ដោយ៖ សុខណាត
មណ្ឌលគិរី៖មនុស្សប្រុសស្រីចំនួន៧នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពីបទលេងល្បែងស៊ីសងឥតឈប់ឈរបើទោះបីជាកន្លងមកនេះសមត្ថកិច្ចបានប្រមូលយកមកចុះកិច្ចសន្យាឲ្យបញ្ឈប់យ៉ាងណាក៏ដោយ។
កំលាំងប៉ូលីសនៃអធិការដ្ឋានស្រុកកោះញែក នៅថ្ងៃទី១១កុម្ភៈ២០១៦ បានសហការណ៍កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំស្រែសង្គម បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងមួយកន្លែងដែលឋិតនៅចំណុចវាលស្រែក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី ដោយឃាត់ខ្លួនបានមនុស្ស៧នាក់ ប្រុស៣ស្រី៤នាក់ទី១ឈ្មោះ ឃៀង ភេទស្រីអាយុ៣៥ឆ្នាំ ទី២ឈ្មោះ ឌឿន ភេទប្រុសអាយុ៣៧ឆ្នាំ អ្នកទាំងពីរជាប្ដីប្រពន្ធបច្ចុប្បន្នៈរស់នៅឃុំសុខសាន្តស្រុកកោះញែក ទី៣ ជាម ស៊ីនេន ភេទប្រុសអាយុ៥៦ឆ្នាំ ទី៤ឈ្មោះ យាយលតឆាភេទស្រីអាយុ៣៧ឆ្នាំ ទី៥ហ៊ាង អេង ភេទស្រីអាយុ៥២ឆ្នាំទី៦ ស៊ីម ពៅអាយុ២៥ឆ្នាំភេទប្រុស និងទី៧ឈ្មោះ ដា ឃ្មឹប ភេទស្រីអាយុ២៣ឆ្នាំ អ្នកទាំងពីរនេះជាប្ដីប្រពន្ធគ្នា។
លោកវរៈ សេនីយ៍ទោហ៍ កាន់ ពេញ អធិការនៃអធិការដ្ឋាននគរបាលស្រុកកោះញែក មានប្រសាសន៍ប្រាប់អោយដឹងថាអ្នកលេងល្បែងខាងលើដែលកំលាំងរបស់លោកចាប់ខ្លួននាពេលនេះគឺសុទ្ធសឹងជាអ្នកញៀនល្បែងយ៉ាងងុបងុលនិយាយអប់រំលែងស្ដាប់ ព្រោះកន្លងមកកំលាំងលោកធ្លាប់ធ្វើការឃាត់ខ្លួនយកមកណែនាំ២ដងរួចមកហើយ និងធ្លាប់ផ្ដិតមេដៃលើកិច្ចសន្យាថាឈប់លេងតែបានត្រឹមសន្យាលេងប៉ុណ្ណោះគឺនៅតែលេងដដែល ឈប់លេងលើផ្ទះទៅលេងនៅវាលស្រែ។លោកបន្តថា ដោយសារមូលហេតុនេះ ទើបលោកសំរេចចិត្តប្រើវិធានក្តៅចាប់ខ្លួនពួកញៀនល្បែងទាំងអស់នោះតែម្ដង។
បច្ចុប្បនអ្នកទាំង៧នាក់កំពុងបំពេញសំណុំបែបបទដើម្បីបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរីចាត់ទៅតាមនីតិវិធី៕