ដោយ៖ឈុន លាង
បន្ទាយមានជ័យ៖ លោកអភិបាលក្រុងប៉ោយប៉ែត ត្រូវប្រជាពលរដ្ឋរិះគន់ថា មិនយកចិត្តទុកដាក់ពីការបំផ្លាញបរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋនោះឡើយ ខណៈទុកឲ្យក្រុមហ៊ុនប្រមូលសំរាម សានកូ (SANCO CAMBO INVESTMENT) ចាក់សំរាមពាសវាលពាសកាល និងដុតបង្ហុយផ្សែងស្អុយអាសោចន៍ជះទៅលើភូមិអ្នកស្រុក។
ប្រជាពលរដ្ឋរស់នៅសង្កាត់ផ្សារកណ្តាល សង្កាត់ ក្រុងប៉ោយប៉ែត ដែលមានលំនៅដ្ឋានជាប់នឹងទីលានចាក់សំរាមរបស់ក្រុមហ៊ុនសានគូ បានសំណូមពរឱ្យអាជ្ញាធរក្រុងប៉ោយប៉ែត ជាពិសេសលោក ង៉ោ ម៉េងជ្រួន ជួយរកដំណោះស្រាយចាត់វិធានការឲ្យបានល្អ និងជាបន្ទាន់ចំពោះការដុតសំរាមដែលបង្កផលប៉ះពាល់យ៉ាធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ច្រើនឆ្នាំកន្លងមកហើយទីលានចាក់សំរាមដ៏ធំមួយកន្លែងនៅក្រុងប៉ោយប៉ែតបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរបស់ប្រជាពលរដ្ឋ ព្រោះក្រៅពីក្លិនស្អុយអាសោចន៍ដែលសាយភាយទៅលើភូមិអ្នកស្រុក ក៏មានផ្សែងរួមនឹងក្លិនឈ្ងៀមហុយទ្រលោមពាសវាលពាសកាល ពិបាកទ្រាំ បង្កឲ្យប៉ះពាល់ដល់ប្រព័ន្ធដង្ហើមយ៉ាងខ្លាំង ពិសេសគឺក្មេងតូចៗជាកូនចៅប្រជាពលរដ្ឋ។
ទោះជាយ៉ាងនេះក្តី អាជ្ញាធរក្រុងប៉ោយប៉ែត ត្រូវគេមើលឃើញថា មិនបានយកចិត្តទុកដាក់ដល់បញ្ហានេះទេ ទុកឲ្យក្រុមហ៊ុនដែលទទួលសិទ្ធិប្រមូលសំរាម សានកូ ធ្វើតាមអំពើចិត្តមិនគិតពីផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះឡើយ៕