ដោយ៖ស សាម
ស្ទឹងត្រែង៖ កម្លាំងគណៈកម្មាធិការថ្នាក់ជាតិចម្រុះ បានធ្វើការចុះត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ពីរបាយការណ៍ចំនួនកំណាត់ឈើនៅកន្លែងនិមួយៗ ដែលបានចុះធ្វើកាលពីលើកទី១ និងលើក២នេះ វាមានភាពស៊ីគ្នាឬអត់ ប៉ុន្តែលទ្ធផលយ៉ាងណានោះ មិនត្រូវ បានគេប្រាប់ឲ្យដឹងឡើយ។
ការចុះពិនិត្យផ្ទាងផ្ទាត់នេះ បានចុះធ្វើចាប់ពីថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០១៦ មកដល់ថ្ងៃទី១៣ ខែកុម្ភៈនេះ គឺបានចំនួន៣កន្លែងហើយ ។ទី១នៅចំណុចគល់ស្ពានមេគង្គ ជារបស់យាយព្រឿងជាជនជាតិវៀតណាមស្ថិតក្នុងភូមិបាចុង ឃុំព្រះបាទ ក្រុងស្ទឹងត្រែង។ ទី២នៅចំណុចគីឡូលេខ៨ផ្ទះឈ្មោះ ព្រំ ថន ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។ទី៣ត្រង់ចំណុចគល់ស្ពានសេកុងជាឃ្លាំងឈើរបស់ឧកញ៉ា ទ្រី ភាព ស្ថិតនៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។
លោក វរៈសេនីយ៍ឯក ហ៊ុន សុគន្ធារ៉ាវី បានប្រាប់ឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យខាងលើនេះ នឹងបន្តការឆែកឆេរបន្ថែមប្រហែល ៥ទៅ៦កន្លែងទៀត ប៉ុន្តែនៅមិនទាន់ច្បាស់លាស់ទេ ដោយសារខាងរដ្ឋបាលព្រៃឈើជាអ្នកកំណត់គោលដៅ ថាចុះទៅទីកន្លែងណា ឬនៅពេលណាក៏មិនទាន់ដឹងដែរគឺស្រេចតែរដ្ឋបាលព្រៃឈើតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក្តី ពុំមានរបាយការណ៍ជាក់លាក់បង្ហាញពីលទ្ធផលនៃការត្រួតពិនិត្យផ្ទៀងផ្ទាត់គំនរឈើដ៏ច្រើនសន្ធឹកសន្ធាប់នោះនៅឡើយទេ៕