ក្រសួង​ហាម​ចាក់ផ្សាយ​ចម្រៀង​បទ​”​ស្អាត​ជានិច្ច​”​ដែល​តារា ពេជ្រ សោភា ចម្លង​ស្នាដៃនិពន្ធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2016 ក+ ក-

​ដោយ៖ រដ្ឋ​ វរិន្ទ

ភ្នំ​ពេ​ញ៖​ចម្រៀង​អប់រំ​កុមារ​ពី​ជំនាន់​មុន​មួយ​បទ​ដែល​តារា​ស្រី​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​នាង ពេជ្រ សោភា បាន​ចម្លង​យកមក​ប្តូរ​ទំនុក​ខុសពី​ខ្លឹមសារ​ដើម ត្រូវបាន​ក្រសួង​ព័ត៌មាន​ប្រកា​សបិទ​មិន​ឲ្យ​ចាក់ផ្សាយ ដោយហេតុ​ផល​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កុមារ និង​ជា​ការលួចចម្លង​ស្នាដៃ​ដែល​អ្នកនិពន្ធ​ដើម​នៃ​បទ​នេះ​កំពុងនៅ​រស់រានមានជីវិត និង​មាន​តួនាទី​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន​។​

សេចក្តីជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​កំហិត​ឲ្យ​ម្ចាស់​ស្ថានីយ៍ទូរទស្សន៍ និង​វិទ្យុ​ទាំងអស់​បញ្ឈប់​ការចាក់ផ្សាយ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​”​ស្អាត​ជានិច្ច​” របស់​ផលិតកម្ម​ហង្ស​មាស ដោយ​ក្រសួង​ចាត់ទុកថា ខ្លឹមសារ​ដែល​និពន្ធ​ថ្មី​នេះ​ប្រាសចាក​ពី​អត្ថន័យ​ដើម​ដែល​បាន​អប់រំ​បណ្តុះ​គំនិត​ប្រាជ្ញា​ស្មារតី​ឲ្យ​កុមារ​ឧស្សាហ៍​ព្យាយាម រស់នៅ​ស្អាត មាន​អនាម័យ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ។​បទ​ចម្រៀង​ថ្មី​ទាំង​អត្ថន័យ​ខឹ្ល​ម​សារ រ៉េ​ប បង្ហាញ​ពី​អត្ត​ច​រិ​ករ​បស់​កុមារ​ខ្ជិលច្រអូស​ម្នាក់ រៀន​នៅ​បឋមសិក្សា​ធ្វើ​ពុត​ជា​ឈឺក្បាល វិលមុខ និង​ក្តៅខ្លួន​សុំ​អ្នកគ្រូ​ទៅផ្ទះ​គេច​សាលា​ដើរលេង ហើយ​សិស្ស​មាន​អាកប្ប​កិរ​យា​មិន​សមរម្យ​លេង​ឈូស​ស្បែកជើង​។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ញ្ជា​ក់​ប្រាប់​អ្នកកាសែត​ថា ខ្លឹមសារ​នៃ​បទ​ចម្រៀង​ថ្មី​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ពាល់​ស្មារតី​ក្មេងៗ និង​ផ្ទុយ​ពី​ខ្លឹមសារ​ម្ចាស់​ដើម​ដែលជា​ការរំលោភ​សិទ្ធិ កម្មសិទ្ធិបញ្ញា ព្រោះ​អ្នកនិពន្ធ​បទ​”​ស្អាត​ជានិច្ច​” កំពុង​រស់រានមានជីវិត​នៅឡើយ​ហើយ​មាន​ឋានៈ​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន​។​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា បទ​ចម្រៀង​ថ្មី​”​ជះឥទ្ធិពល​មិនល្អ​ដល់​កុមារ​ទូទៅ​”​។​

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា “​បើ​និយាយ​ពី​កម្មសិទ្ធិបញ្ញា​ក៏​ខុស ហើយ​ទី​ពីរ​តែង​បទ​ផ្សេង​មិន​បានទេ​អី ? ទុក​បទ​ហ្នឹង​ឲ្យ​ក្មេង​ខ្លះទៅ​។ ឥឡូវ ​ចាស់​ទៅ​ដណ្តើម​បទ​ក្មេង​ទៅទៀត​។ អា​រឿង​ពាក់ Hip Hop យើង​មិន​ថា​ទេ តែង​បទ​ឲ្យ​វា​ញាក់​តាម​ហ្នឹង​។ ក្មេង​តែ​ដល់​អាយុ​ធំ វា​ចេះ​ញាក់​ខ្លួន​វា​ហើយ ប៉ុន្តែ​អាបទ​”​ស្អាត​ជានិច្ច​”​ហ្នឹង​វា​ជា​លក្ខណៈ​សម្គាល់​មួយ​នៅ​ឆ្នាំ​៨០”​។​

​អ្នក​ច្រៀង​វ័យ​ជ្រេក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​នាង ពេជ្រ សោភា បានប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា អ្នកនាង​ជា​អ្នកនិពន្ធ និង​បង្ហាញ​គំនិត​នៃ​ការសម្តែង​បទ​ចម្រៀង​មួយ​នេះ​។ នាង​បន្តថា នាង​មិន​ជំទាស់​អ្វី​នឹង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​នោះទេ តែ​ថា​បទ​ចម្រៀង​នេះ​គ្រាន់តែ​ចង់​រំឭក​ពី​ជីវិត​នៅ​ក្មេង​ដើរលេង​ឈូស​ស្បែកជើង​ប៉ុណ្ណោះ គ្មាន​បំណង​ធ្វើ​ប៉ះពាល់​ដល់​កុមារ​នោះទេ​។ អ្នកនាង​មានប្រសាសន៍ថា អ្នកនាង​នឹង​ប្រយ័ត្នប្រយែង​ចំពោះ ការនិពន្ធ និង​ដឹកនាំ​សម្តែង​នៅពេល​ក្រោយ​ទៀត​។​

គួររំឭកថា នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ក្រសួង​ព័ត៌មាន​បាន​ចាត់វិធានការ​បិទ​បទ​ចម្រៀង​របស់​ផលិតកម្ម​ក្នុងស្រុក គឺ​បទ​សឹក​ហួស​ព្រោះ​ស្នេហា បទ ឱ​ភ្នំពេញ​អើយ និង​បទ ស្អាត​ជានិច្ច នេះ​។ កន្លងមក ការលួចចម្លង​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​ដោយ​ផលិតកម្ម​ក្នុងស្រុក​មួយចំនួន​បានធ្វើ​ឡើងជា​បន្តបន្ទាប់​គឺ​ចម្លង​ទាំង​ក្នុងស្រុក និង​បរទេស​បើទោះបីជា​មានការ​រិះគន់​ពី​មហាជន​យ៉ាងណាក៏ដោយ ហើយ​តារា​ល្បីៗ​ខ្លះ​ក៏​គេ​ឃើញ​លើកយក​បទ​ពី​ជំនាន់​មុន​មក​ច្រៀង​ដោយ​ប្តូរ​ទំនុក និង​សម្រួល​បន្ថែមបន្ថយ​សាច់ភ្លេង​បន្តិចបន្តួច​ប៉ុណ្ណោះ​ ប្រយោជន៍ដើម្បីបង្កើននូវ ប្រជាប្រីយ៍ភាពរបស់ខ្លួន៕

1aba1