ករណី​ជីក​រ៉ែ​ត្បូង​នៅ​ប៉ៃលិន អ្នក​ជីក​រ៉ែ​ថា​មានច្បាប់​តែ​ចៅហ្វាយក្រុង​ថា​អត់​ដឹង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2016 ក+ ក-

 

ដោយ៖សហការី

​ខេត្ត​ប៉ៃលិន​៖ ការ​ជី​រុករក​រ៉ែ​ត្បូង​នៅ​ក្រុងប៉ៃលិន បែប​អ​នា​ធិ​តេ​យ្យ​នាពេល​កន្លងមកនេះ ត្រូវបាន​ម្ចាស់​គ្រឿងចក្រ​ជីក​យក​រ៉ែ​អះអាងថា​មានច្បាប់​ត្រឹមត្រូវ ប៉ុន្តែ​លោក​អភិបាលក្រុង​បាន​ដិ​សេធ​ថា​មិន​បានដឹង​ករណីនេះ​ទេ​។​

តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​ចំណុច​ជាប់មាត់​ស្ទឹង​ប​រយ៉ា​ខា ស្ថិតនៅក្នុង​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន មាន​ក្រុម​ឈ្មួញ​មួយក្រុម​បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ ដើម្បី​យក​រ៉ែ​ត្បូង​ជា​ទ្រង់ទ្រាយ​ធំ​ដែលមាន​ទទឹង​ជិត​៥០​ម៉ែត្រ និង​បណ្តោយ​ប្រហែល​៧០​ម៉ែត្រ និង​មាន​ជម្រៅ​ប្រហែល​ជាង​៥​ម៉ែត្រ ដែល គេ​មើលឃើញថា ជាការ​បំផ្លាញ​តំបន់​រ៉ែ​ធម្មជាតិ​យ៉ាង​អនាធិបតេយ្យ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងខ្លាំង ។

​ប្រភព​បាន​រាយការណ៍​ថា ការជីក​តុ​ករក​រ៉ែ​នេះ​មានការ​សម្របសម្រួល​ពី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ប៉ៃលិន​ដែលជា​អ្នក​អនុញ្ញាត​ច្បាប់ ខណៈ​ខាង​មន្ទីរ​បរិស្ថាន​មិន​អនុញ្ញាត​ឡើយ ហើយ​អភិបាល​ក្រុងប៉ៃលិន​ក៏​មិន​បានដឹង​រឿងនេះ​ច្បាស់លាស់​ដែរ​។​

​លោក វ៉ាន់ សា​រុំ ហៅ​ឌុ​ច អាយុ​៥៩​ឆ្នាំ ដែលជា​ម្ចាស់​គ្រឿងចក្រ បាន​ឲ្យ​ដឹងថា គាត់​ជីក​កកាយ​នេះ​គឺមាន​ច្បាប់​តាំងពី សង្កាត់​រហូតដល់​មន្ទី​រ​រ៉ែ និង​ថាមពល​ខេត្ត ទើប​ហ៊ាន​ជីក​ជា​ទ្រង់ទ្រាយ​ធំ​យ៉ាងនេះ បើ​អត់​ច្បាប់​វិញ​គេ​មក​ចាប់គាត់​បាត់​ហើយ​។​
​ពាក់ព័ន្ធ​នឹង​ការ​ជីករណ្តៅ​ជ្រៅ​ហួសហេតុ​ដើ​ម្ប​យក​រ៉ែ​ត្បូង​នេះដែរ ម្ចាស់​គ្រឿងចក្រ បាន​ប្រាប់ថា បើ​រ៉ែ​នៅ​ជ្រៅ គឺ​គាត់​ជីក​ជ្រៅ​ទោះ​ប៉ុន្មាន​ម៉ែត្រ​ក៍​ជីក​ដែរ​មិន​ខ្វល់​ពីអ្វី​ទាំងអស់​ព្រោះ​គាត់​មានច្បាប់​។​

​ជាមួយគ្នា​លោក វណ្ណ ស៊ីរ៉ា​ណេ ប្រធានការិយាល័យ​រ៉ែ នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន បាន​ទទួលស្គាល់ថា បានអនុញ្ញាត​ឲ្យ​ជីក​កកាយ​យក​រ៉ែ​នោះ​មែន ព្រោះ​ក្រសួង​គេ​ក៏បាន​អនុញ្ញាត​ចេញ​ច្បាប់​ឲ្យ​ជា​ដែរ​តែ​ឲ្យ​ធ្វើជា​លក្ខណៈ​គ្រួសារ ហើយ​គេ​ក៏​អាច​ប្រើ​គ្រឿងចក្រ​តូចធំ​បាន ។​

​ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន លោក គឹម សុខា បាន​ឲ្យ​ដឹងថា ខាង​មន្ទីរ​លោក​មិន​អនុញ្ញាត​ឲ្យ​ជីក​កកាយ​អញ្ចឹងទេ ព្រោះ​វា​ប៉ះពាល់​ខ្លាំងណាស់​ដល់​បរិស្ថាន​ធម្មជាតិ តែបើ​ខាង​ណា​គេ​អនុញ្ញាត​គឺជា​រឿង​របស់គេ តែ​ខាង​លោក​មិនអាច​អនុញ្ញាត​ឲ្យ​ជីក​កកាយ​បានទេ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​សន្យាថា​នឹង​ដឹកនាំ​កំលាំង​ចុះទៅ​ត្រួតពិនិត្យ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕​


639258