ដោយ៖សហការី
មណ្ឌលគិរី៖ស្ពានឆ្លងកាត់អូរផ្លាយ ដែលមានចម្ងាយប្រមាន៣៩ម៉ែត្រ ស្ថិតក្នុងឃុំប៊ូស្រា ត្រូវបានអាជ្ញាធរដំណើរការជួសជុលឡើងវិញក្រោមថវិការដ្ឋាភិបាល បន្ទាប់ពីមានសំណូមពរពីប្រជាពលរដ្ឋ និងដោយមើលឃើញថាស្ពាននេះមានសារសំខាន់សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
ក្រោយពីមានការសំណូមពរយ៉ាងញឹកញាប់ពីប្រជាពលរដ្ឋនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សុំអោយសាងសង់ស្ពានជាបន្ទាន់ ព្រោះការធ្វើដំណើរឆ្លងកាត់តាមអូរផ្លាយនេះ អាចទៅមកបានតែនៅរដូវប្រាំងប៉ុណ្ណោះ ចំណែកនៅរដូវវស្សាមានទឹកច្រើនពូកគាត់មិនអាចឆ្លងកាត់បានទេ។
ជាធម្មតា ស្ថានភាពទឹកនៅក្នុងតំបន់នេះ ក្នុងរដូវវស្សាមានទឹកច្រើនជន់ហូរយ៉ាងខ្លាំងមិនអាចឆ្លងកាត់ទៅមកបានទេ ហើយនៅរដូវប្រាំងគេអាចឆ្លងកាត់បានយ៉ាងលំបាក ទើបនៅព្រឹកថ្ងៃទី១៥ខែកុម្ភៈនេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានចាប់ផ្តើធ្វើការជួសជុលស្ពានអូរផ្លាយឡើងវិញ ។
ប្រជាពលរដ្ឋនៅក្នុងឃុំប៊ូស្រា ពេលដែលឃើញមានការជួសជុលស្ពានឡើងវិញ ពូកគាត់សប្បាយណាស់ចិត្តជាខ្លាំង ដោយសារពូកគាត់បានស្ពានឆ្លងកាត់វិញ ក្នុងនោះគាត់សូមឲ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត មេត្តាជួយជួសជុលស្ពាននេះឲ្យបានរួចរាល់មុនរដូវវស្សាចូលមកដល់ ។
ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី លោក ម៉ៅ ធនារក្ស បានប្រាប់ឲ្យដឹងថា ស្ពានដែលកំពុងនឹងជួសជុលជាប្រភេទដែកបេឡេ មានប្រវែង៣៩ម៉ែត្រ គម្រោងថវិការបស់រាជរដ្ឋាភិបាល ។ លោកបានបន្តទៀតថា ក្រោយពីក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបានការស្នើសុំពីឯកឧត្តម អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី ក្រសួងបានឲ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ធ្វើការជួសជុលស្ពានជាបន្ទាន់ ហើយលោកប្រធានមន្ទីរនឹងជំរុញការជួសជុលស្ពាននេះឲ្យរួចរាល់នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលជាបុណ្យប្រពៃណីជាតិឆ្នាំ២០១៦ខាងមុខនេះ។
សូមជម្រាបថាស្ពានឆ្លងចំណុចអូរផ្លាយ ស្ថិតក្នុងឃុំ ប៊ូស្រា នេះមានសារសំខាន់ណាស់សំរាប់តភ្ជាប់ជាមួយផ្លូវពីតំបន់នេះទៅលេងកំសាន្តនៅរមណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រា ដ៏ស្រស់ត្រកាលរបស់ខរត្តមណ្ឌលគិរី៕