ដោយ ៖ រតនៈ
ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញា អ៊ឹម ដាលីស បានរៀបចំពិធីខួបកំណើតគម្រប់អាយុ២៣ឆ្នាំក្រោមវត្តមានអ្នកសិល្បៈជាង១០០នាក់បានចូលរួម។ គេចាប់អារាម្មណ៍ខ្លាំងគឺតារាស្រីរូបនេះបានបង្ហាញពីភាពហ៊ឺហាជាមួយនឹងរថយន្តម៉ាក Prius ពណ៌ក្រហមថ្មីស្រឡាងមួយ គ្រឿង។ មានការលើកឡើងថារយន្តថ្មីដែលនាងកំពុងជិះគឺជាកាដូគូស្នេហ៍ដែលទើបនឹងទិញឲ្យមុនពេលខួបកំណើតមកដល់ ប៉ុន្តែគេនៅមិនទាន់ស្គាល់អំពីអត្តសញ្ញាបុរសនោះនៅឡើយទេ។
តារាស្រីរូបនេះបញ្ជាក់ថា នេះគឺជាលើកទី១ដែលនាងរៀបចំពិធីខួបកំណើតដែលកន្លងមកគឺមានតែកម្មវិធីតិចតួចជាលក្ខណៈគ្រួសារប៉ុណ្ណោះ។ ទាក់ទិននឹងកាដូរថយន្តថ្មីតារាស្រីរូបនេះបញ្ជាក់ថា មិនមានបុរសណាម្នាក់ទិញឲ្យនោះទេគឺជាអ្វីដែលនាងខិតខំសន្សំជាយូមកហើយ។ នាងបញ្ជាក់ទាំងអស់សំណើចថា រថយន្តមិនមែនតម្លៃសាប់សិបម៉ឺនដុល្លារនោះទេគឺត្រឹមជាមួយម៉ឺនដុល្លារប៉ុណ្ណោះ។ នាងថា ការរៀបចំពិធីខួបកំណើតនេះក៏គ្មានបុរសណាម្នាក់រៀបចំឲ្យដែរគឺគ្រាន់តែជាកម្មវិធីជួបជុំអ្នកសិល្បៈ ពិសេសគ្រាន់តែចង់សប្បាយកម្សាន្តជាមួយអ្នករួមអាជីបគ្រាដែលការងារសិល្បៈនាងកាន់តែរីកចម្រើន។ នាងបញ្ជាក់ថាមានតែតារាសម្តែង ពិធីករ ក្រុមផលិតករ និងសាច់ញាតិជិតដិតប៉ុណ្ណោះដែលត្រូវបានអញ្ជើញ ហើយក៏គ្មានបុរសជាគូស្នេហ៍ណាមួយចូលរួមដែរ។ តារាស្រីសម្តីផ្អែមរូបនេះបញ្ជាក់ដែរថា បច្ចុប្បន្ននាងនៅមិនទាន់មានគូកំណាន់ចិត្តនៅឡើយទេ ហើយនាងក៏នៅមិនទាន់គិតគូនៅឡើយដែរព្រោះតែចង់យកពេលវេលាឲ្យបានច្រើនគិតលើរឿងរ៉ាវសិល្បៈវិញព្រោះនាងចង់ជោគជ័យរឿងរ៉ាវសិល្បៈច្រើនជាងរឿងស្នេហា។
ទោះជាយ៉ាងណាប្រភពកៀកកិតជិតនាងលើកឡើងថា រថយន្តថ្មីពណ៌ក្រហមដែលនាងទើបជិះបង្អូតអ្នករួមអាជីពគឺបានមកពីការជួយជ្រោមជ្រែងពីគូស្នេហ៍ជាក់ជាមិនខានហើយការបដិសេធនេះអាចជាការបិទបាំងខណៈស្នេហានាងមិនទាន់បើកចំហ៕