ប៉េកាំង៖ការនាំចេញផលិតផលរបស់ចិន បានធ្លាក់ចុះប្រមាណជា ២៥ % ក្នុងខែកុម្ភៈ កន្លងទៅនេះ។ ការធ្លាក់ចុះនេះ គឺមានទំហំធំលើសពីការស្មានទុក របស់អ្នកជំនាញផ្នែកសេដ្ឋកិច្ច ហើយនេះគឺជា សញ្ញាអវិជ្ជមាន ដ៏គួរឲ្យកត់សំគាល់ថ្មីមួយទៀត សម្រាប់សេដ្ឋកិច្ចចិន ដែលកំពុងមានភាពរង្គោះរង្គើរ រួចស្រេចទៅហើយ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលចិនចេញផ្សាយកាលពីម្រិលមិញ។
គិតត្រឹមមកដល់ចុងខែកុម្ភៈកន្លងទៅថ្មីៗនេះ ការនាំចេញផលិតផលក្នុងស្រុករបស់ចិន បានដាំក្បាលចុះរហូតដល់ទៅប្រមាណជា ២៥ %។ ចំណែកឯការនាំចូលវិញ ក៏ទទួលរងការថយចុះជាង១៣ % ផងដែរ នេះបើយោងតាមតួលេខរបស់ ការិយាល័យគយចិន។ ផ្អែកតាមក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច ការស្រុតចុះនេះ គឺមានទំហំធំទ្វេដង លើសពីការព្រាងទុករបស់ពួកគេ។ គិតជាទឹកប្រាក់សរុប តម្លៃពាណិជ្ជកម្មចិន បានថយចុះប្រមាណជា ៣២ ពាន់លានដុល្លារអាមេរិក ក្នុងខែកុម្ភៈ ទល់នឹង ៦៣ ពាន់លានដុល្លារអាមេរិក កាលពីខែមករា ឆ្នាំ២០១៦ ដដែលនេះ៕