ជីក​​រ៉ែ​អត់​ច្បាប់ហើយ បង្ហូរកាកសំណល់ ​គីមី​ចូល​ទឹកអូរ​ក្នុងភូមិ​អ្នកស្រុក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2016 ក+ ក-

​ដោយ​៖ ប៉ែន សុផល​

បាត់ដំបង​÷​ក្រុមហ៊ុន​ជីក​កកាយ​រុករករ៉ែ​យ៉ាង​អនាធិបតេយ្យ​ដែល​គេ​ដឹងថា គ្មាន​ច្បាប់ទម្លាប់​មួយកន្លែង​ស្ថិតក្នុង​ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​រក​រ៉ែ​ក្រោម​ដី​យ៉ាង​គគ្រឹកគគ្រេង​មិនតែប៉ុណ្ណោះ បាន​បង្ហូរ​នូវ​កាកសំណល់​សារធាតុ​គីមី​ចូលទៅក្នុង​អូរ​ទឹក​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នោះ​យ៉ាងធ្ងន់ធ្ងរ​។​

​ពាក់ព័ន្ធ​ទៅនឹង​ករណី​ខាងលើនេះ​ត្រូវបាន​បុគ្គលិក កម្មករ និង​ថៅកែ​ជនជាតិ​ចិន បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ថា​:​ក្រុមហ៊ុន​កំពុង​រត់​ច្បាប់​ហើយ​សកម្មភាព​ជីក​រុករក​រ៉ែ​នា ពេលនេះ​គឺ​ក្រុមហ៊ុន​គ្រាន់តែ​សាកល្បង​ធ្វើ​តែប៉ុណ្ណោះ​។​

​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបាត់ដំបង​បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​ព្រឹក​មិញ​នេះ​ថា​៖​រឿង​នឹង​លោក​បាន​ប្រគល់អោយ​អាជ្ញាធរ​ស្រុក​ជា​អ្នកមើល​ខុសត្រូវ​ព្រោះ​ស្រុក​នៅ​ជិត និង​មាន​កម្លាំង​គ្រប់គ្រាន់​ហើយ​បើ​ក្រុមហ៊ុន​នៅតែ​រឹង​រុះ​ធ្វើ​បំពាន​គ្មាន​ច្បាប់​ទំលាប់​ទៀត​លោក​នឹងដាក់​ពាក្យ បណ្តឹង​ចូលទៅ​ខាង​តុលាការ​។​

ពាក់ព័ន្ធ​បញ្ហា​នេះ​លោក សួន គឿន អភិបាលស្រុក​ភ្នំព្រឹក បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​: លោក​ដឹង​តែ​ក្រុមហ៊ុន​ភូ​យ៉ាង និង​ប្រជាពលរដ្ឋ​ប្រ​ម៉ាណ​ជាង​១០​គ្រួសារ​ដែល​កំពុង​ជីក​កកាយ​រក​រ៉ែ​នៅ​ចំណុច​ខាងលើ ព្រោះ​គេ​មានច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​។ ចំណែក​ថា​មាន​ក្រុមហ៊ុន​ថ្មី​ដែល​កំពុង​ជីក​កកាយ​នៅ​ចំណុច​ខាងលើ​នោះដែរ លោក​មិន​បានដឹង​ទេ​។​លោក​ថា លោក​នឹង ចាត់តាំង​អោយ លោក ហែម ស៊ី​ណាក់ ជា​អភិបាលរង​ស្រុក ដឹកនាំ​កម្លាំង​ចុះទៅ​មើល​ព្រឹក​ថ្ងៃទី​៧ ខែមីនា នេះហើយ​។​

គួរ​កត់សម្គាល់ថា ភាពអនាធិបតេយ្យ​ជាច្រើន​នៅ​ខេត្តបាត់ដំបង​បាន​កើតឡើង​ក្រោមលេស​ដែល​មិន​សម​ហេតុផល​ហើយ​មិន​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ចាត់វិធានការ​ឡើយ មិនតែប៉ុណ្ណោះ​រឹតតែ​ខំ​បិទបាំង​និង​ធ្វើ របាយការណ៍​ភូត​ថ្នាក់លើ​ដើម្បី​បំភាន់​ពី​អំពើពុករលួយ​របស់ខ្លួន ដូចជា​ភាពអនាធិបតេយ្យ​នៃ​ការ ជីកដី​លក់​ជាដើម ហើយ​លើក​នេះ​នៅ​ស្រុក​ភ្នំព្រឹក គេ​ឃុបឃិត​គ្នា​ឲ្យ​មានការ​ជីក​រ៉ែ​ធម្មជាតិ​តាម​អំពើ​ចិត្ត លុះ​ត្រូវបាន​សាកសួរ​ដោយ​អ្នកកាសែត ផ្នែក​ជំនាញ និង​អាជ្ញាធរ​បាន​ឆ្លើយ​ដាក់​ដូច​សម្ល​កំពឹស​៕

1aas11aas31aas2