ខេត្តពោធិ៍សាត់៖គូស្នេហ៍ជនជាតិខ្មែរឥស្លាមក្មេងខ្ចីមួយគូបានផឹកថ្នាំពុលសម្លាប់ខ្លួនទាំងពីរនាក់ ក្នុងវិហារឥស្លាមមួយកន្លែងដោយមិនដឹងពីមូលហេតុច្បាស់លាស់។ ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២១០៦ ស្ថិតក្នុងភូមិទួលទទឹង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
អធិការនគរបាលស្រុកកណ្ដៀង លោកវរសេនីយ៍ត្រី លីវ សេងហ៊ីម បានប្រាប់ឲ្យដឹងថា តួឯកប្រុសឈ្មោះ សុះ សល់លី អាយុ ២០ឆ្នាំ រស់នៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ចំណែកតួឯកស្រីឈ្មោះ ស្មាន តីណូ អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានបានឲ្យដឹងថា ពួកគេបានរឹតចំណងស្នេហ៍ ជាមួយគ្នាជាច្រើនខែមកហើយ និងមិនដឹងថា គេធ្លាប់ជួបមុខគ្នាផ្ទាល់ដែរឬអត់ ឬមួយក៏មានឧបសគ្គ ឪពុកម្ដាយខាងណារារាំងនោះទេ។ លោកបញ្ជាក់ថា ផ្ទះរបស់គូរស្នេហ៍ទាំងពីរមានឃុំនៅជាប់គ្នា ប៉ុន្តែម្ខាងស្រុកកណ្ដៀង ម្ខាងស្រុកក្រគរ អ្នកទាំងពីរនាក់ ស្គាល់គ្នាតាមរយៈទូរស័ព្ទ ហើយក៏មានទំនាក់ទំនងស្នេហា ផ្អែមល្ហែមជាមួយគ្នារហូតមក។ នៅយប់ថ្ងៃទី០៩តួប្រុសបានស្កាត់មក ជួបតួស្រីនៅវិហារឥស្លាម ដោយមិនដឹងថា គេបបួលគ្នាស្បថស្បែ ឬមួយក៏គេសារសងភាសាស្នេហា ដោយរបៀបណានោះទេ លុះព្រឹកឡើងថ្ងៃទី១០ម៉ោង០៦ និង៣០នាទីព្រឹក អ្នកស្រុកដើរទៅវិហារ ឃើញដេកស្លាប់ទាំងពីរនាក់ ក៏មានការភ្ញាក់ផ្អើលតែម្ដង៕