ចាប់​បុរស​ពីរ​នាក់​ករណី​ឃាតកម្ម​កាត់​ក្បាល​នារី​ក្នុងផ្ទះ​សំណាក់​នៅ​ក្រុង​សៀមរាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2016 ក+ ក-

 

ដោយ៖ខេមរា

​សៀមរាប៖ ជនដៃដល់​២​នាក់​ពាក់ព័ន្ធ​ករណី​កាត់ផ្តាច់​ក្បាល​នារី​វ័យក្មេង​ម្នាក់​នៅក្នុង​ផ្ទះសំណាក់​យីហោ “​ប្រាសាទកែវ​” ស្ថិតនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ។ សមត្ថកិច្ច​បញ្ជាក់ថា​ឃាតកម្ម​នេះ​បណ្តាលមកពី​ស្តីដណ្តឹង​មិនបាន​។

​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹងថា ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​នេះ គឺ​ផ្តើមចេញពី​រឿង​បុរស​ជា​ឃាតករ​មាន​គំនុំ​ដោយសារ​ចូល​ស្តីដណ្តឹង​នារី​រងគ្រោះ​មិនបាន ហើយក៏​ណាត់​ជួបគ្នា​នៅផ្ទះ​សំណាក់​ខាងលើ​រួច​ធ្វើឃាត​តែម្តង​។​

​នារី​រងគ្រោះ​មានឈ្មោះ ឡេ​ន សិលា អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​បឹង​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។ ចំណែក​បុរស​ត្រូវ​ចោទ​ជា​ឃាតករ​ម្នាក់ឈ្មោះ ចាន់ ឆា​យ៉ា ហៅ​សំ ភា​រ៉ាត់ អាយុ​៤០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង និង​ធ្លាប់មាន​ប្រពន្ធ និង​កូន​រួចហើយ​។

​ប្រភពព័ត៌មាន​បា​នប​ន្ត​ថា កន្លងមក​បុរស ចាន់ ឆា​យ៉ា បាន​ព្យាយាម​ចូល​ស្តីដណ្តឹង​នារី​រងគ្រោះ ខ​ណៈ​ដែល​ខ្លួន​មិនទាន់បាន​លែងលះ​ជាមួយ​ប្រពន្ធដើម​ដាច់ស្រេច​នៅឡើយ ទើប​មិនអាច​ស្តីដណ្តឹង​នាង​បានសម្រេច​។​ដោយសារតែ​ករណីនេះ ជនដៃដល់​បាន​ខឹងសម្បា​នឹង​នារី​រងគ្រោះ​ដែល​បដិសេធ​មិន​ព្រម​រៀបការ​ក៏​សម្រេចចិត្ត​ណាត់ជួប​នារី​រងគ្រោះ​នៅផ្ទះ​សំណាក់​ខាងលើ​ហើយក៏​សម្លាប់​ដោយ​កាត់​ក្បាល​ផ្តាច់​ចេញពី​ខ្លួន រួច​លួច​យក​ចេញពីផ្ទះ​សំណាក់​ទៅ​ដុត​នៅ​កណ្តាល​វាលស្រែ​ខាងក្រោយផ្ទះ ស្ថិតនៅ ភូមិព្រៃចាស់ សង្កាត់គោកចក ក្រុងសៀមរាប ពោលជិតព្រលានយន្តហោះ ដើម្បី​បំបាត់​ភ័ស្តុតាង ដោយ​បន្សល់ទុក​សាកសព​គ្មាន​ក្បាល​នៅក្នុង​ផ្ទះសំណាក់​ប៉ុណ្ណោះ​។​

​បន្ទាប់ពី​កើតមាន​ការភ្ញាក់ផ្អើល​ពី​ឃាតកម្ម​ដ៏​ឃោរឃៅ​នៅវេលា​ម៉ោង​១២ ថ្ងៃត្រង់​ថ្ងៃទី​១៣ ខែ​កុម្ភៈ នេះ កម្លាំង​មាន​សមត្ថកិច្ច​ខេត្តសៀមរាប​គ្រប់​ថ្នាក់​បានចេញ​ប្រតិបត្តិ​ការតាមប្រមាញ់រ​ក​ឃាតករ​ហើយ​នៅ​រសៀល​ថ្ងៃទី​១៣ ខែកុម្ភៈដដែល ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ ចាន់ ឆា​យ៉ា ក្នុងចំណោម​គ្នីគ្នា​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ខ​ណៈ​កំពុង​ដុត​ក្បាល​នារី​រងគ្រោះ​នៅ​កណ្តាល​វាលស្រែ​ក្បែរ​ភូមិ​ស្ថិតក្នុង​ក្រុមទី​៣ ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​ ដើម្បីបំបាត់ភ័ស្តុតាង។

​ប្រភពបញ្ជាក់ថា ជន​ត្រូវ​ចោទ​២​នាក់​ក្នុងអំពើ​ឃាត​កម្មនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ដាច់ដោយឡែក​ពីគ្នា​គឺ​ម្នាក់​ត្រូវ​ចាប់ខ្លួន​ដោយ​កម្លាំង​កងរាជអាវុធហត្ថ និង​ម្នាក់ទៀត​ចាប់ខ្លួន​ដោយ​កម្លាំង​នគរបាល​ខេត្ត ប៉ុន្តែជនត្រូវចោទម្នាក់ទៀតដែលគេអះអាងថា ចាប់ខ្លួនបានដែរនោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។​បច្ចុប្បន្ន​សម​ត្ថ​កិច្ច​​កំពុង​បន្ត​ស៊ើបអង្កេត​បន្ថែម​ទៀតមុនពេល​បញ្ជូនសំនុំរឿងនេះទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

539713

085231

05641358214653791131313 copy