ​បាន​ប្រាក់​ខ្លះ​សន្សំទុក​ធ្វើ​អំណោយ​ជួយ​ជន​ទាល់ក្រ​និង​ចង់​ធ្វើ​ល្អ​ខ្លះ​ទាន់​មាន​គេ​ស្គាល់ សាង​រូប​ភាពជា​អត្ថប្រយោជន៍​ឲ្យ​អ្នកដទៃ​មើល ឬ​អ្នកសិល្បៈ​គ្នាឯង​មើល​គ្រាន់​ពេល​យើង​ចាស់​ទៅ​ឬ​ស្លាប់​បាន​បន្សល់​កេ​រ្តី៍​ឈ្មោះ​ទុក​នៅ​ជៀសវាង​បាត់​មុខ​បាត់​សំឡេង​គេ​ស្អប់ នេះ​ជា​អ្វីដែល​លោក​ចង់បាន​។​

​លោក​បន្តថា យ៉ាងណាមិញ​នៅពេល​ដ៍​ឆាប់​ខាងមុខនេះ​លោក​ត្រូវ​សមាគម​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​រៀបចំ​ឯកសារ​រត់ការ​ជិត​បានសម្រេច​ហើយ​ដើម្បី​យក​រូបលោក​និង​សិល្បៈករ​មួយចំនួនទៀត​មាន​តារាចម្រៀង​ផ្នែក​នារី​កញ្ញា​អេ​ណា កញ្ញា​អេ​មី និង​តារាចម្រៀង​តាម​បៀ​ហ្គា​ឌិន​ពីររូប​ទៀត​ទៅ​សម្តែង​៥​សប្តាហ៍​។​គោលដៅ​ទៅ​ទីនោះ​ជា​លើក​ទី​១​របស់លោក​សម្រាប់​ការសម្តែង​នៅ​បរទេស និង​កំពុង​ហាត់រៀន​បទ​ពី​ដើម​ឲ្យ​បាន​ច្រើន​ដើម្បី​បំពេរ​អារម្មណ៍​បងប្អូន​នាយ​សមុទ្រ​។

​អ្វីដែល​លោក​ចង់ទៅ​សម្តែង​នៅ​ទីនោះ​ក៍​ព្រោះតែ​សមាគម​មួយ​នេះ​គាត់​យក​ថវិកា​សម្តែង​ទាំង​ប៉ុន្មាន​ជួយ​ដល់​ជនក្រីក្រ​បែប​សកម្មភាព​មនុស្សធម៌​ហើយ​លោក​និង​ក្រុមការងារ​គឺ​មិន​ទទួល​កម្រៃ​អ្វី​ពី​ការសម្តែង​ទេ​ប្រាក់​រកបាន​ប៉ុន្មាន​គឺ​យកមក​រក្សាទុក​ចែក​អំណោយ​ក្រោម​ការរៀបចំ​របស់​សមា​គម​ខ្មែរ​នៅ​អូស្ត្រាលី​៕

tara1tara2tara3tara5tara6