ដោយ៖ខេមរា
ភ្នំពេញ៖លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា បើបាតុកម្មមានមែនលោកនឹងចេញមុខជួបក្រុមបាតុករ ។លោកថា “ខ្ញុំនឹងលេងឲ្យដល់ទី ហើយអាមេរិកកាំងហ៊ានការពារខ្ញុំអត់……ខ្ញុំមិនខ្លាចទេ បើអ្នកឯងសម្លាប់ខ្ញុំ សម្លាប់ទៅ សម្លាប់ក្នុងប្រទេសអាមេរិកទៅ ” ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះខណះលោកកំពុងបំពេញទស្សនកិច្ចនៅទីក្រុងSunnylandsនៅRancho Mirageនៃរដ្ឋកាលីហ្វញ៉ា ហើយជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីនោះដែលមកទទួលស្វាគមន៍រួបលោកនៅមុនពេលចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រសិនបើបាតុកម្មមានមែនលោកនឹងចេញមុខតទល់ជាមួយក្រុមបាតុករ តែលោកបង្ហាញជំនឿចិត្តថាអាជ្ញាធរអាមេរិកនឹងការពារសុវត្ថិភាពជូន រូបលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា៖ “ខ្ញុំនឹងលេងឲ្យដល់ទី ហើយអាមេរិកកាំងហ៊ានការពារខ្ញុំអត់។ វាត្រូវតែហ៊ាន ព្រោះឲ្យសិទ្ធិគេធ្វើបាតុកម្មហើយ ខ្លាចអីនឹងឲ្យសិទ្ធិការពារ។ ហើយខ្ញុំមិនខ្លាចទេ បើអ្នកឯងសម្លាប់ខ្ញុំ សម្លាប់ទៅ សម្លាប់ក្នុងប្រទេសអាមេរិកទៅ ” ។
ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំងលោក ទូច វិបុល និងជាអ្នករៀបចំបាតុកម្មបាន ប្រាប់បណ្តាញព័ត៌មាននៅថ្ងៃចន្ទនេះថា បាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅរដ្ឋកាលីហ្វញ៉ានៃសហរដ្ឋអាមេរិកនឹងធ្វើតាមការគ្រោងទុកនៅថ្ងៃទី១៥ ខែកុម្ភៈ ។ លោកបន្តថា សារសំខាន់នៅក្នុងបាតុកម្មនោះគឺទាមទារឲ្យមាន ការគោរពសិទ្ធិមនុស្សនិងសេរី និងគោលការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបញ្ជាក់ថាបាតុកម្មនេះមិនពាក់ព័ន្ធគណបក្សសង្គ្រោះជាតិនោះទេ។
គួររំឭកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា បាតុកម្មប្រឆាំងនឹងបាតុកម្មនឹងកើតមានជាថ្មីទៀត ប្រសិនបើអ្នកគាំទ្រគណបក្សប្រឆាំងនៅសហរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆាំងរូបលោក ។ដោយឡែក កាលពីពេលថ្មីៗនេះក្រុមសម្ព័ន្ធយុវជនដែលគេដឹងថា គាំទ្រគណបក្សកាន់អំណាចបានប្រកាសថា ខ្លួននឹងធ្វើបាតុកម្មស្នើរំលាយគណបក្សសង្គ្រោះជាតិប្រសិនបើមានការធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសហរដ្ឋអាមេរិក៕