ដោយ៖រតនា
ភ្នំពេញ៖យ៉ាងហោចណាស់មានថវិកាចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលទទួលបានពីមូលនិធិ SS Fundraiser របស់អ្នកនាង សារីន និងលោក ស៊ុក សុភា រស់នៅប្រទេសអូស្ត្រាលី និងថវិកាផ្ទាល់ខ្លួនរបស់លោក សន វិជ្ជបុត្រ ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ ការប្រគល់នេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០១៦នេះ នៅបរិវេណមន្ទីរពេទ្យគន្ធបុប្ផាទី៤ ខាងជើងរមណីយដ្ឋានវត្តភ្នំ។
លោក ផាត់ តារារដ្ឋ តំណាងមូលនិធិ SS Fundraiser ប្រចាំនៅប្រទេសកម្ពុជា បានអះអាងថាថវិកាដែលទទួលបាននេះ គឺបន្ទាប់ពីអ្នកនាង សារីនណា និងលោក ស៊ុក សុភា ដែលជាអតីតតារាសម្ដែង និងជាម្ចាស់មូលនិធិផ្ទាល់ បានសម្រេចរៀបចំពិធីប្រគំតន្ត្រីចំនួន២លើកនៅលើទឹកដីប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៥ ខែធ្នូ និងលើកទី២នៅថ្ងៃទី២៦ ខែធ្នូ ក្នុងឆ្នាំ២០១៥ តាមរយៈការអញ្ជើញតារាចម្រៀងចំនួន៤នាក់ពីកម្ពុជា ទៅច្រៀងរាំស្វែងរកថវិកានៅក្នុងប្រទេសអូស្ត្រាលី។លោកបន្តថាថវិកាចំនួន១ម៉ឺនដុល្លារអាមេរិកនេះ មួយភាគសល់ពីការប្រគំតន្ត្រី និងមួយភាគទៀត គឺជាការបរិច្ចាគរបស់បងប្អូនខ្មែររស់នៅប្រទេសអូស្ត្រាលី តាមរយៈ អ្នកនាងសារីនណា និងលោកស៊ុក សុភា ដើម្បីឲ្យគ្រប់ចំនួន១ម៉ឺនដុល្លារអាមេរិកតាមការគ្រោងទុក។
លោកលើកឡើងដែរថាយ៉ាងណាក៏ដោយ នេះមិនមែនជាទីបញ្ចប់នៃការរួមចំណែកនោះទេ ដ្បិតបន្ទាប់ពីការផ្ដល់ជំនួយនេះទៅ អ្នកនាងសារីនណា និងលោកស៊ុក សុភា បានសម្រេចធ្វើការប្រគំតន្ត្រីបែបសប្បុរសធម៌យ៉ាងហោចមួយដង ទៅ២ដង តាមរយៈការធានាតារាចម្រៀង តារាសម្ដែងពីស្រុកខ្មែរទៅធ្វើសកម្មភាពច្រៀងរាំរ៉ៃអង្គាសប្រាក់បែបនេះ ដើម្បីបន្តស្វែងរកកញ្ចប់ថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង ទុរគតជនជាច្រើនផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ពេលកន្លងមក មូលនិធិ SS Fundraiser របស់អ្នកនាងសារីនណា និងលោកស៊ុក សុភា បានរួមចំណែកក្នុងការងារងសប្បុរសធម៌បែបនេះនៅកម្ពុជាច្រើនលើកមកហើយ ដូចជាជួយសង់ទីជម្រកដល់ចាស់ជរា ទីទ័លក្រ ជួយជីកអណ្ដូងទឹកស្អាតដល់សហគមក្រីក្រ ជួយសង់បង្គន់អនាម័យ និងជួយសង់សាលារៀនបានមួយខ្នងជូនដល់សហគមសិស្សនៅខេត្តបាត់ដំបង។ ដោយឡែកចំពោះសកម្មភាពរ៉ៃអង្គាសថវិកាតាមរយៈ Page SS Fundraiser ជួយដល់តារាសិល្បៈចាស់ៗ និងទុរគតជនផ្សេងៗ ក៏បានច្រើនផងដែរ ដោយគ្មានការរើសអើង ឬប្រកាន់និន្នាការនិយោបាយឡើយ។
ជាមួយគ្នានេះដែរ តារាចម្រៀងប្រចាំផលិតកម្មអឹម(M)លោក សន វិជ្ជបុត្រ ក៏បានប្រគល់ថវិកាផ្ទាល់ខ្លួនចំនួន១ពាល់ដុល្លារសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ លោកបញ្ជាក់ថា ថវិកានេះបានពីការច្រៀងក្នុងកម្មវិធីប្រគុំតន្ត្រីកាលពីថ្មីៗកន្លងមកនេះដែលោកសន្យាថានឹងយកថវិកាទាំងអស់ពីការច្រៀងដើម្បីជាអំណោយសប្បុរសធម៌ជូនមន្ទីរពេទ្យនេះ។ លោកបន្តទៀតថាលោកមិនមានថវិកាជាដុំកំភូនសម្រាប់ជួយសង្គមមែនប៉ុន្តែវាកើតចេញពីទឹកចិត្តអាណិតស្រលាញ់របស់លោកចំពោះក្មេងៗដែលត្រូវការជំនួយជាចាំបាច់។លោកបន្តថា នៅដើមខែមិនាខាងមុខនេះលោកនិងតារាចម្រៀងពីររូបផ្សេងទៀតនឹងចេញដំណើរទៅកាន់ប្រទេសអូស្ត្រាលីដើម្បីច្រៀងរាំរកលុយជួយដលមន្ទីរពេទ្យខាងលើ និងសមកម្មភាពសប្បុរសធម៌មួយចំនួនទៀតផងដែរ។
តំណាងមន្ទីរពេទ្យគន្ធបុប្ផា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់មូនិធិ សប្បុរសជណ ក៏ដូចជាសិល្បករសិល្បការិនីដែលចំណាយពេលវេលា ថវិកា កម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ជួយដល់កិច្ចការសង្គមពិសេសជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលប្រឈមនឹងការខ្វះខាត។
ក្រៅពីកោតសរសើរដល់សិល្បករ តំណាងមន្ទីរពេទ្យក៏បង្ហាញពីក្តីរំភើបចំពោះទឹកចិត្តដ៏សប្បុរស ក្តីអាណិតស្រលាញ់របស់សប្បុរសជននានាពិសេសប្រជាពលរដ្ឋខ្មែរដែលបានបង្ហាញពីការផុសផុលក្នុងសកម្មភាពមនុស្សធម៌ជួយដល់មន្ទីរពេទ្យ៕