ដោយ ៖រតនា
ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែងពិធីករពូកែភាសាថៃកញ្ញា ថន តារា បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងរូបថតក្នុងសំលៀកបំពាក់ហែលទឹកជាមួយបុរសម្នាក់។ ប៉ុន្តែបុរសនោះត្រូវបាននាងបញ្ជាក់ថាគឺជាតារាសម្តែង អូនឧស្សាហ៍ ទេ មិនមែនជាប្រុសស្នេហ៍របស់នាងឡើយ។
អតីតពិធីការិនីកម្មវិធី “មរតកសំនៀង” របស់ស្ថានីយទូរទស្សន៍អប្សរា នាង ថន តារា ដែល ជាបងស្រីបង្កើតរបស់ពិធីការិនី ថន លក្ខិណា បានធ្វើឲ្យគេភ្ញាក់ផ្អលនោះគឺរូបថត២សន្លឹករបស់នាងក្នុងឈុតហែលទឹកបែបសិចស៊ីនោះត្រូវបានគេទម្លាយចេញកាលពីពេលថ្មីៗនេះ។ បុរសម្នាក់នោះមិនត្រូវបានគេស្គាល់ថាជាអ្នកណាឡើយ ប៉ុន្តែត្រូវបានគេសង្ស័យថាជាសង្ហាបណ្តូលចិត្តដែលកន្លងមកគេធ្លាប់លេចលឺដំណឹងថា នាងបានភ្ជាប់ស្នេហាជាមួយបុរសជនជាតិថៃម្នាក់។ ក្នុងរូបថតដែលបង្ហាញពីសាច់សខ្ចី កញ្ញា ថន តារាហាក់សប្បាយរីករាយនឹងការចុះលេងទឹកជាមួយបុរសនោះដែលស្ថិតនៅក្នុងសណ្ឋាគារមួយនៅភ្នំពេញ។
ទោះជាយ៉ាងណាការបញ្ជាក់ចុងក្រោយរបស់នាងជាមួយនឹងរូបថតជាច្រើនសន្លឹកបានបញ្ជាក់ថា គឺជាលោកអូន ឧស្សាហ៍ដែលអ្នកទាំងពីរបានសម្តែងរួមគ្នាក្នុងខ្សែភាពយន្តភាគរឿង”ទឹកចិត្តប្រពន្ធ” វគ្គ២។ នាងបញ្ជាក់ថា ក្នុងរឿងនេះនាងសម្តែងជាតួអង្គអាណិកជនរស់នៅសហរដ្ឋអាមេរិក ហើយវិលមកកម្ពុជាវិញនិងមានទំនាក់ទំនងស្នេហាជាមួយតួឯកប្រុសគឺលោក អូន ឧស្សាហ៍តែម្តង។ នាងថា រូបថតនេះមានច្រើនសន្លឹកទំនងជាក្រុមការងារផលិតថតទុកជាឯកសារប៉ុន្តែត្រូវបានលេចធ្លាយ។ ទោះជាយ៉ាងណានាងបញ្ជាក់ថា ឈុតឆាកនេះមិនស៊ិចស៊ីជ្រុលនោះទេខណៈដែលសំលៀកបំពាក់ហែលទឹកនោះត្រូវបានជ្រើសរើសយ៉ាងណាសមរម្ភនិងប្រាកដថាមិនទទួលបានការរិះគន់ច្រើនពីទស្សនិកជន។
ពិធីករវ័យ២៧ឆ្នាំរូបនេះបានលើកឡើងថាមិនបារម្ភពីការរិះគន់ច្រើននោះទេព្រោះតែការសម្តែងត្រូវមានពេលខ្លះស៊ិចស៊ីដែរប៉ុន្តែត្រូវធ្វើយ៉ាងណាឲ្យមហាជនភាគច្រើនទទួលយកបាន។ នាងរំពឹងដែរថា ខ្សែភាពយន្តដែលនាងចូលរួមសម្តែងនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕