ដោយ៖សហការី
ព្រៃវែង៖ស្ពានអ្នកលឿង (ស្ពានស៊ូបាសា) បានរងការខូចខាតដោយសាររថយន្តយីឌុបដឹកអង្ករចំណុះជាង៧០តោនមួយគ្រឿង បានបើកបរឆ្លងកាត់ឡើងលើស្ពាន ប៉ុន្តែដោយសារឡើងមិនរួចក៏រអិលថយចុះក្រោយវិញ ហើយបានបំផ្លាញសាច់កៅស៊ូលើស្ពានគួរឲ្យបារម្ភ។
ហេតុការដ៏អាក្រក់នេះ បានរងការរិះគន់យ៉ាងខ្លាំងចំពោះសមត្ថកិច្ចរបស់មន្ដ្រីក្រសួងសាធារណៈការ និងដឹកញ្ជូនថា ហេតុអ្វីបានជាបណ្តោយឲ្យមានរថយន្តធំៗផ្ទុកធ្ងន់លើសចំណុះអាចបើកបរក្នុងចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រពីខេត្តស្វាយរៀងមកដល់ស្ពានអ្នកលឿង។ មិនមែនជារឿងចៃដន្យនោះឡើយ ក្នុងករណីរថយន្តចំណុះប្រមាណ៧០តោន បានព្យាយាមបើកឆ្លងកាត់ស្ពានដ៏ប្រណីត និងមានតម្លៃមហាសាលបំផុតរបស់ខ្មែរ ខណៈនៅតាមដងផ្លូវជាតិលេខ១ មានជញ្ជីងថ្លឹងរថយន្តដឹកទំនិញ ៣ កន្លែង ចាប់ពីខេត្ត ស្វាយរៀង មកដល់រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានរាយការណ៍ថា ជាក់ស្ដែង កាលពីវេលាម៉ោង១២យប់ ថ្ងៃទី២២ ឈានចូលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើស្ពានអ្នកលឿង ត្រើយខាងកើត ក្នុងខេត្តព្រៃវែង មានរថយន្តដឹកអង្ករមួយគ្រឿង ពាក់ស្លាកលេខ ខេត្តតាកែវ 3A-1743 មានថៅកែឈ្មោះ ចក់ និង ចែមុំ (នៅតំបន់អ្នកលឿង) ដែលក្នុងរថយន្តនេះផ្ទុកអង្ករខ្សាយ និងអង្ករដំណើប សរុប ជាង៧០តោន បានបើកបរឆ្លងកាត់ស្ពានបំណងឆ្លងឡើងស្ពានមកត្រើយខាងលិច ប៉ុន្តែឡើងមិនរួចក៏រអិលថយក្រោយវិញ បង្កឲ្យខូចខាតសាច់កៅស៊ូស្ពានធ្វើឲ្យអ្នកឃើញហេតុការណ៍នេះមានការបារម្ភយ៉ាងខ្លាំង ។ប្រភពបន្តថា រថយន្តដឹកអង្ករនេះចេញពីខេត្តស្វាយរៀងព្រំដែនប្រទេសវៀតណាមឆ្ពោះទៅប្រទេសថៃ ។
ប្រភពដដែលបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលគេឃុបឃិតគ្នាបើកដៃឲ្យមានករណីបែបនេះ គឺរថយន្តចំណុះទម្ងន់ ១៧តោន ហើយទម្ងន់ផ្ទុកអង្ករជាង៦០តោនទៀត បូកសរុបជាង៧០តោន ធ្វើចរាចរណ៍ដោយសេរី ហើយពេលនេះហ៊ានបណ្តោយឲ្យបើកឆ្លងកាត់ស្ពានដែលមានតម្លៃដ៍មហាសាលថែមទៀត។ តើហេតុអ្វីបានជារថយន្តេះអាចឆ្លងកាត់ជញ្ជីងថ្លឹងរបស់ជំនាញបាន ? បើនៅតែមានករណីឃុបឃិតគ្នាបែបនេះ បញ្ហាអាក្រក់នឹងកើតមានឡើងគ្រប់ទីកន្លែង មិនចំពោះតែស្ពានអ្នកលឿងនោះឡើយ៕