ដោយ៖សហការី
ខេត្តកំពត៖លោកស្រី អ៊ុន សុគន្ធា អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកទឹកឈូខេត្តកំពត បានមានប្រសាសន៍ក្រើនរំលឹក ផ្ដាំផ្ញើជំរុញដល់មន្ត្រីមូលដ្ឋានថ្នាក់ ឃុំ ស្រុកដែលជាសមាជិកគណបក្សប្រជាជន នៅក្នុងស្រុកទឹកឈូខេត្តកំពតអោយបន្តខិតខំបង្កើនការបម្រើសេវាសារណៈជូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរថែមទៀត ដើម្បីសម្រេចអោយបានផែនការគោលដៅរួមរបស់គណបក្សប្រជាជនឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នា ឆ្នាំ២០១៧ខាងមុខ។
លោកស្រី អ៊ុន សុគន្ធា បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសេចក្ដីសម្រេចនៃសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាលើកទី៣៩ អាណត្តិទី៥ កាលពីព្រឹកថ្ងៃទី១៣ខែកម្ភៈ ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សប្រជាជនស្រុកទឹកឈូ ដែលមានសមាជិកចូលរួមប្រមាណចំនួន៣៤១នាក់។
លោកស្រី អ៊ុន សុគន្ធា បានបន្តសំដែងការកោតសរសើរ និងរំលឹកបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ មានចំនួនបីអាណត្តិរួចមកហើយ ក៏ដូចជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រចំនួន៥អាណត្តិកន្លងមកនេះដែរឃើញថាគណបក្សប្រជាជនក្នុងស្រុកទឹកឈូតែងតែទទួលបានលទ្ធផលការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើន សម្រាប់អោយគណបក្សប្រជាជនក៏ដូចរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែនមានឱកាសបន្តបានការដឹកនាំ និងអភិវឌ្ឍ ប្រទេសជាតិ មានការរីកចម្រើន និងបម្រើសេវាសាធារណៈជូនពួកគាត់អោយបានកាន់តែល្អប្រសើរឡើងថែមទៀត។ ដូចនេះដើម្បីបន្តរក្សានូវលទ្ធផលនេះបន្ថែមតទៅមុខទៀងត។
លោកស្រីក៏បានផ្ដាំផ្ញើដល់មន្ត្រីគណបក្សនិងដាក់នូវផែនការរួមជាយុទ្ធសាស្ត្រសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៤ឆ្នាំ២០១៧ខាងមុខនេះរួមមានទី១-ត្រូវបន្តខិតខំការងារអភិវឌ្ឍមូលដ្ឋាន បម្រើសេវាជូនប្រជាជនពិសេសត្រូវចុះសួរសុខទុក្ខនិងដោះស្រាយ អោយដល់ខ្នងផ្ទះប្រជាជនដែលជាវប្បធ៌មមន្ត្រីគណបក្សប្រជាជនបានធ្វើកន្លងមក ទី២-បន្តធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសមាជិកគណបក្ស ទី៣-ជំរុញធ្វើអត្តសញ្ញាណប័ណ្ណ និងចុះឈ្មោះបោះឆ្នោតដល់ប្រជាពលរដ្ឋទូទៅមិនត្រូវមានការរើសអើង ទី៤-ធ្វើកម្មវិធីផែនការអភិវឌ្ឍមូលដ្ឋានអោយបានច្បាសលាស់ ទី៥-ត្រៀមរៀបចំធ្វើសន្និបាតដាក់ផែនការទិសដៅអនុវត្តបន្ត និងទី៦-ត្រូវត្រៀមលក្ខណៈមន្ត្រីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ឆ្នាំ២០១៧ខាងមុខនេះ ពិសេសត្រូវផ្ដោតការងារបោះឆ្នោតស្របតាមទិសដៅរបស់គណបក្សថ្នាក់លើដែលបានបាក់អោយ ៕